សមាជិកគណៈកម្មាធិការបោះឆ្នោតអីុរ៉ាក់ កាលពីថ្ងៃទី២៥ មីនា បានសុំលាលែងទាំងអស់គ្នាដើម្បីតវ៉ាប្រឆាំងនឹងការជ្រៀតជ្រែកខាងនយោបាយចូលក្នុងកិច្ចការពួកគេ ដែលប្រការនេះអាចនាំឱ្យមានបញ្ហាថែមទៀតដល់ការបោះឆ្នោតសភាដែលគ្រោងធ្វើនាថ្ងៃទី៣០ មេសា ខាងមុខនេះ ។
ការរៀបចំបោះឆ្នោត រងការគំរាមកំហែងស្រាប់ហើយ ដោយអំពើហិង្សាក្នុងប្រទេស ។ ក្នុងសេចក្តីប្រកាសមួយ សមាជិកគណៈកម្មាធិការបោះឆ្នោតទាំងនោះសរសេរថា គណៈកម្មាធិការបោះឆ្នោតរងការគាបសង្កត់យា៉ងខ្លាំងដោយសារជម្លោះរវាងនីតិបញ្ញត្តិនិងតុលាការ ។ ដោយសារបែបនេះ បណ្តាសមាជិកគណៈកម្មាធិការបោះឆ្នោតបានសម្រេចចិត្ត រួមគ្នាដាក់ពាក្យសុំលាលែង ។ យោងតាមអ្នកទាំងនោះថា ជម្លោះរវាងសភានិងតុលាការមានប្រភពពីការបកស្រាយផ្ទុយគ្នាលើច្បាប់បោះឆ្នោតដែលគេអាចដកបណ្តាបេក្ខជន ដែលគេថាមានឈ្មោះមិនល្អចេញ ។ សមាជិកគណៈកម្មាធិការបោះឆ្នោតចោទប្រកាន់នាយករដ្ឋមន្ត្រី លោក នូរី អាល់មា៉លីគី ថាប្រើមាត្រានោះដើម្បីកម្ចាត់បណ្តាគូប្រជែងខាងនយោបាយ ហើយត្រាយផ្លូវសម្រាប់លោកកាន់អំណាចមួយអាណត្តិទៀត ។ សេចក្តីប្រកាសគូសបញ្ជាក់ទៀតថា ការសុំលាលែងព្រមគ្នាបែបនេះគឺសំដៅថែរក្សាឯករាជភាពនិងវិជ្ជាជីវៈរបស់គណៈកម្មាធិការបោះឆ្នោត ៕
ចែករំលែកព័តមាននេះ