ទីក្រុងហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីកំពុងចរចាគ្នាជាមួយអ៊ីរ៉ង់ដើម្បីធានាថាកប៉ាល់ដឹកប្រេងរបស់ខ្លួនអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសដោយសុវត្ថិភាព។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីអះអាងថារដ្ឋាភិបាលអ៊ីរ៉ង់បានឆ្លើយតបដោយវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ឥណ្ឌូណេស៊ី។ ការចរចាគ្នានេះធ្វើឡើងនៅក្នុងស្ថានភាពដែលច្រកសមុទ្រហ័រម៉ូសបន្តបិទខ្ទប់។ អាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់បានធ្វើឱ្យអ៊ីរ៉ង់ចាត់វិធានការឆ្លើយតបវិញដោយបិទខ្ទប់ច្រកសមុទ្រនេះ និងធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់។

កប៉ាល់ដឹកប្រេងរបស់ឥណ្ឌូណេស៊ីឈ្មោះពើតាមីណា ប្រាយ (Pertamina Pride) និងហ្កាមស៊ូណូរ៉ូ (Gamsunoro) របស់ក្រុមហ៊ុនពើតាមីណា (Pertamina) កំពុងស្ថិតនៅតំបន់ឈូងសមុទ្រ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមហ៊ុន។ រដ្ឋាភិបាលឥណ្ឌូណេស៊ី និងស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងតេអេរ៉ង់បានចរចាគ្នាជាហូរហែជាមួយស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងហ្សាកាតា និងជាមួយភាគីពាក់ព័ន្ធដទៃទៀតនៅទីក្រុងតេអេរ៉ង់។ ពួកគេ (អ៊ីរ៉ង់) ឆ្លើយតបដោយវិជ្ជមានចំពោះសំណើនេះដើម្បីអនុញ្ញាតឱ្យកប៉ាល់ឥណ្ឌូណេស៊ីអាចបើកកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាព។ ខាងលើនេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី។

អ្នកនាំពាក្យរូបនេះថ្លែងបន្តទៀតថាស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសឥណ្ឌូណេស៊ីបានជម្រាបជូនភាគីឥណ្ឌូណេស៊ីនូវការពិចារណាមួយដែលស្របតាមការចង់បានរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី។ ក្រុមហ៊ុនពើតាមីណានឹងត្រៀមខ្លួនអនុវត្តតាមការឆ្លើយតបជាវិជ្ជមានរបស់អ៊ីរ៉ង់។ ក្នុងនោះ ក្រុមហ៊ុនក៏ត្រូវធានាថាបុគ្គលិកនៅលើកប៉ាល់បានដឹងអំពីបញ្ហានេះ និងត្រៀមខ្លួនទុកជាមុន។ ក្រសួងការបរទេស និងស្ថានទូតឥណ្ឌូណេស៊ីប្រចាំប្រទេសអ៊ីរ៉ង់នឹងបន្តសម្របសម្រួលនៅក្នុងបញ្ហានេះជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាការធ្វើដំណើររបស់កប៉ាល់ក្រុមហ៊ុនពើមីណាប្រព្រឹត្តទៅដោយសុវត្ថិភាព។

ក្រុមហ៊ុន Permina International Shipping កំពុងចរចាជាមួយក្រសួងការបរទេសឥណ្ឌូណេស៊ីដើម្បីធានាថាកប៉ាល់របស់ខ្លួនធ្វើដំណើរកាត់ច្រកហ័រម៉ូសដោយសុវត្ថិភាព។ នេះបើយោងតាមប្រធានស្ដីទីរបស់ក្រុមហ៊ុនប្រាប់អ្នកសារព័ត៌មាន។ កប៉ាល់ឈ្មោះពើមីណា ប្រាយ (Permina Pride) ដឹកជញ្ជូនប្រេងឆៅចេញពីតំបន់មជ្ឈិមបូព៌ាដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ចំណែកកប៉ាល់ឈ្មោះហ្កាមស៊ូណូរ៉ូ (Gamsunoro) ដឹកជញ្ជូនប្រេងសម្រាប់ផ្គត់ផ្គង់តម្រូវការនៅប្រទេសដទៃ៕ ប្រភព៖ ឆេនណល ញូស៍ អេស៊ា និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ