ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ដោន​ថោន​ខាប់​លើក​ទី​2​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ដោន​ថោន​ខាប់​ លើក​ទី​២​ នឹង​ចាប់​ផ្តើម​នា​ល្ងាច​ថ្ងៃ​ទី​៣១​ មីនា​ នៅ​ទីលាន​បាល់​ទាត់​ដោន​ថោន​ស្ព័ត​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ បន្ទាប់​ពី​ធ្វើ​ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ មីនា​ កន្លង​មក​នេះ​ ។​

ចំពោះ​ការ​ប្រកួត​នេះ​ គឺ​ធ្វើ​តាម​រូប​មន្ត​វិល​ជុំ​ ដោយ​ក្នុង​១ពូល​ (A និង​ B) គឺ​យក​តែ​៤​ក្រុម​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទៅ​ប្រកួត​ខ្វែង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ដោន​ថោន​ខាប់​ លើក​ទី​២​ នឹង​ចាប់​ផ្តើម​នា​ល្ងាច​ថ្ងៃ​ទី​៣១​ មីនា​ នៅ​ទីលាន​បាល់​ទាត់​ដោន​ថោន​ស្ព័ត​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ បន្ទាប់​ពី​ធ្វើ​ការ​ចាប់​ឆ្នោត​បែង​ចែក​ពូល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩​ មីនា​ កន្លង​មក​នេះ​ ។​

ចំពោះ​ការ​ប្រកួត​នេះ​ គឺ​ធ្វើ​តាម​រូប​មន្ត​វិល​ជុំ​ ដោយ​ក្នុង​១ពូល​ (A និង​ B) គឺ​យក​តែ​៤​ក្រុម​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទៅ​ប្រកួត​ខ្វែង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ។​ ក្រុម​នីមួយៗ​មាន​គ្នា​៧​នាក់​ ហើយ​ក្នុង​១​តង់​ គឺ​មាន​រយៈ​ពេល​៣៥​នាទី​ ។​

សម្រាប់​ពូល​ A មាន​ ក្រុម​ Lion FC, Echo FC, LD panda, Garada FC, Ant United, DP FC. PP Macao FC, White Shark FC, Karavan Angkor Tours និង​ SIS FC ។​ ពូល​ B មាន​ក្រុម​ VFC, Killer Team FC, L A Friendly Team, SSPL FC, Best Friend FC, ស្ពៃ​ខៀវ​ FC, Soriya FC, Cavs, ត្រពាំង​ល្វា​ និង​ក្រុម​ Domrey FC ។​

លោក​ ហ៊ល សុភ័ក្រ​ ដែល​ជា​នាយក​គ្រប់​គ្រង​ទីលាន​បាល់​ទាត់​នេះ​ឱ្យ​ដឹង​ថា​ ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ គឺ​ចង់​ផ្សព្វ​ផ្សាយ​ពី​ការ​បើក​ដំណើរ​ការ​ទីលាន​ថ្មី​ ដើម្បី​ឱ្យ​អ្នក​ដែល​តែង​តែ​គាំទ្រ​ទីលាន​បាល់​ទាត់​របស់​លោក​ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​ទីលាន​ប្រកួត​ ។​ លោក​បន្ត​ថា​ ចំពោះ​ច្បាប់​នៃ​ការ​ប្រកួត​គឺ​គោរព​តាម​ Fair Play ដែល​មាន​ចែង​ដោយ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ FIFA ។​ ការ​ប្រកួត​ទោះ​ចាញ់​ ឬ​ឈ្នះ​ កីឡា​ករ​ត្រូវ​តែ​មាន​ភាព​ថ្លៃ​ថ្នូរ​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​ គ្រប់​ក្រុម​ត្រូវ​គោរព​គូ​ប្រកួត​ មិត្ត​រួម​ក្រុម​ អាជ្ញា​កណ្តាល​ មន្ត្រី​គណៈ​កម្ម​ការ​ និង​ទស្សនិក​ជន​ ។​ ជាពិសេស​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ ត្រូវ​ចៀស​ឱ្យ​ផុត​ពី​អំពើ​ពុក​រលួយ​ ការ​សេព​គ្រឿង​ញៀន​ ការ​ប្រកាន់​ជាតិ​សាសន៍​ អំពើ​ហិង្សា​ និង​ប្រការ​គ្រោះ​ថ្នាក់​ផ្សេងៗ​ចំពោះ​កីឡា​ ។​

លោក​ ហ៊ល​ សុភ័ក្រ​ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្រៅ​ពី​ការ​ប្រកួត​នេះ​ លោក​ក៏​មាន​គោល​បំណង​បង្កើត​ព្រឹត្តិ​ការណ៍​ប្រកួត​ដណ្តើម​ពាន​រង្វាន់​លីក​ ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​ផង​ដែរ​ ដោយ​យើង​ត្រូវ​ការ​ក្រុម​ដែល​មាន​សមត្ថ​ភាព​ខ្លាំង​ពូកែ​យ៉ាង​តិច​១០​ក្រុម​ ។​

សូម​បញ្ជាក់​ថា​ ព្រឹត្តិ​ការណ៍​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ដោន​ថោន​ខាប់​នេះ​ ធ្លាប់​បាន​ធ្វើ​រួច​ម្តង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៣​ ដោយ​ចំណាត់​ថ្នាក់​លេខ​១​ បាន​ទៅ​ក្រុម​ Khmer Hart និង​ជើង​ឯក​រង​បាន​ទៅ​ក្រុម​ឪម៉ាល់​ ។​ តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ មិន​មាន​វត្ត​មាន​ក្រុម​២​នេះ​ចូល​រួម​នោះ​ទេ​ ដោយ​សារ​តែ​កីឡា​ករ​ក្នុង​ក្រុម​សុទ្ធ​តែ​ជា​កីឡា​ករ​អាជីព​ស្ទើរ​តែ​ទាំង​អស់​ ខុស​ពី​អ្វី​ដែល​ការ​ប្រកួត​នេះ​ត្រូវ​ការ​ជ្រើស​យក​តែ​កីឡា​ករ​ដែល​មិន​អាជីព​ចូល​រួម​ ។​

ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​ជ័យ​លាភី​ដែល​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​១​ ទទួល​បាន​ពាន​១​ អម​ដោយ​ទឹក​ប្រាក់​ចំនួន​២លាន​រៀល​ ចំណាត់​ថ្នាក់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់​១លាន​រៀល​ និង​ចំណាត់​ថ្នាក់​លេខ​៣​ ទទួល​បាន​ទឹក​ប្រាក់​៥០​ម៉ឺន​រៀល​ ។​ ទាំង​៣​ចំណាត់​ថ្នាក់​នេះ​ នឹង​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​ XL ផង​ដែរ​ ៕​