ខេត្តកំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ដ៏ទាក់ទាញជាច្រើនកន្លែង ដូចជាដង និងបឹងទន្លេសាប ភ្នំនាងកង្រី ផ្ទះបណ្តែតលើទឹក តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ពិសេសគឺសិប្បកម្មធ្វើស្មូនឆ្នាំង វត្ថុអនុស្សាវរីយ៍របស់អ្នកស្រុកភូមិអណ្តូងឫស្សី ។ ដោយហេតុនេះហើយ ទើបធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលឆ្លងកាត់ខេត្តនេះ មិនអាចហួសរំលងបានឡើយ ។
លោកតូច សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាននិយាយថា ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ចំនួន២៤កន្លែង ក្នុងនោះមាន រមណីយដ្ឋានប្រវត្តិសាស្ត្រ៩កន្លែង, រមណីយដ្ឋានប្រវត្តិសាស្ត្ររៀបចំ៣កន្លែង, រមណីយដ្ឋានធម្មជាតិ៤កន្លែង និងរមណីយដ្ឋានធម្មជាតិរៀបចំ៨កន្លែង ។ ដោយឡែកមានឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តដែលមន្ទីរទេសចរណ៍គ្រប់គ្រងមាន សណ្ឋាគារចំណាត់ថ្នាក់ផ្កាយ២ មាន២កន្លែង, ផ្ទះសំណាក់៦កន្លែង, ភោជនីយដ្ឋាន និងអាហារដ្ឋាន១២កន្លែង, ខារ៉ាអូខេ១កន្លែង និងក្លិបឌីស្កូ១កន្លែង ។ មានកាណូតទេសចរណ៍៦គ្រឿង ម៉ូតូទេសចរណ៍កង់៣ ជាង១០គ្រឿង និងរថយន្តទេសចរណ៍ជាច្រើនគ្រឿងទៀត សម្រាប់បម្រើការក្នុងវិស័យទេសចរណ៍នៅក្នុងខេត្ត ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងទៀតថា តំបន់ដែលភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ជាងគេនោះ គឺកន្លែងសិប្បកម្មធ្វើស្មូនក្អម ឆ្នាំង និងវត្ថុអនុស្សាវរីយ៍នៅភូមិអណ្តូងឫស្សី ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ និងតំបន់ទេសចរណ៍តាមដងទន្លេសាប មានតំបន់ផ្ទះបណ្តែតលើទឹក ការនេសាទត្រីតាមដងទន្លេ ។ល។ តាមរបាយការណ៍បូកសរុបរបស់មន្ទីរទេសចរណ៍ខេត្ត នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ នេះ ភ្ញៀវទេសចរជាតិមកទស្សនាក្នុងខេត្តមានចំនួន១.២៧៧នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៤១០នាក់ សរុបរួមចំនួន១.៦៨៧នាក់ បើប្រៀបធៀបជាមួយខែមករា គឺមានការកើនឡើង ។
ចែករំលែកព័តមាននេះ