ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមយេម៉ែនហ៊ូធីកាលពីថ្ងៃទី១៨កញ្ញា បានគំរាមវាយប្រហារគោលដៅច្រើនសិបនៅអេមីរ៉ាត់អារ៉ាប់រួម ជាប្រទេសមួយស្ថិតក្នុងក្រុមចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលធ្វើអន្តរាគមន៍នៅយេម៉ែនជួយដល់កងទ័ពរដ្ឋាភិបាល។
លោកយ៉ាហ៊ីយ៉ាសារីអ្នកនាំពាក្យរបស់ពួកឧទ្ទាមយេម៉ែន ដែលប្រកាសទទួលខុសត្រូវលើការវាយប្រហារបណ្ដាទីតាំងប្រេងអារ៉ាប៊ីសាអូឌីតថ្លែងថា យើងមានគោលដៅច្រើនសិបកន្លែងនៅអេមីរ៉ាត់អារ៉ាប់រួម ក្នុងនោះរួមមានទីក្រុងអាប៊ូដាប៊ីនិងក្រុងឌូបៃ ហើយគោលដៅទាំងនោះអាចជាគោលដៅវាយប្រហារគ្រប់ពេល។ អ្នកនាំពាក្យយោធារូបនោះបន្តថា ប្រសិនបើអ្នកចង់បានសន្តិភាពនិងសន្តិសុខសម្រាប់បណ្ដាទីតាំងរបស់ពួកអ្នក ហើយពួកអ្នកមិនអាចទប់ទល់បានជាមួយនឹងដ្រូន នោះចូរពួកអ្នកទុកឲ្យយេម៉ែនមានភាពស្ងប់ស្ងាត់។
កាលពីគ្រាកន្លងទៅពួកហ៊ូធីធ្លាប់បានគំរាមអេមីរ៉ាត់អារ៉ាប់រួម ហើយប្រកាសទទួលខុសត្រូវលើការវាយប្រហារនានា ដែលពុំមានការអះអាងពីសំណាក់អាជ្ញាធរប្រទេសនោះ។ អ្នកនាំពាក្យហ៊ូធីរូបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងសាណារដ្ឋធានីយេម៉ែននិយាយទៀតថា យើងសូមប្រាប់ទៅអេមីរ៉ាត់អារ៉ាប់រួមថា ប្រតិបត្តិការតែមួយគត់របស់យើង នោះអ្នកនឹងក៏នឹងរងការបាត់បង់ធ្ងន់ធ្ងរបំផុតដែរ។
អ្នកនឹងមានការសោកស្ដាយប្រសិនបើបណ្ដាមេដឹកនាំអ្នក សម្រេចចេញបញ្ជាឲ្យកងទ័ពខ្លួនឆ្លើយតប ដោយវាយប្រហារពួកហ៊ូធីនាបណ្ដាថ្ងៃឬសប្ដាហ៍ខាងមុខ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ