ខេត្តពោធិ៍សាត់ ៖ ម៉ូតូពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះបណ្ដាលឲ្យអ្នកបើកម៉ូតូទាំងសងខាងស្លាប់ ឯអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ មីនា ឆ្នាំ២០១៤ នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
លោកនាយប៉ុស្តិ៍រដ្ឋបាលថ្មដាឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកវីវ៉ា ព៌ណខ្មៅ បើកដោយឈ្មោះជួន ជ្រន ភេទប្រុស អាយុ២២ឆ្នាំ ជាមន្ត្រីយោធាវរការពារព្រំដែនគោកលេខ១៤៥ ឈរជើងនៅឃុំថ្មដាស្រុកវាលវែង និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកដោយឈ្មោះអ៊ុន ចាន់រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជាមន្ត្រីយោធានៅអង្គភាពជាមួយគ្នាឌុបប្អូនស្រីបង្កើតឈ្មោះអ៊ុន លីកា អាយុ២០ឆ្នាំ ត្រឡប់មកពីហូបការគេ។
លោកបន្តថា ម៉ូតូវីវ៉ាធ្វើដំណើរពីលិចទៅកើត រីឯម៉ូតូហុងដាធ្វើដំណើរពីកើតទៅលិចក្នុងទិសដៅបញ្ច្រាសគ្នា។ ពេលទៅដល់ចំណុចកើតហេតុផ្លូវចុះចំណោតមិនដឹងជាយ៉ាងម៉េចស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងបោកក្បាលនឹងក្បាលឡើងខ្ទាតចេញពីគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូទាំងសងខាងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកប្អូនស្រីដែលរួមដំណើរជាមួយនោះរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្រាតប្រទេសថៃ។
លោកបញ្ជាក់ថា អ្នកបើកម៉ូតូទាំងពីរនាក់សុទ្ធតែស្រវឹងស្រាដូចគ្នាដែលម្នាក់មកពីហូបការគេនិងម្នាក់ទៀតមកពីផឹកស៊ីជាមួយមិត្តភក្កិនៅឃុំថ្មដានោះ។ ម៉ូតូបង្កគ្រោះថ្នាក់ទាំងពីរគ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលថ្មដា ដើម្បីដោះស្រាយទៅតាមនីតិវិធី។
ចែករំលែកព័តមាននេះ