រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់វគ្គជម្រុះវិលជុំឈានទៅដណ្តើមខ្សែក្រវាត់ស្រាបៀរភ្នំពេញនៅលើសង្វៀន CTN ថ្ងៃនេះ (២៧ មីនា) បានឈានចូលដល់សប្តាហ៍ទី៧ ហើយ ។ កីឡាករដែលជាបេក្ខភាពឡើងប្រកួតនៅថ្ងៃនេះមាន ទឹម សុជាតិ មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួបជាមួយ ខឹក សុខឿន មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ និង គឿម សុវណ្ណឌឿត មកពីក្លិបមោងឫស្សី ខេត្តបាត់ដំបង ជួបជាមួយ ហេង សត្រា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ។
រវាង ទឹម សុជាតិ និងខឹក សុខឿន ប្រកួតបានចំនួន៣លើកម្នាក់រួចមកហើយ បុ៉ន្តែលទ្ធផលមិនដូចគ្នាទេ ពោលគឺ ទឹម សុជាតិ ឈ្នះ២លើក ចាញ់១លើក រីឯ ខឹក សុខឿន ចាញ់ទាំង៣លើក ។ តាមរយៈលទ្ធផលនេះគេអាចវាយតម្លៃបានថា ទឹម សុជាតិ មានឱកាសច្រើនក្នុងការឈោងចាប់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ។ ចំណែក ខឹក សុខឿន បែបអស់ផ្លូវអ៊ុតហើយ បើចាញ់លើកនេះទៀតនឹងជ្រុះចេញពីវគ្គជម្រុះនេះដោយស្វ័យប្រវត្តិ ។ ចំណែកឯ គឿម សុវណ្ណឌឿត និងហេង សត្រា ក៏ទើបប្រកួតបាន៣លើកម្នាក់ដែរ ក្នុងនោះឈ្នះ២លើក ចាញ់១លើកដូចគ្នា ។ ដូច្នេះសម្រាប់ការជួបគ្នាលើកនេះទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីទទួលបាន៣ពិន្ទុទៀត បុ៉ន្តែមិនដឹងថា អ្នកណាមានសំណាងជាងនោះឡើយ ។
គូនេះទាំងកម្លាំង និងល្បិចប្រយុទ្ធនៅលើសង្វៀន គឺប្រហាក់ប្រហែលគ្នាតែម្តង ដូច្នេះមិនអាចមើលស្រាលលើខាងណាបានឡើយ។ បុ៉ន្តែសម្រាប់ទស្សនិកជនដែលធ្លាប់តាមដានការប្រកួតភាគច្រើន គេមានជំនឿចិត្តលើ គឿម សុវណ្ណឌឿត ច្រើនជាង ។ ដោយឡែក គូប្រកួតមិត្តភាពវិញមាន ឌុន រដ្ឋា មកពីក្លិបអេភូថងកីឡា ជួបជាមួយ ខុន រាជ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ។ ឡុង ប៊ុនយីម មកពីក្លិបសានវ័ន្តកីឡា ជួបជាមួយ រាជសីហ៍ ចាន់ឌី មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន និង សេន ម៉ៅ មកពីក្លិបខ្លារខិនមានឫទ្ធិ ជួបជាមួយ គុន សំណាង មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ៕
ចែករំលែកព័តមាននេះ