ខេត្តកំពត ៖ រឿងរ៉ាវធ្វើច្បាប់អាពាហ៍ពិពាហ៍មួយដោយដំឡើងអាយុកូនក្រមុំ បានធ្វើឡើងកាលពីថ្ងៃទី១៥ មីនា នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បណ្តាលឱ្យកូនកំលោះក្លាយជាអ្នកទោស ។ អាពាហ៍ពិពាហ៍ដែលសម្រេចពីអាជ្ញាធរភូមិ និងសង្កាត់នាពេលនោះ កើតឡើងពីភាគីម្តាយកូនក្រមុំ ដែលកូនមានអាយុទើបតែ១៣ឆ្នាំ ទៅធ្វើច្បាប់រៀបការ ដោយឱ្យមេភូមិកែអាយុដើម្បីឱ្យស្របច្បាប់ ។
ទោះបីជាបែបណា នៅពេលរៀបការហើយបានតែមួយថ្ងៃ កូនកំឡោះក៏វេចខោអាវចុះចោលកូនក្រមុំ ទើបម្តាយដាក់ពាក្យប្តឹងមកការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត ពីបទរួមភេទជាមួយអនីតិជន ។ លោក ម៉ៅ ចន្ទមធុរិទ្ធ ស្នងការរង និងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត បានឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងពីស្ត្រីជាម្តាយ និងកុមារីរងគ្រោះមក លោកឧត្តមសេនីយ៍ត្រី ថ្លាង ភិរិន្ទ ស្នងការនគរបាលខេត្ត បានចង្អុលបញ្ជាឱ្យការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌធ្វើការងារលើករណីនេះតាមពាក្យបណ្តឹងរបស់សាមីរងគ្រោះឱ្យបានសម្រេច ។ លោកក៏បានចាត់បញ្ជាឱ្យការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កោះហៅជនសង្ស័យ ដើម្បីធ្វើការសាកសួរ ។
លោកវរសេនីយ៍ទោ គង់ សុខន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា បើតាមខ្លឹមសារក្នុងពាក្យបណ្តឹង និងការសាកសួរបន្ថែមទៅម្តាយនិងកូន ជាដើមបណ្តឹងនោះ គឺដំបូងឡើយបានកើតឡើងពីករណីចាប់រំលោភ ។ ក្រោយពីកើតមានករណីរំលោភហើយ ដោយខ្លាចខាងប្រុសប្រឈមនឹងការជាប់គុក ក៏មានការស៊ុមគ្រលំុ សមគំនិតគ្នារវាងម្តាយកុមារី និងមេភូមិបង្កើនអាយុក្មេងស្រី ដែលទើបតែមានអាយុត្រឹម១៣ឆ្នាំ ឱ្យដល់ទៅអាយុ១៨ឆ្នាំ ដើម្បីបានរៀបការ ។ លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ឱ្យដឹងទៀតថា លោកបានស្រាវជ្រាវសាកសួរតាមដំណើររឿងរវាងភាគីម្តាយកុមារី និងភាគីខាងជនជាប់ចោទ ទើបដឹងពីដំណើររឿងរ៉ាវពិត មុនពេលឈានទៅឃាត់ខ្លួនបុរសជាប់ចោទតាមដីការបស់ព្រះរាជអាជ្ញា ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប់ចោទ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២៦ មីនា ។ បុរសនេះឈ្មោះ មៀច លាងហុង អាយុ២៨ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាកំពត មានទីលំនៅភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។
តាមពាក្យបណ្តឹង និងការសាកសួរកុមារីរងគ្រោះ និងស្រ្តីជាម្តាយបានឱ្យដឹងថា នៅអំឡុងចុងឆ្នាំ២០១២ ឈ្មោះ មៀច លាងហុង ដែលជាជនជាប់ចោទនេះ ធ្វើការនៅរមណីយដ្ឋានឋានសួគ៌បូកគោ ហើយឈ្មោះនេះបានហូបបាយខែ នៅផ្ទះម្តាយក្មេងស្រី អស់រយៈពេលជាច្រើនខែ។ លុះដល់ថ្ងៃទី៥ វិច្ឆិកា ២០១២ ឈ្មោះ មៀច លាងហុង ឈប់ធ្វើការនៅរមណីយដ្ឋានបូកគោ ក៏ងាកមកធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់វិញ ។ នៅពេលនោះ ឈ្មោះ មៀច លាងហុង ឈប់មកហូបបាយខែនៅផ្ទះម្តាយក្មេងស្រីទៀតហើយ តែការទាក់ទងគ្នាតាមទូរស័ព្ទរវាងជនសង្ស័យ និងក្មេងស្រីជាកូននៅតែមានរហូត ។ លុះនៅថ្ងៃទី១០ មេសា ២០១៣ គឺមុនថ្ងៃ ចូលឆ្នាំខ្មែរ៣ថ្ងៃ ជនឈ្មោះ មៀច លាងហុង ក៏បានរៀបចំកម្មវិធីហូបបាយសាមគ្គីមួយនៅផ្ទះម្តាយក្មេងស្រី ដោយមានស្រាបៀរ និងម្ហូបក្លែមយ៉ាងឆ្ងាញ់ពិសា ។ នៅពេលនោះ ម្តាយក្មេងស្រីក៏ស្រវឹង ឯឈ្មោះ មៀច លាងហុង ក៏ស្រវឹង ទើបបុរសនេះបានសុំស្ត្រីជាម្តាយក្មេងស្រីដេកនៅផ្ទះនោះមួយយប់ ពីព្រោះខ្លួនស្រវឹងទៅផ្ទះវិញមិនរួច ។ ពេលនោះម្តាយក្មេងស្រីក៏យល់ព្រមឱ្យដេក ហើយមុនពេលស្ត្រីជាម្តាយចូលទៅសម្រាក គាត់ក៏ប្រាប់កូនស្រីឱ្យរៀបចំបន្ទប់ឱ្យបុរសរូបនេះដេក ឯកូនស្រីក៏ធ្វើតាមម្តាយប្រាប់។ នៅពេលក្មេងស្រីរៀបកន្លែងក្នុងបន្ទប់ឱ្យរួចរាល់ហើយ បុរសនេះក៏សុំឱ្យនាងជួយកោសខ្យល់ឱ្យខ្លួន គឺនៅពេលកំពុងកោសខ្យល់នោះហើយ ដែលបុរសរូបនេះចាប់រំលោភរហូតបានសម្រេចតែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រោយពេលបុរសរូបនេះរំលោភហើយ ក្មេងស្រីមិនបានប្រាប់ម្ដាយភ្លាមៗទេ ដោយបុរសរូបនេះក្រោយពេលរំលោភបានអង្វរនាងថាមិនបាច់ប្រាប់ម្ដាយឬអ្នកណាទេ ចាំរូបគេចូលស្ដីដណ្ដឹងតាមច្បាប់ ហើយបើមិនស្ដាប់តាមគេទេ គេនឹងសម្លាប់ចោល ។ ក្រោយមក ដោយពុំឃើញបុរសរូបនេះមានទំនាក់ទំនងដូចមុនពេលមិនទាន់បានខ្លួន ទើបក្មេងស្រីរងគ្រោះនិយាយរឿងនេះប្រាប់ម្ដាយ ។ ក្រោយពីឮកូនប្រាប់ ស្ត្រីជាម្ដាយក៏ទូរស័ព្ទហៅឈ្មោះ មៀច លាងហុង មកសួរ ពេលនោះឈ្មោះមៀច លាងហុង បានអង្វរស្ត្រីជាម្ដាយថា កុំប្ដឹងទៅសមត្ថកិច្ចអីចាំរូបគេឱ្យឪពុកម្ដាយចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់។ ម្ដាយខាងស្រីក៏យល់ព្រមរួចប្រាប់ទៅបុរសនោះ ឱ្យទៅនាំឪពុកម្ដាយមកចូលស្ដីដណ្ដឹងទើបរូបគាត់ព្រម ។ ក្នុងពេលនោះដែរ បុរសរូបនេះបានសុំម្ដាយខាងស្រីដើម្បីយកក្មេងស្រីជាគូដណ្ដឹងនេះទៅជាមួយដែរដើម្បីឱ្យឪពុកម្ដាយខ្លួន ឃើញ ។ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ បុរសនេះបាននាំក្មេងស្រីជាគូដណ្ដឹងទៅដល់ស្រុកកំណើតរបស់ខ្លួនដើម្បីឱ្យឪពុកម្ដាយមើលក្នុងខែមិថុនា ២០១៣ ហើយឪពុកម្តាយខាងប្រុសក៏យល់ព្រមតាមកូនប្រុស ចូលស្ដីដណ្ដឹងរួចកំណត់ថ្ងៃរៀបមង្គលការនៅថ្ងៃទី១៥ មីនា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ។
សូមបញ្ជាក់ថា ក្រោយពីឪពុកម្ដាយកូនប្រុសចូលស្ដីដណ្ដឹងរួចមកក្នុងអំឡុងយប់នោះបុរសជាកូនកំលោះម្នាក់នេះស្នាក់នៅហូបចុកនៅផ្ទះក្មេងស្រីរហូត ព្រមទាំងបានខ្លួនប្រាណនាងជាញឹកញាប់ផងដែរ ។
ប្រភពឱ្យដឹងទៀតថា នៅមុនថ្ងៃរៀបការ២ថ្ងៃ ស្រាប់តែភាគីគូដណ្ដឹងកូនប្រុសវេចខោអាវចេញពីផ្ទះនោះ ម្ដាយនាងក៏សួរ ហេតុដូចម្តេចបានជាវេចខោអាវចេញបើជិតដល់ថ្ងៃរៀបការទៅហើយនោះ ។ បុរសជាកូនកំលោះបានប្រាប់ថាទៅធ្វើច្បាប់រួចហើយ គេនឹងមកវិញ ។ លុះដល់ថ្ងៃរៀបការ កូនកំលោះក៏មកចូលរួមរៀបការត្រឹមត្រូវ ប៉ុន្តែក្រោយពីរៀបការហើយមួយថ្ងៃ ក៏វេចបង្វេចចុះចោលប្រពន្ធដែលទើបនឹងរៀបការហើយនោះ ទៅលែងវិលវិញ ដោយគ្មានស្រណោះអាឡោះអាល័យសោះ ។ នៅថ្ងៃទី២០ មីនា ភាគីម្ដាយខាងកូនស្រីក៏បានដាក់ពាក្យបណ្ដឹងមកស្នងការដ្ឋាននគរបាលខេត្តប្ដឹងពីករណីរួមភេទជាមួយអនីតិជន ពិតមែនតែអង្ករក្លាយជាបាយទៅហើយនោះក៏ដោយ គឺប្តឹងសាដើមវិញ ។ ក្រោយពីមានពាក្យបណ្ដឹងខាងលើ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌក៏កោះហៅជនសង្ស័យមកសាកសួរដោយជាប់ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជន និងបានស្នើយោបល់ទៅព្រះរាជអាជ្ញាហើយព្រះរាជអាជ្ញាក៏ចេញដីកាឱ្យឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលក្លាយទៅជាអ្នកទោសវិញដដែល ៕
ចែករំលែកព័តមាននេះ