ខេត្តក្រចេះ ៖ មន្ទីរធម្មការ និងសាសនាខេត្តក្រចេះ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ខ្លួនបុគ្គលចំនួន១៤នាក់ ដែលបានក្លែងបន្លំជាព្រះសង្ឃក្នុងបំណងដើរបិណ្ឌបាតយកបច្ច័យ នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ។

យោងតាមការបញ្ជាក់ពីលោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានឱ្យដឹងថា ករណីនេះ ត្រូវបានរកឃើញ បន្ទាប់ពីលោកមានការសង្ស័យលើសកម្មភាពរបស់ក្រុមក្លែងបន្លំទាំងនោះ ខណៈពួកគេកំពុងត្រៀមខ្លួនចូលទៅក្នុងពិធីរាប់បាត្រក្បែរទីតាំងប្រារព្ធពិធីបុណ្យ។

ក្រោយការសួរនាំ និងត្រួតពិនិត្យជាក់ស្តែង អាជ្ញាធរបានរកឃើញភាពមិនប្រក្រតីជាច្រើន ដែលបញ្ជាក់ថា បុគ្គលទាំងនោះមិនមែនជាសង្ឃពិតប្រាកដឡើយ ។ ពាក់ព័ន្ធក្នុងករណីខាងលើ នៅចំពោះមុខសមត្ថកិច្ច បុគ្គលទាំង១៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានក្លែងខ្លួនជាព្រះសង្ឃដោយខុសច្បាប់ ដើម្បីឆ្លៀតឱកាសដើរប្រមូលបច្ច័យក្នុងពិធីបុណ្យខ្នាតធំនេះមែន។

ក្រោយការឃាត់ខ្លួន និងធ្វើកំណត់ហេតុរួចរាល់ អាជ្ញាធរជំនាញបាននាំខ្លួនពួកគេទៅធ្វើការអប់រំណែនាំ និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាស
នា និងសណ្ដាប់ធ្នាប់សាធារណៈជាបន្តទៀត ៕
ចែករំលែកព័តមាននេះ