រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ មីនា ២០១៤ លោកកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោកជំទាវ ជំ សាមីន ជាភរិយា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងកម្មវិធីជិះកង់ ដើម្បីស្នាមញញឹម ដែលរៀបចំឡើងដោយមូលនិធិ Operation smile ក្រោមប្រធានបទជិះកង់ ដើម្បីស្នាមញញឹម និងសុខភាព ។ គោលបំណងសំខាន់នៃកម្មវិធីជិះកង់នេះ ដើម្បីរួមចំណែកលើកកម្ពស់សកម្មភាពមនុស្សធម៌ ជួយដល់អ្នកជំងឺឆែបមាត់ និងបំផុសចលនាឲ្យប្រជាពលរដ្ឋមានការហាត់ប្រាណ ជួយដល់សុខភាព និងដើម្បីបានទទួលស្នាមញញឹមជាថ្មី ។
មូលនិធិ និងអង្គការ Operation smile អង្គការមនុស្សធម៌មួយជួយវះកាត់ដល់កុមារឆែបមាត់ ឆែបក្រូមបានយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានទីតាំង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ហើយកម្មវិធីជិះកង់នេះ ក្រោមវត្តមានចូលរួមពីលោកកែប ជុតិមា ដោយមានការចូលរួមពីសមាជិក សមាជិការ និងបុគ្គលិករបស់មូលនិធិ និងអង្គការ Operation smile ព្រមទាំងមានជនពិការផងដែរ ដែលសរុបអ្នកចូលរួមប្រមាណ៥០០នាក់ ឬ៥០០កង់ ។
កម្មវិធីជិះកង់នេះ បានជួបជុំគ្នានៅវេលាម៉ោង៧និង៣០នាទីព្រឹក នៅក្នុងបរិវេណទីក្រុងទំនើបកោះពេជ្រ ហើយម៉ោង៨ចាប់ផ្តើមចេញពីកោះពេជ្រ ចេញតាមមាត់ទន្លេមុខវាំងរួចថតរូបនៅទីនោះប ន្តិចរួចបន្តទៅវត្តភ្នំ រួចចេញទៅតាមមហាវិថីព្រះនរោត្តមកាត់ភ្លើងស្តុបចំការមន រួចបត់ទៅតាមមហាវិថីម៉ៅសេទុង រួចបត់ឡើងទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតតែម្តង ។
នៅក្នុងឱកាសនោះ លោកកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោកជំទាវ ជំ សាមីន ជាភរិយា ព្រមទាំងក្រុមគ្រួសារបានឩបត្ថមថវិកាចំនួន១ពាន់ដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិ និងអង្គការ Operation smile ផងដែរ ។
ចែករំលែកព័តមាននេះ