ព្យុះលាយឡំនឹងរន្ទះ និងខ្យល់កម្លាំងខ្លាំងបានគំរាមកំហែងជាឧបសគ្គក្នុងការស្វែងរកកម្ទេចកម្ទីរបស់ជើងហោះហើរ MH 370 បន្ទាប់ពីផ្កាយរណបចាប់បានរូបភាពវត្ថុអណ្តែតទឹក ជាង១០០បំណែក ។ នេះជាសញ្ញាមួយនៃក្តីសង្ឃឹមថ្មីៗបន្ថែមទៀតចំពោះយន្តហោះដែលបាត់ ។អាជ្ញាធរប្រទេសម៉ាឡេស៊ីនិយាយថា រូបភាពដែលចាប់បានកាលពីប៉ុន្មានថ្ងៃនេះដោយផ្កាយរណបរបស់ប្រទេសបារាំងបានបង្ហាញថា មានវត្ថុអណ្តែតទឹកចំនួន១២២បំណែកនៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង បើទោះបីជាគេមិនទាន់បានស្រង់វត្ថុនោះពីសមុទ្រពោរពេញដោយគ្រោះថ្នាក់ក៏ដោយ ។
រដ្ឋមន្ត្រីក្រសួងគមនាគមន៍ស្តីទីរបស់ម៉ាឡេស៊ី លោក Hisham Muddin Hussein បានចេញការព្រមានថា វាមិនអាចទៅរួចទេ ក្នុងការកំណត់ថាតើវត្ថុនោះជាប់ទាក់ទងនឹងយន្តហោះម៉ាឡេស៊ីប៊ូអុីង៧៧៧ ដែលបានធ្លាក់កាលពីថ្ងៃទី៨ មីនា ហើយមានអ្នកដំណើរ២៣៩នាក់លើយន្តហោះ ក្រោយពេលយន្តហោះនេះបាត់ដោយអាថ៌កំបាំងបំផុត ។
អាជ្ញាធរសុវត្ថិភាពដែនសមុទ្រអូស្ត្រាលី (AMSA) ដែលកំពុងសហការរុករកក្នុងសមុទ្រចម្ងាយ២.៥០០គីឡូម៉ែត្រភាគនិរតីនៃទីក្រុងភើតនិយាយថា គេកំពុងស្ថិតនៅក្នុងតំបន់ដែលក្រុមអាជ្ញាធរបានបង្ហាញថាជាតំបន់ដែលយន្តហោះអាចធ្លាក់ ។AMSA និយាយថា មកដល់ពេលនេះមានយន្តហោះយោធា៦គ្រឿងមកពីប្រទេសអូស្ត្រាលី ជប៉ុន និងអាមេរិក ដែលចេញប្រតិបត្តិការពេញមួយថ្ងៃ រួមជាមួយនឹងយន្តហោះស៊ីវិល៥គ្រឿងទៀត ដើម្បីប្រមាញ់រកភស្តុតាងថាតើមានអ្វីកើតឡើងឱ្យប្រាកដ ៕
ចែករំលែកព័តមាននេះ