រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់កាលពីថ្ងៃសុក្រ ទី២៨ មីនា នៅលើរេញទូរទស្សន៍បាយ័នស្ទឹងមានជ័យ កីឡាករកន ចន្ថា និងកីឡាករហុឹម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិដូចគ្នា បានយកឈ្នះគូប្រកួតរបស់ខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើល ។ ជ័យជម្នះរបស់ពួកគេត្រូវគេមើលឃើញថា ទទួលបានទាំងពីរនាក់តែម្តងសម្រាប់ក្លិបដែលពួកគេជ្រកកោនរួមគ្នា ។
ក្នុងការប្រកួតគូទី៤ ឬហៅថាគូរងឯក កីឡាករចាន់ ប៊ុនសែត មកពីក្លិបនិរោធមានជ័យ បានធ្វើឱ្យអ្នកទស្សនា និងកីឡាករកន ចន្ថា ផ្ទាល់មានការបុកពោះយ៉ាងខ្លាំងជាមួយនឹងស្នៀតប្រដាល់ជាច្រើនក្បាច់ដែលគេសម្រេចឡើងនៅដើមទី ។ ទាំងដៃទាំងជើង គេមិនទុកមុខឱ្យកីឡាករបង្គោលខៀវ កន ចន្ថា នោះទេ ដោយបានទាំងវាយលុកឆ្វេងស្តាំធ្វើឱ្យកីឡាកររូបនេះផ្ងារជើងម្តងៗ បង្កឱ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវផងដែរ ។ ប៉ុន្តែនៅទឹកទី៣ ជ័យជម្នះដែលកីឡាករចាន់ ប៊ុនសែត សម្រេចបានត្រូវគេឃើញរបូតចេញម្តងបន្តិចៗ ហើយភាពចាញ់ប្រៀបបែរជាធ្លាក់ទៅក្នុងដៃរបស់គេទៅវិញ ។ កីឡាករកន ចន្ថា ដែលត្រូវគេឃើញពិបាកទប់ក្នុងពេលដំបូងបានក្លាយជាអ្នកវាយសន្ធាប់បានយ៉ាងល្អរុញឱ្យអ្នកគាំទ្ររបស់កីឡាករបង្គោលក្រហម ចាន់ ប៊ុនសែត អស់សង្ឃឹម ។ លទ្ធផលចុះខ្សោយដែលកាន់តែលេចឡើងយ៉ាងច្បាស់នោះ គឺបន្ទាប់ពីកីឡាករកន ចន្ថា បានវាយបំបែកផ្ទៃមុខ ចាន់ ប៊ុនសែត រយះដេរប្រាំថ្នេរ ។ មិនតែប៉ុណ្ណោះ កីឡាករកន ចន្ថា ថែមទាំងវាយបំបុក ចាន់ ប៊ុនសែត ឱ្យចាញ់សន្លប់នៅពាក់កណ្តាលទឹកទី៤ ដោយគ្មានមុខតវ៉ាទៀតផង ។ លទ្ធផលគូនេះបានធ្វើឱ្យអ្នកគាំទ្រ កន ចន្ថា អបអរសាទរ ពិសេសក្រុមកីឡាករដែលចង់ឃើញកីឡាករខ្លាំងៗមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដូចលោកទទួលជ័យជម្នះ ។
ឈានដល់គូឯក កីឡាករហុឹម សារ៉ាន់ ក៏បានយកឈ្នះកីឡាករចៅ ផលឌឿ មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ដូចគ្នានឹងមិត្តរួមក្លិប កន ចន្ថា ដែរ ។ រវាងកីឡាករទាំងពីរនេះហាក់មិនសូវមានការចុះញ៉ម ធ្វើឱ្យគេមើលមិនដឹងថា អ្នកណាមានប្រៀបជាងអ្នកណានៅឡើយក្នុងអំឡុង៣ទឹកដំបូង ។ នៅទឹកទី៤ ទើបគេឃើញកីឡាករហុឹម សារ៉ាន់ លូតសន្ទុះនាំមុខបន្តិច បន្ទាប់ពីកីឡាករចៅ ផលឌឿ ចាប់ផ្តើមចុះខ្សោយកម្លាំងស៊ុហ្វ ។ នៅទឹកទី៥ សន្ទុះនាំមុខកាន់តែធ្លាក់ចូលដៃកីឡាករហុឹម សារ៉ាន់ អុីចឹងហើយទើបជ័យជម្នះនៅវគ្គចុងក្រោយបានធ្លាក់ចូលដៃកីឡាកររូបនេះដោយមិនបាច់វិនិច្ឆ័យច្រើន ។ បើទោះជា ហុឹម សារ៉ាន់ បង្គោលក្រហមបានត្រឹមឈ្នះពិន្ទុ ហើយអាចនិយាយបានថាឈ្នះដោយវេទនា ផ្ទុយពីជ័យជម្នះរបស់កីឡាករកន ចន្ថា ក៏មានន័យថា កីឡាករទាំង២មកពីក្លិបតែមួយទទួលបានជោគជ័យដូចគ្នាគួរឱ្យស្ងើចសរសើរផងដែរ ។
នៅលើរេញដដែល កីឡាករកន កៀង មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគិរី ផ្តួលកីឡាករជា វិរៈបុត្រ ឱ្យសន្លប់ក្នុងទឹកទី៣ ។ កីឡាការិនីអេ យ៉ានុត មកពីក្លិបអេភូថងកីឡា យកឈ្នះកីឡាការិនី វី ស្រីឆាយ មកពីក្លិបនាគមានជ័យដោយពិន្ទុ និងកីឡាករវីវ៉ា សាមីត មកពីក្លិបមហិទ្ធិឫទ្ធិតាដំបងដែក ឈ្នះកីឡាករសឹុម សំ មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយពិន្ទុ ។ ដោយឡែក នៅសង្វៀនដដែលកាលពីថ្ងៃសៅរ៍ ទី២៩ មីនាវិញ កីឡាករចាន់ ស៊ីណាត មកពីក្លិបនិរោធមានជ័យ ឈ្នះកីឡាករគួន ប៊ុនហុីម មកពីក្លិបពន្លឺខេត្តបាត់ដំបងដោយពិន្ទុ និងកីឡាករភុន សោភ័ណ្ឌ មកពីក្លិបយុវកីឡាខេត្តកណ្តាល ផ្តួលកីឡាករថៃ ប៊ុនហាន មកពីក្លិបបូរីនាគរាជឱ្យសន្លប់ក្នុងទឹកទី៣ ៕
ចែករំលែកព័តមាននេះ