ខេត្តព្រះសីហនុ ៖ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៤ មានរៀបចំពិធីប្រកាសតំឡើងឋានន្ដរសក្តិជូននាយទាហាននិងបើកសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារសាលប្រជុំនិងរោងសំរាប់ចតរថយន្តចំនួន២កន្លែង នៅក្នុងតំបន់ប្រតិបត្តិការ សឹករងខាងលើនេះ។ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកនាយឧត្ដមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ចាការកងទ័ពជើងគោគ លោក ស្បោង សារ៉ាត់ អភិបាលនៃគណះអភិបាល ខេត្តព្រះសីហនុ លោក ឡេ ថាញ់ហ៊ុង អគ្គលេខា គណះកម្មការបក្សកុម្មុនីស នៃប្រជាជនវៀតណាមខេត្តបាក់លីវ ដែលជាខេត្តចងសម្ពន្ធ័ភាពជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។
អញ្ជើញចូលរួម ជាភ្ញៀវកិត្តិយសនាឪកាសខាងលើនេះ មានប្រតិភូអមដំណើរ គណះអធិបតីមេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងគ្រួសារពលទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករង បានអញ្ជើញមកចូលរួមយ៉ាងកុះករ។
ជាកិច្ចស្វាគមន៍ចំពោះគណះ អធិបតីភ្ញៀវកិត្តិយស ដែលបានអញ្ជើញមកចូលរួម លោកឧត្ដមសេនីយ៍ត្រី សុខ សាកល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ ជូនគណះអធិបតនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមនាឪកាសខាងលើនេះថា អាគារសាលប្រជុំ ដែលទើបសាងសង់រួច មានបណ្ដោយ ២៣m X ៩m សង់អំពីឥដ្ឋបេតុង ប្រក់ហ្វីប្រូ និងសាងសង់រោងសម្រាប់ចតរថយន្ត ធ្វើអំពីដែកប្រក់សង្ក័សីរឹង ចំនួន២កន្លែងក្នុងមួយកន្លែងមានទំហំ ២៥m X ១៥m និង មួយកន្លែងទៀតមានទំហំ ៧m X ១០m ។លោកបន្តអោយដឹងទៀតថា ការសាងសង់អាគារទាំងអស់ខាងលើនេះ ចំណាយអស់ថវិការចំនួន ៦៥០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់កងទ័ពនិងប្រជាជន វៀតណាមខេត្តបាក់លីវ។
លោកឧត្ដមសេនីយ៍ត្រី សុខ សាកល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្មគ្រ័ ចំពោះកងទ័ពប្រជាជនវៀតណាម នៅខេត្តបាក់លីវ ដែលបានជួយឧបត្ថម្ភជាថវិការសំរាប់ដំណើរការសាងសង់អាគារខាងលើនេះ ដែលកន្លងមកអង្គភាព តំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុជួបប្រទះការខ្វះខាតហើយអង្គភាពរបស់លោក នៅតែមានក្ដីសង្ឃឹមថាកងទ័ព និងប្រជាជនវៀតណាមនៅខេត្តបាក់លីវ ជាសម្ពន្ធ័មិត្តដ៍ល្អនៅតែបន្តជួយឧបត្ថម្ភទៅតាម តំរូវការខ្វះខាតជាជំហ៊ានៗ នៅពេលខាងមុខទៀតសំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពយូរអង្វែងរបស់ប្រជាជននៃប្រទេសយើងទាំងពី។
លោកនាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ចាការកងទ័ពជើងគោគ ក៍បាន ថ្លែងអំណរគុណ ដល់ប្រជាជនវៀតណាម នៅខេត្តបាក់លីវ ដែលមានអត្ថន័យ ប្រហាក់ប្រហែលគ្នាជាមួយលោកឧត្ដមសេនីយ៍ត្រី សុខ សាកល ហើយលោកនាយឧត្ដមសេនីយ៍ មាស សុភា បានផ្ដាំផ្ញើរដល់មេបញ្ជាការ.មេបញ្ជាការរងពលទាហានទាំងអស់ត្រូវតែខិតខំថែរក្សា សមិទ្ធិផលថ្មីនេះ អោយបានគង់វង្សយូរអង្វែង ទុកជាសម្បត្តិជាតិយើងទាំងអស់គ្នា។
នៅក្នុងកម្មវិធីសម្ភោធខាងលើនេះ ក៍មានធ្វើពិធីប្រកាសស្ដីពីការតំឡើង ឋានន្តរសក្តិជូនដល់នាយទាហានតាមអនុក្រឹតលេខ ២១៤ អ.ន.ក្រ.ក.ក ចុះថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៤ សម្រេចតំឡើងឋានន្តរសក្តិ លោក នូវ សំអ៊ុល អតីតជានាយរងសេនាធិការ ទៅជាមេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។និងតំឡើងឋានន្តរសក្តិពីថ្នាក់វីរៈសេនីយ៍ទោចំនួន១រូប ទៅជាវីរៈសេនីយ៍ឯកនៅស្នាក់ការយុទ្ធិភូមិភាគ៣ ។
ចែករំលែកព័តមាននេះ