ទីក្រុងវ៉ាស៊ីនតោន៖ មន្ត្រីបម្រើការនៅក្នុងក្រសួងការពារជាតិអាមេរិកបានថ្លែងប្រាប់បណ្ដាប្រទេសនៅអឺរ៉ុបដែលជាសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូជាមួយគ្នាថាពួកគេ (អឺរ៉ុប) ត្រូវតែទទួលរ៉ាប់រងកិច្ចការគ្រប់យ៉ាងបន្តពីអាមេរិកចាប់ពីឆ្នាំ២០២៧តទៅ។ កិច្ចការនោះពាក់ព័ន្ធនឹងការការពារសន្តិសុខរបស់សម្ព័ន្ធមិត្តដែលមិនប្រើអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមប្រភពចំនួន៥នាក់ដែលសូមមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេចក្ដីជូនដំណឹងនេះត្រូវបានប្រាប់បន្តទៅក្រុមអ្នកការទូតនានាដែលចូលរួមកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន។ ដំណឹងនេះក៏កើតឡើងចំពេលដែលមានសញ្ញាថាអាមេរិកលើកនេះប្រហែលជាត្រូវដកខ្លួនថយមែនទែនហើយពីការងារសម្របសម្រួលផ្នែកការពារជាតិជាមួយក្រុមសម្ព័ន្ធមិត្តណាតូបើសិនពួកគេមិនអាចរ៉ាប់រងធ្វើកិច្ចការនេះបានទៅតាមកាលកំណត់។

មន្ត្រីរដ្ឋាភិបាលអឺរ៉ុបខ្លះយល់ថាឱសានវាទនេះហាក់ដូចជាឆាប់រហ័សពេកហើយ។ តាមដឹងមកថាមន្ត្រីអាមេរិកនៅមន្ទីរបញ្ចកោណហាក់មិនសប្បាយចិត្តទាល់តែសោះនៅពេលអឺរ៉ុបធ្វើកិច្ចការមិនបានលឿនទាន់ចិត្តចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ រដ្ឋាភិបាលរបស់លោកត្រាំចង់ឱ្យអឺរ៉ុបរ៉ាប់រងធ្វើកិច្ចការឱ្យបានច្រើនក្នុងការការពារជាតិរបស់ពួកគេ។

គួរកត់សម្គាល់ថាដំណឹងនេះលេចឮឡើងនៅពេលរដ្ឋាភិបាលរបស់លោកត្រាំថ្លែងថាអាមេរិកមានទស្សនៈមិនស្របគ្នាជាមួយក្រុមប្រទេសនៅក្នុងអង្គការណាតូដទៃទៀតពាក់ព័ន្ធនឹងការរំពឹងទុកដែលគ្មានភាពប្រាកដនិយមនៅក្នុងបញ្ហាអ៊ុយក្រែន។ ការខ្វែងគំនិតគ្នានេះរំលេចឱ្យឃើញនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ (អាមេរិក) ដែលផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមប្រភពពីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕

ចែករំលែកព័តមាននេះ