រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Metfone Cambodian League (MCL) ប្រចាំឆ្នាំ២០១៤ បានវិលមកជួបបងប្អូនទស្សនិកជនសាជាថ្មីទៀតហើយ បន្ទាប់ពីធ្វើការសម្រាកតាំងពីថ្ងៃទី៣ មីនា ដែលគិតមកដល់ពេលនេះមានរយៈពេលជិត១ខែហើយ ។ សម្រាប់ការប្រកួតដែលធ្វើឡើងនៅរសៀលថ្ងៃទី២៩ មីនានេះ គឺសុទ្ធតែជាក្រុមខ្លាំងៗដែលមានពិន្ទុលំដាប់កំពូលតារាងមកប្រជែងគ្នាយកជ័យជម្នះរៀងៗខ្លួន ។
នៅទីលានស្តាតចាស់ ការប្រកួតចាប់ផ្តើមពីម៉ោង១៣និង៣០ តទៅ គឺក្រុមសាកលវិទ្យាល័យអាស៊ីអឺរុ៉ប ប្រកួតជាមួយក្រុមចម្ការកៅស៊ូបឹងកេត និងមួយប្រកួតទៀតក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតជាមួយក្រុមណាហ្គាខប ។ ឯនៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិកវិញ ការប្រកួតចាប់ផ្តើមពីម៉ោង១៥និង៣០ តទៅ គឺក្រុមក្រសួងការពារជាតិ ប្រកួតជាមួយក្រុមបៀលប្រាយយូណាយធីត និងមួយប្រកួតទៀតក្រុមត្រាយអាស៊ី ខេត្តកណ្តាល ប្រកួតជាមួយក្រុមភ្នំពេញក្រោន ។
ក្រុមចម្ការកៅស៊ូបឹងកេតនៅពេលនេះ ឈរនៅលេខរៀងទី៣ ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្នជាមួយនឹងពិន្ទុ១២ពិន្ទុ ដោយប្រកួតចុងក្រោយកាលពីថ្ងៃទី២ មីនា ឈ្នះក្រុមវេស្ទើនក្នុងលទ្ធផលបច្ចេកទេស២-០ ដូច្នេះ៦ប្រកួតរបស់ក្រុមនេះឈ្នះ៤ប្រកួត និងចាញ់២ប្រកួត ។ ចំណែកក្រុមសាកលវិទ្យាល័យអាស៊ីអឺរុ៉ប ដែលត្រូវជួបប្រកួតជាមួយក្រុមចម្ការកៅស៊ូបឹងកេតនោះ៦ប្រកួត ឈ្នះ១ប្រកួត ស្មើ៣ប្រកួត ចាញ់២ប្រកួត មាន៦ពិន្ទុ ប្រកួតចុងក្រោយកាលពីថ្ងៃទី១ មីនា ឈ្នះក្រុមបៀលប្រាយយូណាយធីតក្នុងលទ្ធផល៣ទល់២ ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិពេលនេះឈរនៅលំដាប់ថ្នាក់ទី៤ នៃតារាង បន្ទាប់ពីក្រុមចម្ការកៅស៊ូបឹងកេត ដោយលេងបាន៦ប្រកួត ឈ្នះ៣ប្រកួត ចាញ់១ប្រកួត និងស្មើ២ប្រកួត មាន១១ពិន្ទុ ។ ចំណែកក្រុមណាហ្គាខបវិញស្ថិតនៅលំដាប់ថ្នាក់ទី២ ក្នុងតារាង ដោយលេងបាន៦ប្រកួត ឈ្នះ៤ប្រកួត ចាញ់១ប្រកួត ស្មើ១ប្រកួត មាន១៣ពិន្ទុ ។
ក្រុមក្រសួងការពារជាតិដែលត្រូវជួបប្រកួតជាមួយក្រុមបៀលប្រាយយូណាយធីត ទើបតែមានពិន្ទុ៧បុ៉ណ្ណោះ ដោយលេងបាន៦ប្រកួត ឈ្នះ១ប្រកួត ស្មើ៤ប្រកួត ចាញ់១ប្រកួត ឯក្រុមបៀលប្រាយលេងបាន៦ប្រកួតដូចគ្នា ឈ្នះ១ប្រកួត ស្មើ២ប្រកួត ចាញ់៣ប្រកួត មានតែ៥ពិន្ទុបុ៉ណ្ណោះ ។ ចំណែកក្រុមជើងខ្លាំងភ្នំពេញក្រោនដែលស្ថិតនៅលំដាប់កំពូលតារាងបណ្តោះអាសន្ន ហើយត្រូវប្រកួតជាមួយក្រុមត្រាយអាស៊ីខេត្តកណ្តាលនោះលេងបាន៦ប្រកួត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន១៣ពិន្ទុ ឯក្រុមត្រាយអាស៊ីខេត្តកណ្តាល លេងបាន៦ប្រកួត ឈ្នះ៣ប្រកួត ស្មើ១ប្រកួត ចាញ់២ប្រកួត មាន១០ពិន្ទុ ។
សូមរង់ចាំមើលទាំងអស់គ្នាថា តើក្រុមលំដាប់កំពូល និងក្រុមកៀកបាតតារាងអាចរក្សាតំណែង ឬអាចយកឈ្នះគូប្រកួតរបស់ខ្លួនបានដែរឬទេ ?
ចែករំលែកព័តមាននេះ