រាជធានីភ្នំពេញ ៖ គ្រាន់តែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍តិចតួចរវាងរថយន្ត និងម៉ូតូ បានបង្កជាហិង្សាវាយតប់គ្នាទៅវិញទៅមកបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើចរាចរណ៍តាមផ្លូវកាលពីថ្ងៃទី២៥ មីនា ២០១៤ នៅតាមបណ្តោយផ្លូវលេខ២៧១ ភូមិត្រពាំងឈូក(ម្តុំមុខពេទ្យលោកសង្ឃ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រការដែលរឿងតូចតាចក្លាយជារឿងធំនោះបែរជាភាគីជាគូបក្ខដិបក្សបានចោទប្រកាន់មន្ត្រីប៉ូលិសប៉ុស្តិ៍ម្នាក់ថាបានវាយតប់រូបគេនៅមុខមហាជនបណ្តាលឱ្យរងរបួសខៀវភ្នែកខាងឆ្វេង និងជាំកខាងស្តាំ រួចចាប់មកដាក់ប៉ុស្តិ៍ប៉ូលិសហើយយកស្បែកជើងវាយក្បាលទាំងដៃគេជាប់ខ្នោះទៀត។ ចំណែកមន្ត្រីប៉ូលិសប៉ុស្តិ៍ដែលវាយគេបែរជាមិនជាប់ឃុំទៅវិញ។
ភាគីដែលត្រូវគេវាយ និងជាប់ឃុំឈ្មោះលន់ សៀងហៃ អាយុ៣៤ឆ្នាំ និងមិត្តភក្តិម្នាក់ទៀតឈ្មោះប៉ាល់សារ៉ូ អាយុ១៨ឆ្នាំ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅយប់កើតហេតុឈ្មោះប៉ែន គា ប្អូនប្រុសលោកប៉ែន ថុល មេប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានបើករថយន្តតាក់ស៊ីម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ៨២០៥ ពណ៌ខៀវ មកកៀរម៉ូតូម៉ាកសង់កូរ៉េរបស់ជនរងគ្រោះឈ្មោះលន់ សៀងហៃ និងឈ្មោះប៉ាល់ សារ៉ូ កំពុងជិះតាមផ្លូវពេលនោះភាគីអ្នកជិះម៉ូតូក៏បានយកដៃគោះជញ្ជាំងរថយន្តជាសញ្ញាឱ្យប្រយ័ត្ន។ ប៉ុន្តែម្ចាស់រថយន្តឈ្មោះប៉ែន គា បានយកដកទឹកបរិសុទ្ធគប់មកលើឈ្មោះលន់ សៀងហៃ ហើយបើករថយន្តតាមកៀរឱ្យឈប់ រួចចុះមកវាយលើឈ្មោះលន់ សៀងហៃ តែម្តង។
ប្រភពបន្តថា ជាមួយនេះដែរតាមការអះអាងពីឈ្មោះលន់ សៀងហៃ នៅមុខអ្នកកាសែតបានឱ្យដឹងថា ខណៈពេលដែលឈ្មោះប៉ែន គា ជាអ្នកបើកបររថយន្តវាយតប់មកលើខ្លួនធ្វើឱ្យមិត្តភក្តិដែលរួមដំណើរជាមួយបានយកមួកសុវត្ថិភាពវាយលើឈ្មោះប៉ែន គា វិញ ក្នុងគោលបំណងឱ្យឈប់វាយបន្តទៀត ខណៈនោះស្រាប់តែលេចមុខមនុស្សម្នាក់ស្លៀកពាក់ស៊ីវិល និងពាក់មួកប៉ូលិសបានមកវាយតប់លើខ្លួននៅមុខមហាជន និងបានចាប់ក្រៀកដាក់តាមម៉ូតូទៅប៉ុស្តិ៍ប៉ូលិស និងថែមទាំងវាយខ្នោះដៃ រួចបានវាយទាត់ធាក់ និងយកស្បែកជើងវាយក្បាលខ្លួនថែមទៀត។
សូមបញ្ជាក់ថា មនុស្សម្នាក់ស្លៀកពាក់ស៊ីវិល និងពាក់មួកប៉ូលិសនោះឈ្មោះប៉ែន នុត ជាមន្ត្រីប៉ូលិស ហើយឈ្មោះប៉ែន គា ជាអ្នកបើករថយន្តតាក់ស៊ីត្រូវជាប្អូនបង្កើតរបស់លោកប៉ែន ថុល មេប៉ូលិសប៉ុស្តិ៍ទឹកថ្លា៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ