រាជធានីភ្នំពេញ ៖ ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានប្រតិភូកីឡាកម្ពុជាចូលរួមស៊ីហ្គេម២០២៥ នៅប្រទេសថៃ មានប្រសាសន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ការចូលរួម និងការដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកនេះគឺជាផែនការយុទ្ធសាស្ត្រ និងជាអនុសាសន៍ណែនាំ ហើយក៏ជាសេណារីយោច្បាស់លាស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលលោកតែងតែខ្វាយខ្វល់ និងតាមដានជាប់ជានិច្ច។
ឯកឧត្ដម វ៉ាត់ ចំរើន លម្អិតបែបនេះ៖ យើងមានការគូសវាសរៀបចំជាជំហានៗ ធ្វើបុរេសកម្មដូចក្រឡាអុកអ៊ីចឹង ថាត្រូវធ្វើម៉េចខ្លះមិនមែនចេះតែនឹកឃើញធ្វើទេ សុទ្ធតែរៀបចំជាលក្ខណៈពិសេស ក្ដាប់ស្ថានការណ៍គ្រប់ជ្រុងជ្រោយ ហើយស្នើសុំការសម្រេច និងទទួលអនុសាសន៍ណែនាំពីសម្ដេចមហាបវរធិបតីជាប្រចាំ ។ ព្រមទាំងបានសុំអនុសាសន៍ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងសុំបទពិសោធពីឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
យើងគិតមុនហើយប្រសិនជាមានសង្គ្រាម យើងត្រូវត្រលប់មកវិញ។ នេះជាអនុសាសន៍ណែនាំផ្ទាល់ពីសម្ដេចមហាបវរធិបតី ជាជំហានគូសហើយស្រាប់។»
ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលមានប្រសាសន៍ថា ប្រទេសផ្សេងទៀតដែលបានចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំនេះ ក៏បានបង្ហាញពីការយោគយល់ចំពោះការដកខ្លួនរបស់ក្រុមកីឡាកម្ពុជា ។ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានបញ្ជាក់ដែរថា គ្មានការពិន័យអ្វីទេមកលើក្រុមកីឡាកម្ពុជា ដែលពាក់ព័ន្ធនឹងការដកខ្លួនពីស៊ីហ្គេមនៅថៃ ហើយដំណឹងថា ស្ថាប័នកីឡាអន្តរជាតិខ្លះនឹងដាក់ពិន័យនោះ គឺជារឿងមិនពិតឡើយ ដោយសាមីស្ថាប័នទាំងនោះក៏បានចាត់ទុកជារឿងប្រឌិតដែរ។
គួរឱ្យដឹងផងដែរថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡ, អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជា ព្រមទាំងមន្ដ្រី២រូប បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ ដោយសុវត្ថិភាពនៅរសៀលថ្ងៃទី១១ ខែធ្នូ និងជាប្រតិភូកីឡាកម្ពុជាចុងក្រោយ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី៧៨រូប បានធ្វើដំណើរមកដល់កម្ពុជាវិញ បន្ទាប់ពីកម្ពុជាសម្រេចដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព។
នេះក៏ជាលើកទី២ផងដែរសម្រាប់ប្រតិភូកីឡាកម្ពុជាដែលធ្លាប់ដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍នេះនៅឆ្នាំ១៩៥៩ ធ្វើនៅទីក្រុងបាងកកប្រទេសថៃក្រោមហេតុផលព្រួយបារម្ភអំពីសុវត្ថិភាពប្រតិភូកីឡាកម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃលើការទាមទារប្រាសាទព្រះវិហារ៕


ចែករំលែកព័តមាននេះ