ប្រទេសអាហ្វ្រិកខាងត្បូង ៖ ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ អំពើហិង្សាលើជនបរទេសនៅអាហ្វ្រិកខាងត្បូង តាមតុល្យការផ្លូវការថាបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណជា១០នាក់។ ការវាយប្រហារលើពួកជនបរទេសនៅអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០០៨ បណ្ដាលឲ្យមនុស្សស្លាប់ជាង៦០នាក់។
យោងតាមអាជ្ញាធរថា អំពើហិង្សាលើពួកជនបរទេស រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នាំឲ្យមនុស្សស្លាប់ប្រមាណជា១០នាក់។ ចំណែកអង្គការការពារសិទិ្ធមនុស្ស HUMAN RIGHTS WATCHថា មនុស្សដល់ជាង២០០នាក់ភាគច្រើនជាអ្នកបើករថយន្តជាជនបរទេសបានត្រូវសម្លាប់នៅអាហ្វ្រិកខាងត្បូង ចាប់តាំងពីខែមីនាឆ្នាំ២០១៨មក។
អង្គការក្រៅរដ្ឋាភិបាលAFRICAN DIASPORA FORUM បង្កើតឡើងក្រោយការវាយប្រហារសម្លាប់ជនបរទេស កាលពីឆ្នាំ២០០៨ បានគណនាថាគិតជាមធ្យមចាប់តាំងពីឆ្នាំ២០០៨មក ជនអន្តោប្រវេសន៍ប្រមាណជា៣០០នាក់ត្រូវសម្លាប់ក្នុង១ឆ្នាំៗនៅអាហ្វ្រិកខាងត្បូង។ អង្គការនោះថាគ្មាននរណាម្នាក់និយាយពីរឿងនោះទេតែវាជាការពិត។
នៅអាហ្វ្រិកខាងត្បូងពួកជនអន្តោប្រវេសន៍ពុំមានច្បាប់អ្វីការពារឡើយ។ ពួកគេគ្មានលិខិតស្នាម ហើយពុំអាចទាំងដាក់កូនៗពួកគេចូលក្នុងសាលារៀនទៀតផង។ ពួកគេពុំមានគណនីធនាគារ ហើយពុំអាចមានលទ្ធភាពបើកធ្វើពាណិជ្ជកម្ម។ ពួកគេភាគច្រើនរកស៊ីជាអ្នកបើករថយន្តតាក់ស៊ី តែងរងការធ្វើទុក្ខបុកម្នេញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ