រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរដណ្តើមខ្សែក្រវាត់ស្រាបៀរ Black Panther ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ដែលឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរអង្គរ ក្រោមការសហការគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាប្រដាល់កម្ពុជា បានប្រកាសពីកាលបរិច្ឆេទនៃការប្រកួតថ្ងៃបើកឆាកដំបូងរបស់ខ្លួនហើយ។
ការប្រកួតបែបចល័តដែលត្រូវធ្វើឡើងនៅតាមបណ្តារាជធានី-ខេត្តចំនួន៧នេះ ផ្តោតលើគោលដៅសំខាន់ គឺដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់ឱ្យមានសក្តានុពលកាន់តែខ្លាំង ។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ឱ្យដឹងថា ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាបៀរ Black Panther នៅលើសង្វៀនចល័តតាមបណ្តារាជធានី-ខេត្តខាងលើនេះមានគោលបំណងសំខាន់ៗ៤ គឺទី១ ផ្សព្វផ្សាយយុទ្ធនាការដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ, ទី២ បញ្ជ្រាបព្រឹត្តិការណ៍កីឡាមួយចំនួនទៅដល់រាជធានី-ខេត្តទូទាំងប្រទេស, ទី៣ ជំរុញផែនការយុទ្ធសាស្ត្រ ពលរដ្ឋម្នាក់គប្បីហ្វឹកហាត់កីឡាឱ្យបានយ៉ាងតិចមួយប្រភេទ និងទី៤ ត្រៀមដាក់វិញ្ញាសាកីឡាប្រដាល់ចូលក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
លោកវ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ថ្នាក់ជាតិនេះត្រូវធ្វើឡើងនៅលើសង្វៀនចល័តចំនួន៧រាជធានី-ខេត្ត ក្នុងនោះមានខេត្តកំពង់ធំ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, សៀមរាប, ស្វាយរៀង, ព្រះវិហារ និងរាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ផងដែរ ។ សម្រាប់យុទ្ធនាការប្រកួតដែលចាប់ផ្តើមដំបូងនេះ គឺមាន៣លើក លើកទី១ ចាប់ផ្តើមនៅថ្ងៃទី៤ មេសា វេលាម៉ោង៥ល្ងាចតទៅ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រង់បរិវេណតារាងបាល់ទាត់ឃុំដូង។ លើកទី២ ធ្វើនៅថ្ងៃសៅរ៍ ទី១៩ ខែមេសា វេលាម៉ោង៥ល្ងាចក្នុងទីរួមខេត្តកំពង់ចាម និងលើកទី៣ ធ្វើឡើងនៅថ្ងៃសុក្រ ទី២ ឧសភា វេលាម៉ោង៥ល្ងាចក្នុងខេត្តស្វាយរៀង ស្ថិតនៅខាងត្បូងសាលាខេត្តចម្ងាយ១០០ម៉ែត្រ ។ ក្រៅពីនោះ បណ្តាខេត្តមួយចំនួនទៀតមិនទាន់កំណត់កាលបរិច្ឆេទការប្រកួតនៅឡើយ ។
លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានថ្លែងឱ្យដឹងថា នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរ Black Panther នេះគឺធ្វើឡើងដោយតម្លាភាព យុត្តិធម៌ គោរពគោលការណ៍ Fair play ក្នុងគោលបំណងធ្វើជាគំរូនៃការប្រកួតក្បាច់គុនបុរាណខ្មែរ គឺប្រកួតអស់ពីសមត្ថភាព អ្នកឈ្នះគឺឈ្នះដោយសមត្ថភាពពិត ចំណែកអ្នកចាញ់គឺចាញ់ដោយអស់ចិត្ត ។ លោកបន្តថា សម្រាប់ការប្រកួតគឺយើងបានសម្រិតសម្រាំងជ្រើសរើសកីឡាករចំនួន១២នាក់ ដែលមានសមត្ថភាព និងបទពិសោធន៍ប្រកួតប្រហាក់ប្រហែលគ្នា ដោយបានបែងចែកជា២ពូល ក្នុងនោះពូលA មានកីឡាករសួស យ៉ាត (ក្លិបទ័ពជើងទឹក), សល់ ប៊ុនហូវ (ក្លិបកុសលកីឡា), ឃឹម ពេជ្រចិន្តា (ក្លិបបូរីនាគរាជ), សោម តឿទី (ក្លិបខ្លារខិនមានឫទ្ធិ), ផល សីហា (ក្លិបយុវជនកម្ពុជាមានជ័យ) និងកីឡាករតក់ សោភ័ណ្ឌ (ក្លិបអេភូថងកីឡា) ។ ចំណែកពូលB មានកីឡាករផាន់ សុវណ្ណ (ក្លិបមិត្តបូ៉លិស), ឡុង ប៊ុនរ៉ាត់ (ក្លិបសាលវ័ន្តកីឡា), ឈិន ក្វាន់ងុ៉យ (ក្លិបមកុដរាជសីហ៍), នួន សេតសង់ (ក្លិបក្រសួងការពារជាតិ), ឡៅ ផានាថ (ក្លិបកុមារកំព្រា) និងកីឡាករកែវ វិរៈ (ក្លិបព្រះខ័នរាជ) ។
ចំពោះលក្ខន្តិកៈប្រកួតត្រូវអនុវត្តតាមរូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ដោយក្នុង១ពូលយក២នាក់ដែលមានពិន្ទុខ្ពស់ជាងគេឡើងប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រតែម្តង។ ចំពោះប្រាក់រង្វាន់វិញ អ្នកដណ្តើមបានឋានៈជាជើងឯក នឹងទទួលបានខ្សែក្រវាត់មួយអមដោយទឹកប្រាក់ចំនួន១.៧០០ដុល្លារ ស្រាបៀរអង្គរ២០កេស ។ ជើងឯករងទទួលបានទឹកប្រាក់១.០០០ដុល្លារ និងស្រាបៀរអង្គរ១៥កេស លេខ៣ ទទួលបានទឹកប្រាក់៦៥០ដុល្លារ និងស្រាបៀរអង្គរ១០កេស និងលេខ៤ ទទួលបានទឹកប្រាក់៣៥០ដុល្លារ និងស្រាបៀរអង្គរ៥កេស។ សម្រាប់ការប្រកួតដំបូងនៅខេត្តកំពង់ធំនេះមានចំនួន៦គូ គឺគូទី១ កីឡាករសួស យ៉ាត ប្រកួតជាមួយកីឡាករសល់ ប៊ុនហូវ ។ គូទី២ កីឡាករឃឹម ពេជ្រចិន្តា ប្រកួតជាមួយកីឡាករសោម តឿទី ។ គូទី៣ កីឡាករផល សីហា ប្រកួតជាមួយកីឡាករតក់ សោភ័ណ្ឌ ។ គូទី៤ កីឡាករផាន់ សុវណ្ណ ប្រកួតជាមួយកីឡាករឡុង ប៊ុនរ៉ាត់ ។ គូទី៥ កីឡាករឈិន ក្វាន់ងុ៉យ ប្រកួតជាមួយកីឡាករនួន សេតសង់ និងគូទី៦ ចុងក្រោយកីឡាករឡៅ ផានាថ ប្រកួតជាមួយកីឡាករកែវ វិរៈ ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅតាមបណ្តាខេត្តមិនមានលក់សំបុត្រឡើយ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទាំងនោះចូលរួមទស្សនាដោយសេរី ៕
ចែករំលែកព័តមាននេះ