រាជធានីភ្នំពេញ ៖ ជំនួប៤ប្រកួតលើទីលានបាល់ទាត់ចំនួន២ កាលពីរសៀលថ្ងៃសៅរ៍ ទី២៩ មីនា នៃពានរង្វាន់បាល់ទាត់ Metfone Cambodian League ជាលទ្ធផលដែលទទួលបាន គឺប្រកៀកប្រកិតគ្នាស្ទើរតែគ្រប់ក្រុមទាំងអស់ ដោយគ្មានក្រុមមួយណាឈ្នះដាច់ឆ្ងាយឡើយ ។
នៅលើទីលានស្តាតចាស់ ការប្រកួតដែលចាប់ផ្តើមតាំងពីម៉ោង១៣និង៣០នាទីនោះ ក្រុមចម្ការកៅស៊ូបឹងកេត ប្រកួតឈ្នះក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ៣ទល់២ ។ ៧ប្រកួតរបស់ក្រុមចម្ការកៅស៊ូបឹងកេត ឈ្នះ៥ប្រកួត និងចាញ់២ប្រកួត មាន១៥ពិន្ទុ ។ ចំណែក៧ប្រកួតរបស់ក្រុមអាស៊ីអឺរ៉ុបវិញនោះឈ្នះ១ប្រកួត ស្មើ៣ប្រកួត ចាញ់៣ប្រកួត មាន៦ពិន្ទុ ។
មួយប្រកួតទៀត ក្រុម Naga corp ប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់១ ។ លទ្ធផលនេះធ្វើឱ្យ៧ប្រកួតរបស់ក្រុម Naga corp ឈ្នះ៥ប្រកួត ស្មើ១ប្រកួត ចាញ់១ប្រកួត មាន១៦ពិន្ទុ ឯ៧ប្រកួតរបស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះ៣ប្រកួត ស្មើ២ប្រកួត ចាញ់២ប្រកួត មាន១១ពិន្ទុ ។
ដោយឡែក នៅលើទីលានពហុកីឡដ្ឋានជាតិឯណោះវិញ ក្រុមបៀលប្រាយយូណាយធីត ប្រកួតឈ្នះក្រុមក្រសួងការពារជាតិ១ទល់០ យ៉ាងលំបាក ។ ៧ប្រកួតរបស់ក្រុមបៀលប្រាយយូណាយធីត ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់៣ប្រកួត មាន៨ពិន្ទុ ឯ៧ប្រកួតរបស់ក្រុមក្រសួងការពារជាតិ ឈ្នះ១ប្រកួត ស្មើ៤ប្រកួត ចាញ់២ប្រកួត ។
មួយប្រកួតទៀត ក្រុម Tri Asia ខេត្តកណ្តាល ដែលមានមហិច្ឆតាចូលលេងលីក ហើយសម្រេចដូចបំណងនោះត្រូវបានក្រុមជើងចាស់ ភ្នំពេញក្រោនបំបាក់ក្នុងលទ្ធផល១ទល់០ ក្នុងការប្រកួតពេញម៉ោង ។ លទ្ធផលនេះធ្វើឱ្យក្រុម Tri Asia ខេត្តកណ្តាល ធ្លាក់មកនៅចំណាត់ថ្នាក់លេខ៤ វិញ ដោយលេងបាន៧ប្រកួត ឈ្នះ៣ប្រកួត ស្មើ១ប្រកួត ចាញ់៣ប្រកួត មាន១០ពិន្ទុ ឯ៧ប្រកួតរបស់ក្រុមភ្នំពេញក្រោនឈ្នះ៥ប្រកួត ស្មើ១ប្រកួត ចាញ់១ប្រកួត មាន១៦ពិន្ទុ ។
សម្រាប់ការប្រកួតបន្តនៅថ្ងៃអាទិត្យ គឺមានតែ២ប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង១៥និង៣០នាទីតទៅ រវាងក្រុមខេត្តស្វាយរៀង ប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ និង១ប្រកួតទៀតក្រុមបាតតារាង Albirex Niigata Phnom Penh ត្រូវជួបប្រកួតជាមួយក្រុម Western University ៕
ចែករំលែកព័តមាននេះ