ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​វ៉ូ​វី​ណា​ម នៅ​តែ​មិន​មាន​ប្រជា​ប្រិយ​ភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​គេ​ចាប់អារម្មណ៍​លើ​កីឡាករ​គ្រប់​ផ្នែក ឯ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ក៏​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​សកម្មភាព​កាន់​តែ​ខ្លាំង ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​មើលឃើញ ពី​សមត្ថភាព និង​ទេព​កោសល្យ​នៅ​ក្នុង​កីឡា​ប្រ​ភេទ​នេះ ។ ទោះជា​យ៉ាងណា គេ​នៅ​តែ​មើល…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​គេ​ចាប់អារម្មណ៍​លើ​កីឡាករ​គ្រប់​ផ្នែក ឯ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ក៏​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​សកម្មភាព​កាន់​តែ​ខ្លាំង ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​មើលឃើញ ពី​សមត្ថភាព និង​ទេព​កោសល្យ​នៅ​ក្នុង​កីឡា​ប្រ​ភេទ​នេះ ។ ទោះជា​យ៉ាងណា គេ​នៅ​តែ​មើល ឃើញ​​ដូច​គ្នា​ថា​កីឡា​វ៉ូ​វី​ណា​ម មិនសូវ​ទទួល​បាន​ប្រជាប្រិយភាព​ពី​មហាជន​នោះ​ទេ បើ​ទោះជា​វិញ្ញាសា​នេះ​ធ្លាប់​ទទួល​បាន​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ហូរហែ​កន្លង​មក​ក្តី ។

អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម កម្ពុជា លោក ទេព ជីវ​សុខុម បាន​ថ្លែង​ថា កីឡា​ វ៉ូ​វី​ណា​ម​មាន​ដើម​កំណើត​មក​ពី​ប្រទេស​វៀត​ណា​ម ហើយ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ជា​ពិសេស គឺ​កម្ពុជា​យក​មក​បង្កើត​ជា​សហព័ន្ធ និង​បង្កើន​កីឡាករ​បាន​យ៉ាង​ល្អ​មិន​ចាញ់​កីឡាករ​របស់​ម្ចាស់​ដើម ​គឺ​ជនជាតិ​វៀតណាម​នោះ​ទេ ។ លោក​បាន​ទាំង​កត់​សម្គាល់ថា កីឡាករ​កម្ពុជា​មាន​សមត្ថ​ភាព​មិន​ចាញ់​កីឡាករ​វៀតណាម​ឡើយ គ្រប់ពេល​ប៉ះ​គ្នា​នៅ​លើ​ឆាក​អន្តរជាតិ ។

ទោះជា​យ៉ាងណា​លោក​ថ្លែង​ថា វ៉ូ​វី​ណា​ម​កម្ពុជា​មិនសូវ​មាន​ប្រជាប្រិយ​ទេ បើ​ទោះជា​កីឡាករ​គ្រប់​ផ្នែក​សុទ្ធតែ​មាន​សមត្ថភាព​ប្រកួត​គ្រប់គ្រាន់ នៅ​លើ​ឆាក​អន្តរជាតិ ។ ជាក់ស្តែង រូប​លោក ដែល​ជា​កីឡាករ​មួយ​រូប​ដែរ​នោះ តែងតែបាន​បង្ហាញ​ភាព​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ ការ​ដណ្តើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ កម្រិត​ពិភពលោក អាស៊ី និង​អាស៊ាន ជា​ហូរ​ហែ ប៉ុន្តែ​មាន​មហាជន​តិច​ណាស់​ដែល​ស្គាល់​ឈ្មោះ​លោក និង​ស្នាដៃ​នៃ​ការ​ប្រឹងប្រែង​របស់​លោក ។

លោក ទេព ជីវ​សុខុម បន្ត​ថា ប្រជាពលរដ្ឋ​កម្ពុជា​គួរ​មាន​មោទកភាព​ចំពោះ​ស្នាដៃ និង​សមត្ថ​ភាព​របស់​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម​កម្ពុជា ។ លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួល​បាន​ជោគជ័យ
​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រ​ទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ ។

ជាមួយនឹង​ការ​បង្ហាញ​ពី​ការ​តូចចិត្ត លោក​ក៏​ប្រកាស​ពី​ការ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹងសមត្ថភាព ដើម្បី​អាច​បន្ត​ឱកាស​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ ។ លោក​ប្រកាស​ថា មិន​បាក់ទឹកចិត្ត​ទេ បើ​ទោះជា​ការ​គាំទ្រ​លោក​នៅ​កម្ពុជា ធៀប​នឹង​កីឡាករ​ដែល​មាន​សមត្ថភាព​ប្រហែល​លោក​នៅ​ក្រៅប្រទេស មិន​ដូច​គ្នា​ក៏​ដោយ ។

ក្រៅពី​ក្រុម​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ សហ​ព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា កំពុង​បណ្តុះបណ្តាល ​​យុវជន​ថ្នាល​ប្រមាណ​២០​រូប ។ សហព័ន្ធ​នេះ បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ បច្ចុប្បន្ន​មាន​ក្លិប សមា
គម​ជា​សមាជិក​ចំនួន​៦ ដែល​មាន​កីឡាករ កីឡាការិនី​សរុប​ប្រមាណ​២០០​នាក់ ។ អ្វី​ដែល​គួរ
ឲ្យ​កត់សម្គាល់ គឺ​សហព័ន្ធ​នេះ​ពុំ​ទាន់​មាន​ទីលាន ត្រឹមត្រូវ​ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅឡើយ​ទេ ។

លោក ទេព ជីវ​សុខុម បន្ត​ថា សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា នៅ​តែ​បន្ត​បំផុស​ឲ្យ​មាន​សមាសភាព​ថ្មី​ចូលរួម​ហ្វឹកហាត់ និង​បង្កើត​ការ​ប្រកួត​មិនសូវ​ដាច់​នោះ​ទេ ដើម្បី​ស្វែងរក​អ្នក​ឆ្នើម​បន្តវេន ។ ជា​មួយ​នេះ ប្រសិនបើ​វិស័យ​ឯកជន​ចូលរួម​ជ្រោ​ម​ជ្រែង​បាន​ខ្លាំង​បន្តិច មិនដឹង​ជា​កីឡាករ​វ៉ូ​វី​ណា​ម នឹង​មាន​កម្លាំងចិត្ត​កម្រិត​ណា​នោះ​ទេ ជា​ពិសេស​រាល់ពេល​ហ្វឹកហាត់​ម្ដង​ៗ ហើយ​មានការ​ឧបត្ថម្ភ
គាំទ្រ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ