ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម ខ្លឹម​​ខ្មៅ​ ឬ​ហុឹម​ ​សារ៉ាន់​ ជា​​អធិរាជ​​នៅ​លើ​​សង្វៀន​​ថ្ងៃ​នេះ​​ ?

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ទើប​តែ​បាន​ផ្តួល​កីឡា​ករ​ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ ឱ្យ​សន្លប់​ក្នុងទឹក​ទី​៤ កាល​ពី​សប្តាហ៍​មុន​សោះ​ ស្រាប់​តែ​កីឡាករ​ឯម ខ្លឹម​ខ្មៅ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ មាន​មុខ​ឡើង​រេញ​ទៀត​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២៨​ មីនា​នេះ​ ដោយ​ប៉ះ​ជា​មួយ​កីឡាករ​ហុឹម សារ៉ាន់​ មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារ​ជាតិ​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ ទើប​តែ​បាន​ផ្តួល​កីឡា​ករ​ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ ឱ្យ​សន្លប់​ក្នុងទឹក​ទី​៤ កាល​ពី​សប្តាហ៍​មុន​សោះ​ ស្រាប់​តែ​កីឡាករ​ឯម ខ្លឹម​ខ្មៅ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ មាន​មុខ​ឡើង​រេញ​ទៀត​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២៨​ មីនា​នេះ​ ដោយ​ប៉ះ​ជា​មួយ​កីឡាករ​ហុឹម សារ៉ាន់​ មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារ​ជាតិ​ ។

ការ​ឡើង​រេញ​នេះ​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ថា រវាង​ឯម ខ្លឹម​ខ្មៅ​ និង​ហុឹម សារ៉ាន់​ នរណា​ជា​អធិ​រាជ​នៅ​លើ​សង្វៀន​ ។​ ជំនួប​រវាង​ពួក​គេ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ ដោយ​គ្រាន់តែ​កន្លង​មក​ ហុឹម​ សារ៉ាន់​ ហាក់​មាន​សន្ទុះ​ និង​លទ​្ធ​ផល​​ល្អ​ជាង​ក្នុង​ពេល​ប៉ះគ្នា​តែ​បុ៉ណ្ណោះ ។​ ការប្រកួត​ដែល​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​​បាយ័ន​ស្ទឹង​មាន​ជ័យ​ល្ងាច​នេះ​ ធ្វើ​ឱ្យ​មាន​ការ​ជឿជាក់​យ៉ាងខ្លាំង​ថា កីឡាករ​ឯម ខ្លឹម​ខ្មៅ​ នឹង​អាច​យក​ឈ្នះ​លើ​កីឡាករ​ហុឹម​ សារ៉ាន់ បាន​ បន្ទាប់​ពី​ការ​ប្រកួត​របស់​គេ​បុ៉ន្មាន​លើក​ចុង​ក្រោយ​គឺឈ្នះ​រហូត​​ ហើយ​​ឈ្នះ​ដោយ​មាន​សន្ទុះ​ដែល​អាច​និយាយ​បាន​ល្អ​ជាង​លើក​មុន​ ពោល​គឺ​ល្អ​ជាងកាល​ដែល​គេ​បរា​ជ័យ​ ហើយ​របូត​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ពី​ដៃ​នោះ​ទៅ​ទៀត ។​

ឯម ខ្លឹម​ខ្មៅ​ ប្រាប់​ថា​ តាំងពី​ចាញ់​ក្រោម​ដៃ​កីឡាករ​រឿង​ សោភ័ណ​្ឌ​ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ដោយ​មិន​អស់​ចិត្ត​ក្នុង​វគ្គ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នោះ​មក​ បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​លោក​បង្កើន​ការ​ហ្វឹក​ហាត់​ដើម្បី​ពង្រីក​កម្លាំង​ និង​ថាមពល​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​សង​សឹក​ និង​វាយ​ដណ្តើម​យកខ្សែ​ក្រវាត់​ដែល​បាន​បាត់​បង់​ត្រឡប់​មក​វិញ ។​ ជាមួយ​ការ​ប្រយុទ្ធ​ដែល​ហាក់​កើន​ឡើង​នូវ​សន្ទុះ​ជាង​មុន​ កីឡាករ​ឯម ខ្លឹម​ខ្មៅ​ ប្រាប់​ថា​ នៅ​មិន​ទាន់​ឈាន​ដល់​ចំណុច​នៃ​ការ​ចង់​បាន​នៅ​ឡើយ​ទេ​ ដរាប​ណា​គេ​នៅ​តែ​មាន​ឈ្មោះ​បាត់​បង់​ខ្សែ​ក្រវាត់​ ហើយ​ដណ្តើម​យក​វិញ​មិន​ទាន់​បាន ។​ ជា​រៀង​រាល់​ថ្ងៃ​ ឯម ខ្លឹម​ខ្មៅ​ ប្រាប់​ថា ប្រឹង​ប្រែង​​ចូល​ក្លិប​ខុស​ពី​មុន​ ដោយ​ស្ទើរ​ជា​​រៀង​រាល់​ថ្ងៃតែ​ម្តង​ ដែល​គេ​មិន​ធ្វេស​ប្រហែស​ ហើយ​បង្កើន​ការ​បំពេញ​កម្លាំង​សុ៊ហ្វ​ និង​បច្ចេក​ទេស​នៅ​ក្នុង​ពិភព​ប្រដាល់។ លោក​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន ដែល​បាន​ផ្គូ​ផ្គង​ឱ្យ​លោក​ឡើង​រេញ​ញឹកញាប់​នាពេល​ចុង​ក្រោយ​ ដែល​រុញ​ឱ្យ​លោក​ប្រឹង​ប្រែង​ជាង​មុន​ បើ​ធៀប​នឹង​អំឡុង​២​ទៅ​៣​ខែ​មុន​ ។

ទោះ​យ៉ាង​ណា​ លោក​មិន​ហ៊ាន​យល់​ថា​ ខ្លួន​ឯង​នឹង​ផ្តួល​កីឡាករ​ហុឹម សារ៉ាន់​ បាន​ល្ងាច​ថ្ងៃ​នេះ​នៅ​ឡើយ​ទេ​ ក្នុង​ពេលដែល​កីឡាករ​​ហុឹម សារ៉ាន់​ ក៏​មិន​មែនជា​ជើង​ខ្លាំង​ធម្មតា​ស្រួល​យក​ឈ្នះ ។​ ឯម ខ្លឹម​ខ្មៅ​ បាន​ត្រឹមតែ​ត្រៀម​ការ​ហ្វឹក​ហាត់​ និង​បច្ចេក​ទេស​ថ្មីៗ​ទុក​ស្វាគមន៍​បុ៉ណ្ណោះ​ បុ៉ន្តែ​លទ្ធ​ផល​​គឺ​មាន​តែ​ភាព​ជាក់ស្តែង​​នៃ​ការប្រកួត​ និង​ឱកាស​បុ៉ណ្ណោះ​ដែល​អាច​កំណត់​ថា​ សម្រេច​ឬ​មិន​សម្រេច​នៅ​ទី​បញ្ចប់ ។​ យ៉ាងណា​ក៏​ដោយ​ កីឡាករ​ឯម ខ្លឹម​ខ្មៅ​ ហាក់​មាន​ជំនឿ​ចិត្ត​​ឈ្នះ​ច្រើន​ជាង​ចាញ់​ នៅ​ពេល​សួរ​នាំ​ការ​បង្ហាញ​ឆន្ទៈ​ដោយ​ប្រាកដ ។​ កីឡាករ​ហុឹម សារ៉ាន់​ ប្រាប់​ថា មិន​ខ្លាច​ការ​​​តាំង​ចិត្ត​របស់ ឯម ខ្លឹម​ខ្មៅ​ នោះ​ទេ​ក្នុង​ពេល​ដែល​គ្រា​កន្លង​មក​ លោក​ក៏​ធ្លាប់​ប៉ះ​កណ្តាប់​ដៃ​ជា​មួយ​គេ ហើយ​ជ្រួត​ជ្រាប​ដឹង​ថា​ ឯម ខ្លឹម​ខ្មៅ​ មាន​ចំណុច​ត្រង់​ណា​ល្អ​ និង​ចំណុច​ត្រង់​ណា​អាច​ស៊ី​បាន​ដោយ​ងាយ​ស្រួល ។​

មនុស្ស​ភាគ​ច្រើន​បានត្រឹម​តែ​យល់​ថា​ ពួកគេ​មាន​ចំណុច​ល្អ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​ បុ៉ន្តែ​ម្នាក់ៗ​ហាក់​មិន​ហ៊ាន​កំណត់​ដោយ​ភាព​ជឿ​ជាក់​នោះ​ឡើយ​ថា អ្នក​ណា​នឹង​​ឈ្នះ​១០០%​ សម្រាប់​​ការប្រកួត​នាពេល​បន្តិច​ទៀត​នេះ ។​ បើ ឯម ខ្លឹម​ខ្មៅ​ អាចឈ្នះ​ក្នុង​សប្តាហ៍​នេះ​ទៀត​មាន​ន័យ​ថា​ គេ​កាន់តែ​មាន​ក្រេ​ឌីត​ក្នុងការសង​សឹក​ជា​មួយ​កីឡាករ​រឿង សោភ័ណ្ឌ​ ពិត​ប្រាកដ​ហើយ​ក្នុង​ពេល​ដ៏ខ្លី ។​ ចាំ​មើល​ តើ​កីឡាករ​ឯម ខ្លឹម​ខ្មៅ​ ​នឹង​ឈ្នះ​ថ្ងៃ​នេះ​ទៀត​ ឬ​ជា​ឱកាស​​របស់​កីឡាករ​ហឹុម​ សារ៉ាន់ ?​ នៅ​លើ​រេញ​នោះ​ដែរ​ កីឡាករ​ចាន់​ ប៊ុន​សែត​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ប្រកួត​ជាមួយ​កីឡា​ករ​កន​ ចន្ថា​ មក​ពី​មជ្ឈ​មណ្ឌល​កីឡា​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ។​ កីឡាករ​វីវ៉ា​ សាមីត​ មក​ពី​ក្លិប​មហិទ្ធិឫទ្ធិ​តា​ដំបង​ដែក​ ប្រកួត​ជា​មួយ​កីឡា​ករ​សុឹម​ សំ មក​ពី​ក្លិបបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ និង​កីឡា​ការិនី​អេ យ៉ា​នុត​ មក​ពី​មជ្ឈ​មណ្ឌល​កីឡា​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ប្រកួត​ជា​មួយ​កីឡា​ការិនី​ វី ស្រី​ឆាយ មក​ពី​ក្លិប​នាគ​មាន​ជ័យ ។​

នៅ​ថ្ងៃសៅរ៍​លើ​សង្វៀន​ដដែល កីឡា​ករ​ថៃ ប៊ុន​ហាន​ មក​ពី​ក្លិប​បូរី​នាគ​រាជ ប្រកួត​ជា​មួយ​កីឡា​ករ​ភុន​ សោភ័ណ្ឌ​ មកពី​ក្លិប​យុវ​កីឡា​ខេត្ត​កណ្តាល​ និង​កីឡាករ​គួន​ ប៊ុន​ហុីម មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់​ដំបង​ ប្រកួតជា​មួយ​កីឡា​ករ​ចាន់​ ស៊ីណាត​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ៕​