ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​រឹត​បន្តឹង​គ្រឿង​ស្រវឹង​ថ្មី​ថៃ រង​ការ​រិះគ.ន់​ពី​អ្នកទេសចរ និង​ប្រតិបត្តិ​ករ​ទេសចរណ៍

1 ម៉ោង មុន

ទីក្រុង​បាងកក ៖ ច្បាប់​គ្រប់គ្រង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ថ្មី​របស់​ប្រទេស​ថៃ ទទួល​រង​ការ​រិះគន់ និង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​បណ្តា​អ្នកទេសចរ និង​ប្រតិបត្តិ​ករ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ផ្ទាល់ ជាមួយ​ការ​លើក​ឡើង​ថា ច្បាប់​ថ្មី​នេះ នឹង​គំរាមកំហែង​ដល់​អាជីវកម្ម​នៅ​ពេល​យប់​របស់​ប្រទេស​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន…

ទីក្រុង​បាងកក ៖ ច្បាប់​គ្រប់គ្រង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ថ្មី​របស់​ប្រទេស​ថៃ ទទួល​រង​ការ​រិះគន់ និង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ពី​បណ្តា​អ្នកទេសចរ និង​ប្រតិបត្តិ​ករ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ផ្ទាល់ ជាមួយ​ការ​លើក​ឡើង​ថា ច្បាប់​ថ្មី​នេះ នឹង​គំរាមកំហែង​ដល់​អាជីវកម្ម​នៅ​ពេល​យប់​របស់​ប្រទេស​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ថ្មី ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ហាមឃាត់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ចន្លោះ​ពី​ពាក់កណ្តាល​អធ្រាត្រ ដល់​ម៉ោង ១១​ព្រឹក និង​ចាប់ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ៥ ល្ងាច​។ អ្នក​ល្មើស​នឹង​រង​ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ១០ ០០០ បាត ឬ ៣០០ ដុល្លារ​អា​មេ​រិ​ក​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​កាសែត​បាងកក​ប៉ុស្តិ៍​បានឱ្យ​ដឹង​ថា ក្រោយ​ការ​ប្រកាស​ច្បាប់​ថ្មី​នេះ បណ្តា​អ្នកទេសចរ​បរទេស​បាន​នាំ​គ្នា​ចូល​ទៅ​កាន់​បណ្តាញ​សង្គម​ជាមួយ​ការ​រិះគន់​ច្បាប់​ថ្មី​នេះ​ថា មិន​សម​ហេតុផល និង​រឹតត្បិត​ខ្លាំង​ពេក​។ អ្នកខ្លះ​លើក​ឡើង​ថា ពួក​គេ​នឹង​ជៀសវាង​ទៅ​កម្សាន្ត​ប្រទេស​ថៃ ហើយ​ជំនួស​វិញ ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ ដែល​មានច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ធូរស្រាល​ជាង​នេះ​។

ម្ចាស់​គណនី​ម្នាក់​បាន​បញ្ចេញមតិ​ថា ប្រទេស​ថៃ​និយាយ​ថា ខ្លួន​ត្រូវការ​អ្នកទេសចរ​បន្ថែម​ទៀត ប៉ុន្តែ​គោលនយោបាយ​ថ្មី​នេះ នឹង​មាន​ផល​ប៉ះពាល់​ផ្ទុយ​ពី​នេះ វា​ផ្តល់​ឱ្យ​អ្នកទេសចរ​នូវ​ហេតុផល​ជា​ច្រើន ដើម្បី​ជ្រើសរើស​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​។ មតិ​មួយទៀត​បាន​លើក​ឡើង​ថា នៅ​ពេល​អ្នកទេសចរ​ដឹង​ថា ពួក​គេ​មិន​អាច​ផឹកស្រា​បៀរ​ត្រជាក់​ៗ លើ​ឆ្នេរ​នៅ​ពេល​ថ្ងៃ​ក្តៅ​បំផុត​បាន​ទេ ពួក​គេ​នឹង​មិន​គិត​ពី​ប្រទេស​ថៃ​ឡើយ​។ មតិ​មួយទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា អ្នកទេសចរ​កំពុង​សម្រុក​ទៅ​ប្រទេស​វៀតណាម​រួច​ទៅ​ហើយ​។

ច្បាប់​ថ្មី​នេះ​កើតឡើង នៅ​ពេល​ដែល​ប្រទេស​ថៃ ដែល​សេដ្ឋកិច្ច​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍​នោះ មើលឃើញ​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀ​ង​ទេសចរ ដោយ​ប្រទេស​នេះ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​បាន​ត្រឹម ២៦.២ លាន​នាក់​នៅ​ឆ្នាំ​នេះ ដែល​ជា​ការ​ធ្លាក់​ចុះ ៧,២៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ នេះ​បើ​តាម​របាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

អ្នកជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​បាន​ព្រមាន​ថា គោលនយោបាយ​នេះ អាច​ធ្វើ​ឱ្យ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ថែម​ទាំង​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​ធ្លាក់​ដល់​គែម​នៃ​វិបត្តិ​ទៀត​ផង​។ តាម​ប្រភព​ពី​កាសែត​ថៃ The Nation បានឱ្យ​ដឹង​ថា លោក Sorathep Rojpotjanaruch ប្រធាន​សមាគម​អាជីវកម្ម​ភោជនីយដ្ឋាន​ថៃ ក៏​បាន​រិះគន់​ច្បាប់​ថ្មី​នេះ​ផង​ដែរ ដោយ​លើក​ឡើង​ថា វា​មិន​ច្បាស់​ថា​ច្បាប់​នេះ​មាន​គោលបំណង​អ្វី​នោះ​ទេ​។ អ្នក​ដែល​បាន​ចុះហត្ថលេខា​លើ​វា​ប្រហែលជា​មិនដឹង​ថា​វា​នឹង​បង្ក​ការ​ខូចខាត​ប៉ុន្មាន​ដល់​សេដ្ឋកិច្ច​ទេសចរណ៍ និង​សេវាកម្ម​របស់​ប្រទេស​នោះ​ទេ​។

លោក Sanga Ruangwattanakul ប្រធាន​សមាគម​អាជីវកម្ម​ផ្លូវ​ខាវ​សាន (Khaosan) នៃ​ទីក្រុង​បាងកក បាន​ព្រមាន​ថា បទ​ប្បញ្ញត្តិ​មិន​ច្បាស់លាស់​របស់​ច្បាប់​នេះ អាច​រារាំង​ភ្ញៀវ​ទេសចរ​ក្នុង​រដូវ​ទេសចរណ៍​ទាក់ទាញ​ខ្លាំង​នៅ​ខាង​មុខ​នេះ​។

ក្រៅពី​នោះ បណ្តា​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ថៃ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ថា គោលនយោបាយ​ថ្មី​នេះ ប្រឈម​នឹង​ការ​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​ប្រកួតប្រជែង​ផ្នែក​ទេសចរណ៍​របស់​ប្រទេស​ថៃ ជា​ពិសេស​នៅ​ក្នុង​តំបន់​កម្សាន្ត​ពេល​រាត្រី និង​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អឺរ៉ុប ដែល​ជា​ធម្មតា​និយម​ផឹកស្រា​រហូត​ដល់​យប់​ជ្រៅ​។

ប្រទេស​ជា​ច្រើន​បាន​ចេញ​សេចក្តីណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​រួច​ហើយ ដោយ​ព្រមាន​ពលរដ្ឋ​ពួក​គេ​អំពី​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ១០ ០០០ បាត ចំពោះ​ការ​ផឹកស្រា បន្ទាប់​ពី​ពាក់កណ្តាល​អធ្រាត្រ​។ សមាគម​ភោជនីយដ្ឋាន និង​ក្លិប​រាត្រី​របស់​ថៃ​បាន​ជួប​ប្រជុំ​គ្នា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា កន្លង​ទៅ ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ថៃ លោក អា​នុ​ទី​ន ឆាន​វី​រៈ​គុល (Anutin Charnvirakul) ដើម្បី​ស្នើ​សុំ​ការ​កែប្រែ​ច្បាប់​ថ្មី​នេះ​។

ជាមួយ​គ្នា​នោះ បណ្តា​ថ្នាក់ដឹកនាំ​ធុរកិច្ច​បាន​បញ្ជាក់​ថា ច្បាប់​ច្បាស់លាស់ និង​ការ​ធ្វើ​វិសោធនកម្ម​ណាមួយ គឺ​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ការពារ​ទីកន្លែង​ដែល​មាន​អាជ្ញាប័ណ្ណ និង​រក្សា​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ថៃ​ក្នុង​វិស័យ​ទេសចរណ៍ និង​ក្លិប​កម្សាន្ត​រាត្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ