ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​បរទេស​​ទាំង​3​រូប​​បាក់​មុខ​​ដូចគ្នា​​នៅ​លើ​​រេញ​​ SEATV

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បើ​ទោះ​ជា​កីឡាករ​បរ​ទេស​ដែល​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ (SEATV) យក​មក​ប្រកួត​ក្នុង​វគ្គ​បើក​ឆាក​លើក​ដំបូង​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ កាល​ពី​ថ្ងៃទី​២៧​ មីនា​​ម្សិល​ម៉្ងៃ​ គឺ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ក៏​ដោយ​ ក៏​លទ្ធ​ផល​ដែល​កីឡា​ករ​បរ​ទេស​​ទាំង​៣​រូប​ទទួល​បានគឺ​បរា​​ជ័យ​ទាំង​អស់​គ្នា​ ដែល​មិន​ខុស​ពី​ស្ពាយ​ភាព​អាម៉ាស់​ដូចគ្នា​ត្រឡប់​ទៅ​វិញ​នោះ​ទេ​ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បើ​ទោះ​ជា​កីឡាករ​បរ​ទេស​ដែល​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ (SEATV) យក​មក​ប្រកួត​ក្នុង​វគ្គ​បើក​ឆាក​លើក​ដំបូង​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ កាល​ពី​ថ្ងៃទី​២៧​ មីនា​​ម្សិល​ម៉្ងៃ​ គឺ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ក៏​ដោយ​ ក៏​លទ្ធ​ផល​ដែល​កីឡា​ករ​បរ​ទេស​​ទាំង​៣​រូប​ទទួល​បានគឺ​បរា​​ជ័យ​ទាំង​អស់​គ្នា​ ដែល​មិន​ខុស​ពី​ស្ពាយ​ភាព​អាម៉ាស់​ដូចគ្នា​ត្រឡប់​ទៅ​វិញ​នោះ​ទេ​ ។​

នេះ​គឺ​បណ្តាល​មកពី​កីឡា​ករ​កម្ពុជា​ ដែល​ត្រូវគេ​ផ្គូ​ផ្គង​ឱ្យ​ប៉ះ​ជា​មួយ​ គឺ​ជា​ជើង​ខ្លាំង​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ទាំង​ថ្វី​ដៃ​​ និង​បច្ចេក​ទេស ។​ គូ​អន្តរ​ជាតិ​ទី​១​ កីឡាករ​ឈាន​ ហុង មក​ពី​សមា​គម​កីឡាប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ បាន​យក​ឈ្នះ​​កីឡាករ​ថៃ​​ Mekdam Pumphanung ដោយ​វេទនា​បំផុត​ ដោយសារ​តែ​ក្នុង​អំឡុង​​៥​ទឹក​កីឡាករ​ថៃ ក៏​បង្ហាញ​កម្រិត​ប្រកួត​មិន​ព្រម​ចុះ​ញ៉ម ។​ រវាង​គូ​នេះ​ កីឡាករ​កម្ពុជា​ដ្បិត​ថា​មើល​ទៅ​មាន​ប្រៀប​ បុ៉ន្តែ​កីឡាករ​ថៃ​ ក៏​បង្កើន​សន្ទុះ​វាយ​ទប់​ និង​វាយ​បក​ធ្វើ​ឱ្យ​អ្នក​​ទស្សនា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ផងដែរ ។​ គិត​ត្រឹម​ទឹក​ទី​២​ ម្នាក់ៗ​ពិត​ជា​ប៉ាន់​ស្មាន​ថា កីឡាករ​ថៃ​ ​នឹង​ឈ្នះ​១០០%​ ពិសេស​បន្ទាប់​ពី​កីឡាករ​ថៃ​ស្រាប់​តែ​មាន​ឱកាស​ទាត់​ឆ្វេង​ស្តាំ​ និង​វាយ​ដោយ​កណ្តាប់​ដៃ​បាន​ល្អ ។​

អ្នក​គាំទ្រ​កីឡាករ​កម្ពុជា​បុក​ពោះ​មិន​តិច​ទេ​ក្នុង​ពេល​ដែល​កីឡាករ​ឈាន ហុង​ ប្រឹង​ស្ទុះ​ទាំង​ដៃ​ ទាំង​ជើង​​ ក្នុង​ការ​វាយ​លុក​បាន​ល្អ​តាំង​​ពី​ដើម​ទី​​ហើយ​នៅ​តែ​​ធ្វើ​អ្វី​កីឡាករ​ថៃ​មិន​បែក ។​​ បុ៉ន្តែ​ចាប់​ពី​ទឹក​ទី​៣ កីឡាករ​កម្ពុជា​ បែរ​ជា​មាន​ឱកាស​ជាង​មុន​ក្នុង​ការ​វាយ​សង្គ្រុប​ទៅ​លើ​កីឡា​ករ​ថៃ ។​ យ៉ាងណា​ក៏​ដោយ​​ កីឡាករ​ថៃ​ក៏​មិន​មែន​នៅ​ស្ងៀម​ហើយ​ធ្វើ​បាវ​សាក់​ឱ្យ​កីឡាករខ្មែរ​សម្រេច​គោល​ដៅបាន​នោះ​ដែរ​ ដោយ​គេ​បាន​តតាំង និង​វាយ​សង្គ្រុប​ ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ត្រដាប​ត្រដួស​ច្រើន​អន្លើ ។​​ គូ​អន្តរ​ជាតិ​នេះ​ កីឡា​ករ​ថៃ​បាន​ស្ពាយ​កា​រ​បរា​ជ័យ​ដោយ​ពិន្ទុ​ត្រឡប់​ទៅ​វិញ ។​ គូ​អន្តរ​ជាតិ​ទី​២ កីឡាករ​ឡៅ​ ស៊ីណាត​ មក​ពី​ក្លិប​កងទ័ព​ឆត្រ​យោង​៩១១​​ ក៏​ជា​អ្នក​បំបាក់​កីឡាករ​ Andre Teixeira ជន​ជាតិ​ប្រេស៊ីល​ឱ្យ​ចាញ់​យ៉ាង​អាម៉ាស់​​ដូចគ្នា​ផង​ដែរ​ ។ គ្រាន់​តែ​បើក​ឆាក​ប្រយុទ្ធ​ភ្លាម​មិនបាន​ប៉ុន្មាន​នាទី​ផង​ កីឡា​ករ Andre Teixeira បាន​ដួល​សន្លប់​តែម្តង​ក្រោម​ដៃ​កីឡាករ​ឡៅ ស៊ីណាត​ ដែល​បាន​វាយ​ឆ្វេង​ផង​ស្តាំ​ផង​ ត្រូវ​ចំ​ចុង​ដង្ហើម​របស់​កីឡា​ករ​បរ​ទេស ។​

ក្រឡេក​មើល​មួយ​ភ្លែត​ ម្នាក់ៗ​ពិតជាគិត​ថា​ កីឡា​ករ​ប្រេស៊ីល​ជា​កីឡា​ករ​អន់ និងគ្មាន​សមត្ថ​ភាព​ បុ៉ន្តែ​បើ​ពិនិត្យ​ពី​បច្ចេក​ទេស​ និង​លក្ខណៈ​នៃ​ការប្រកួត​​ ទើបគេ​ដឹង​ថា​ នោះ​មក​ពី​កីឡាករ​កម្ពុជា​ ឡៅ ស៊ីណាត​ មាន​សមត្ថ​ភាព​ខ្ពស់​ក្នុង​ការ​វាយ​ចំ​គោល​ដៅ​ ក្នុងពេល​កីឡាករ​ប្រេ​ស៊ីល​​ដែល​រហ័ស​ទាំង​ដៃ​ទាំង​ជើង​ភ្លាត់​ស្នៀត​តែ​បន្តិច។​ កីឡាករ​ប្រេ​ស៊ីល​ប្រកាច់​លើ​រេញ​យ៉ាង​អាម៉ាស់​នៅ​ពាក់​កណ្តាល​ទឹក​ទី​១​ ដោ​យស្ទើរ​តែ​គ្មាន​​អ្នក​ទស្សនា​ណា​ម្នាក់​មើល​ទាន់​ថា គេ​រង​របួស​ចំ​ចំណុច​ណា​ទើប​ធ្លាក់​ក្នុង​សភាព​បែប​នេះ ។​​ ភាព​សន្លប់​របស់​កីឡាករ​​ប្រេ​ស៊ីល​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​កីឡាករ​កម្ពុជា​ទទួល​បាន​នូវ​មោទន​ភាព​​បុ៉ណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ជួយ​ឱ្យ​កីឡាករ​ឡៅ ស៊ីណាត​ ទទួល​បាន​ការ​ឧបត្ថម្ភ​ចំនួន​១០០​ដុល្លារ​ភ្លាមៗ​ពី​តារា​កំប្លែង​នាយ​ឃ្លោក​ ដែល​បាន​ទៅ​ទស្សនា​ព្រឹត្តិ​ការណ៍​នោះ​ថែម​ទៀត​ផង ។​

គូ​អន្តរ​ជាតិ​ទី​៣​ កីឡា​ករ​សេន ប៊ុន​ថេន​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ក៏​ជា​អ្នក​ធ្វើ​ឱ្យ​កីឡា​ករ​ Richard Kekkei Gemkai ជន​ជាតិ​ស្លូ​វ៉ាគី​ ទទួល​ការ​អាម៉ាស់​ដូចគ្នា​ បើ​ធៀប​នឹង​គូ​ទី​២​​ ។ គូ​នេះ​គ្រាន់តែ​ចូល​ទឹក​ទី​២​ភ្លាម​ គេឃើញ​កីឡាករ​បរ​ទេស​ដេក​ប្រកាច់​លើ​រេញ​តែ​ម្តង​​ បន្ទាប់​ពីកីឡាករ​កម្ពុជា​ទាត់​ត្រូវ​ហើម​ត្រង់​ភ្លៅ​ ហើយ​ធ្វើ​ឱ្យ​មាន​របួស​ធ្ងន់​ត្រង់​ចំណុច​នោះ ។​ កីឡា​ករ​បរទេស​ត្រូវគេ​មើល​ឃើញ​ថា​ រហ័ស​ដៃ​ និង​រហ័ស​ជើង​ បុ៉ន្តែ​ភាព​ខ្លាំង​របស់​គេ​ ហាក់​មិន​ជួយ​​ឱ្យ​គេ​គេច​ផុត​ពីរន្ទះ​​ជើង​ដ៏​ខ្លាំង​របស់​​ សេន ប៊ុនថេន​ នោះ​ទេ​ ទើប​ត្រូវ​ដួល​​សន្លប់​ក្នុង​ទឹក​ទី​២ បន្ទាប់​ពី សេន​ ប៊ុន​ថេន​ ទាត់​ហើយ​ទាត់​ទៀត​ត្រង់​កន្លែង​ភ្លៅ​ហើម​ធ្វើ​ឱ្យ​ដួល​ងើប​លែង​រួច​តែ ម្តង ។​

លទ​្ធ​ផល​គូ​នេះ​​ កីឡាករ​សេន ប៊ុ​នថេន​ ក៏​ត្រូវ​តារា​កំប្លែង​នាយ​ឃ្លោក​ឡើង​រេញ​ប្រគល់​ប្រាក់​លើក​ទឹក​ចិត្ត​ឱ្យ​ចំនួន​១០០​ដុល្លារ​ផង​ដែរ​ បន្ទាប់​ពី​ឃើញ​គេ​ស្វាហាប់​ក្នុង​ការវាយ​លុក​ ហើយ​ទទួល​បាន​ជោគ​ជ័យ​ ៕​