ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​ជើង​ខ្លាំង​​កម្ពុជា​3​​រូបស្វាគមន៍​​កីឡាករ​​បរ​ទេស​​នៅ​លើ​​សង្វៀន ​SEATV ​ថ្ងៃ​នេះ​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅវេលា​ម៉ោង​៣​​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ មីនា​នេះ​ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​លើក​ដំបូង​របស់​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ (SEATV) នឹង​ដំណើរ​ការ​ដូចការគ្រោង​ទុក​នៅ​ស្ទូឌី​យោ​របស់​ស្ថានីយ​ទូរទស្សន៍​នេះ​តែ​ម្តង​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅវេលា​ម៉ោង​៣​​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ មីនា​នេះ​ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​លើក​ដំបូង​របស់​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ (SEATV) នឹង​ដំណើរ​ការ​ដូចការគ្រោង​ទុក​នៅ​ស្ទូឌី​យោ​របស់​ស្ថានីយ​ទូរទស្សន៍​នេះ​តែ​ម្តង​ ។ ក្នុង​ចំណោម​កីឡា​ករ​កម្ពុជា​ និង​បរ​ទេស​ ដែល​មាន​ចំនួន​​៣​រូប​ម្ខាង​ៗ​នោះ​សុទ្ធតែ​មាន​ប្រវត្តិ​ខ្លាំង​ក្លា​នៅ​លើ​រេញ​ប្រដាល់​ទាំង​អស់​ ទើប​នាំ​ឱ្យ​មាន​ការពិបាក​វិភាគ​ថា​ តើ​ក្រុម​ខាង​ណា​ខ្លាំង​ជាង​សម្រាប់​ការ​ប្រកួត​នៅ​លើ​រេញ​ប្រដាល់ SEATV ជា​លើក​ដំបូង​នេះ ។​

គូ​អន្តរ​ជាតិ​ដែល​ឡើង​បើក​ឆាក​មុន​គេ​នា​រសៀល​នេះ គឺ​កីឡា​ករ​ឈាន ហុង​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Mekdam Pumphanung ។ រវាង​ពួកគេទាំង​ពីរ​នាក់​សុទ្ធតែ​មាន​សមត្ថភាព​ និងបទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​ប្រកួត​ដូចគ្នា​ ។ កីឡា​ករ​កម្ពុជា​ ឈាន ហុង មាន​កម្ពស់​១,៦០​ម៉ែត្រ​ ទម្ងន់​៦០​គីឡូក្រាម​ ខណៈ​ដែល​កីឡាករ​ថៃ​មាន​កម្ពស់​ខ្ពស់​ជាង​បន្តិច​គឺ​១,៦៤​ម៉ែត្រ​ និង​មាន​ទម្ងន់​ខ្លួន​ប្រហាក់​ប្រហែល​គ្នា ។​ កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៥៥​​លើក​ ឈ្នះ​៤៥​លើក​ ចាញ់​១០​លើក និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន​៥​លើក ។ ចំពោះ​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​៦៥​លើក​ ឈ្នះ​៤​លើក ចាញ់​១៥​លើក​ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន២​លើក ។​

ផ្អែក​លើ​បទ​ពិសោធន៍​នេះ​មាន​ន័យ​ថា​ កីឡាករ​ថៃ​ហាក់​មានប្រវត្តិ​ប្រកួត​ច្រើន​ជាង​ បុ៉ន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​នៅ​តែ​ជឿជាក់​លើ​កីឡាករ​ឈាន ហុង​ របស់​កម្ពុជា​ច្រើន​ជាង​ដោយសារតែ​គេ​ពូកែ​កែង និង​រហ័ស​ជើង​ ហើយ​មាន​កម្លាំង​ពេញ​នៅ​ឡើយ​ ក្នុងការ​ឡើង​រេញ​លើក​ក្រោយៗ ។ យ៉ាង​ណា​ក៏ដោយ​ ការ​ជឿ​ជាក់ថា​អ្នក​ណា​នឹង​​ឈ្នះ​១០០%​ នៅ​មិន​មាន​ការ​កំណត់​ថា​ កីឡា​ករ​កម្ពុជា ឬ​កីឡាករ​ថៃនៅ​ឡើយ​ទេ​ ក្នុងពេល​ដែល​ភាគី​ទាំង​ពីរ​ហាក់​មាន​ក្រេ​ឌីត​ល្អដូចគ្នា​ក្នុងការ​ប្រដាល់​បែប​នេះ ។​ គូអន្តរ​ជាតិ​​ទី​២​ ជា​ការប៉ះគ្នា​រវាង​កីឡាករ​ឡៅ ស៊ីណាត​ មក​ពី​ក្លិប​កង​ទ័ព​ឆត្រ​យោង​៩១១​ ជា​មួយ​កីឡាករ​ប្រេ​ស៊ីល​ Andre Teixeira ដែល​មានតម្លៃខ្លួន​ខ្ពស់​ក្នុង​ការ​អញ្ជើញ​ឱ្យ​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​លើក​នេះ ។​ កីឡាករ​កម្ពុជា​មាន​កម្ពស់​១,៧១​ម៉ែត្រ ​និង​កីឡា​ករ​ប្រេស៊ីល​មាន​កម្ពស់​១,៧៧​ម៉ែត្រ​ ដោយ​ពួក​គេ​ត្រូវ​ប្រកួតគ្នា​ក្នុង​​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​​ ។​

កីឡាករ​ឡៅ ស៊ី​ណាត ​គឺ​ជា​ជើង​ចាស់ និង​ល្បី​ឈ្មោះ​បំផុត​នៅ​ក្នុង​ពិភពប្រដាល់​របស់​ប្រទេស​កម្ពុជា​ បុ៉ន្តែភាគី​ខាង​កីឡាករ​ប្រេស៊ីល​ ក៏​ជា​ជើង​ខ្លាំង​ផងដែរ​ បន្ទាប់​ពីបាន​ហ្វឹក​ហាត់​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយមាន​ប្រវត្តិ​ធ្លាប់​ប្រកួត​ដណ្តើម​បានខ្សែ​ក្រវាត់​ច្រើន​គួរសម​​មក​ក្តោប​ក្តាប់​ក្នុង​ដៃ។​ កីឡាករ​កម្ពុជា​ធ្លាប់ប្រកួត​បាន​១០៤​ដង​ ឈ្នះ​៨៧​ដង ចាញ់​១៦​ដង​ និង​ស្មើ​១​ដង​ ចំណែក​កីឡា​ករ​ប្រេស៊ីល​ធ្លាប់ប្រកួត​បានតែ​៥០​ដង​បុ៉ណ្ណោះ​ ដោយ​ធ្លាប់​ឈ្នះ​៣៥​ដង ចាញ់​១៣​ដង​ និង​ស្មើ​២​ដង​ បុ៉ន្តែ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​មាន​ការ​អះ​អាង​ថា​ កីឡាករ Andre បានបង្កើត​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ និង​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គេ​ បន្ទាប់​ពីគេ​មាន​ឱកាស​យក​ឈ្នះ​គូ​ប្រកួត​ដណ្តើម​បាន​ខ្សែ​ក្រវាត់​២​ ក្នុង​ការ​​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​ ។ ​ម្នាក់ៗ​កំពុង​ផ្តោត​ការ​សួរនាំ​ថា​ តើ​រវាង​គូ​នេះ​កីឡាករ​កម្ពុជា​ ឡៅ ស៊ីណាត​ និង​កីឡាករ​ប្រេ​ស៊ីល​ អ្នក​ណា​ទទួល​ជោគ​ជ័យ​ពិត​ប្រាកដ​ បើ​ម្នាក់ៗ​សុទ្ធតែ​មាន​ភាព​ខ្លាំង​រៀង​ខ្លួន​បែប​នេះ ?

គូ​អន្តរ​ជាតិ​ទី​៣​ គឺកីឡា​ករ​សេន​ ប៊ុ​នថេន​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ប៉ះ​ជា​មួយ​កីឡាករ​ស្លូវ៉ាគី​ Richard Gemkai ។ កីឡាករ​ទាំង​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ប្រវត្តិ​ និង​បទ​ពិសោធន៍​ខុសគ្នា បុ៉ន្តែ​សម្រាប់​ក្រេឌីត​ និងភាពល្បី​ល្បាញ​​នៅ​ក្នុង​ប្រទេ​ស​កំណើត​រៀងៗ​ខ្លួន​ គឺ​មាន​លក្ខណៈ​ពិសេស​មិន​ចាញ់​គ្នា​ទេ ។​ កីឡា​ករ​សេន ប៊ុន​ថេន ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ មាន​កម្ពស់​១,៧០​ម៉ែត្រ​ ទម្ងន់​៧៣​គីឡូ​ក្រាម​ ឯ​កីឡា​ករ​ស្លូវ៉ាគី​មាន​កម្ពស់​១,៧៩​ម៉ែត្រ​ និង​ទម្ងន់​៧៣​គីឡូ​ក្រាម​ដូចគ្នា ។​ កីឡាករ​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​បាន​៩៩​ដង​ ឈ្នះ​៨៥​ដង​ ចាញ់​តែ​៩​ដង​ ស្មើ​៥​ដង​ និង​មាន​ប្រវត្តិ​ធ្លាប់​ផ្តួល​កីឡា​ករ​បរទេស​ដល់​ទឹក​ដី​បារាំង​រួច​មក​ហើយ ។​ ដោយ​ឡែក​ចំពោះ​កីឡាករ​ស្លូ​វ៉ាគី ធ្លាប់​ប្រកួត​បាន​តែ​៤៥​ដង​ ឈ្នះ​៣២​ដង​ ចាញ់​១៣​ដង​ និង​មិន​ធ្លាប់​ស្មើ​ បុ៉ន្តែ​តាម​ប្រភព​ពី​ប្រទេស​ថៃ​ ដែល​កីឡាករ​​​​​​​​​​​​​​រូប​នេះ​បាន​ហ្វឹក​ហាត់ និង​ក្លាយ​ជា​កីឡាករ​ប្រដាល់​បាន​អះ​អាង​ថា​ Richard គឺ​ជា​កីឡាករ​ដែល​មានសមត្ថភាព​ប្រកួត​ល្អ និង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ ។

បើ​ទោះ​ជា​កីឡាករ​សេន​ ប៊ុន​ថេន​​ ត្រូវគេ​ជឿ​ថា ហាក់​មាន​សន្ទុះ​ក្នុងការ​ប្រកួត​ល្អ​ជាង​ បុ៉ន្តែ​គេ​មិន​ដឹង​នោះ​ឡើយ​ថា កីឡាករ​កម្ពុជា​អាច​មាន​ប្រៀប​លើ​កីឡាករ​ស្លូ​វ៉ាគី​ ដែល​ជាដៃគូ​ និង​មានបទ​ពិសោធន៍​ប្រកួត​តិច​ជាង​ ឬ​យ៉ាងណា​ ? ចាំ​មើលមើល៍​ តើ​ការ​ជួប​គ្នា​រវាង​កីឡាករ​កម្ពុជា​ ​និង​កីឡាករ​បរទេស​ទាំង​៣​គូ​​នេះ​នឹង​ធ្វើ​ឱ្យ​សង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ ដែល​ទើប​នឹង​បើក​ឆាក​ប្រកួត​ប្រចាំខែ​ជា​លើក​ដំបូង​នេះ​ទទួល​បាន​ការ​គាំទ្រ​បុ៉ន​ណា​ ?​