ខេត្តកំពង់ឆ្នាំង ៖ ឈើរអារគ្រឿងផ្ទះចំនួន៧ម៉ែត្រគូបត្រូវសមត្ថកិច្ចចម្រុះចាប់ឃាត់ និងដកហូតទាំងចម្រូងចម្រាស ព្រោះម្តងចាប់ហើយលែងវិញ ក្រោយមកចាប់ទៀត។ ការចាប់ដកហូត និងធ្វើកំណត់ហេតុនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ មីនា ២០១៤ នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង បន្ទាប់ពីឈើនេះបានដោះលែងកាលពីយប់ថ្ងៃទី២៨ មីនា ២០១៤ ម្តងហើយនោះ។
លោកនាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះដែលមានផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកប្រធានការិយាល័យទី២យោធភូមិភាគពិសេសប្រចាំទិសកំពង់ឆ្នាំង នគរបាលមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកងអនុសេនាធំឯករាជ្យខេត្ត។
ប្រភពដដែលបានរៀបរាប់ពីដំណើររឿងឈើជាង៧ម៉ែត្រគូបនេះថា មុនពេលបង្ក្រាបនៅម៉ោង១១យប់ ថ្ងៃទី២៨ មីនា ២០១៤ លោកផៅ ស្រៀង អភិបាលរងស្រុកកំពង់លែងបានឱ្យមន្ត្រីកងអនុសេនាធំឯករាជ្យខេត្តប្រចាំស្រុកឃាត់រថយន្តកែច្នៃ១គ្រឿងដឹកឈើអារទាំងនេះដែលម្ចាស់ដេប៉ូឈ្មោះស៊ូ ឆិ អាយុ៤២ឆ្នាំ រស់នៅភូមិធ្លក ឃុំច្រណូកដឹកយកមកលក់ឱ្យឈ្មោះអៀង ធី អាយុ៣៨ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះចែវ ស អាយុ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រលង មានតម្លៃ១៤៥ម៉ឺនរៀលក្នុង១ម៉ែត្រគូបសម្រាប់ធ្វើផ្ទះ។
ពេលចាប់ឃាត់នោះលោកកែវ អុល មន្ត្រីកងអនុសេនាធំឯករាជ្យខេត្តប្រចាំស្រុកដែលជាអ្នកទទួលបញ្ជាពីលោកអភិបាលរងស្រុកនោះបាននិយាយឱ្យដឹងថា ក្រោយពីបានឃាត់រថយន្តកែច្នៃដឹកឈើនេះស្រាប់តែលោកមាន់ អ៊ានលី អភិបាលស្រុកបានអន្តរាគមន៍បញ្ជាឱ្យលោកដោះលែងវិញ អភិបាលស្រុកថា គេចាប់ធ្វើអីឈើនេះ ប្រជាពលរដ្ឋទិញយកមកធ្វើផ្ទះទេ។ ពេលនោះលោកក៏មិនហ៊ានរឹងទទឹងនឹងបញ្ជារបស់លោកអភិបាលស្រុកដែរ ព្រោះគាត់ជាគណៈបញ្ជាការឯកភាពស្រុក ពេលនោះអ្នកបើករថយន្តបានទម្លាក់ឈើនោះឱ្យអ្នកទិញ ហើយបើករថយន្តគេចទៅខេត្តកំពង់ធំវិញបាត់ទៅ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ