ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហាន​ថ្មី​នៃ​ទេសចរណ៍! កម្ពុជា-បារាំង ចាប់ដៃគ្នា​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ឲ្យ​ដល់​កម្រិត​អន្តរជាតិ​

12 ម៉ោង មុន

​ ​រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍​​ និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ឲ្យ​ឈានដល់​ស្តង់ដា​​អន្តរជាតិ។​​ យោងតាមការផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០៥ ខែធ្នូនេះ បានឱ្យដឹងថាក្នុងជំនួប​ការងារ​ដ៏​សំខាន់​នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា…

​រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍​​ និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ឲ្យ​ឈានដល់​ស្តង់ដា​​អន្តរជាតិ។​

យោងតាមការផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០៥ ខែធ្នូនេះ បានឱ្យដឹងថាក្នុងជំនួប​ការងារ​ដ៏​សំខាន់​នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ពិភាក្សា​ជាមួយ​លោក Oliver Richard ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា ស្តីពី​យុទ្ធសាស្ត្រ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍។

​លោក​ឯកអគ្គរដ្ឋទូត​បារាំង បាន​គូសបញ្ជាក់​អំពី​ការចូលរួម​ដ៏​សំខាន់​របស់​ប្រទេស​បារាំង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ជា​យូរ​មកហើយ តាមរយៈ​គម្រោង​សហប្រតិបត្តិការ​ជាច្រើន។ ទន្ទឹមនឹងនេះ បារាំង​បាន​សន្យា​បន្ត​ជួយ​គាំទ្រ​បន្ថែម​ទៀត​ទាំង​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច។

​ជា​កិច្ច​ឆ្លើយតប លោក​រដ្ឋមន្ត្រី​ហួត ហាក់ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល ប្រជាជន និង​ស្ថានទូត​បារាំង ដែល​បាន​ជួយឧបត្ថម្ភ និង​គាំទ្រ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​ការ​អភិវឌ្ឍ​ទេសចរណ៍។

លោក​រដ្ឋមន្ត្រី​ក៏បាន​សម្តែង​ការ​ដឹងគុណ​ដល់​ស្ថានទូត​បារាំង​ចំពោះ​ការ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​សក្តានុពល​ទេសចរណ៍ កាលានុវត្តភាព​វិនិយោគ និង​សភាពការណ៍​ដ៏​ល្អ​ប្រសើរ​ពី​នយោបាយ ​សុខសន្តិភាព សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​កម្ពុជា​ទៅដល់​វិនិយោគិន និង​ប្រជាជន​បារាំង។

កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ បាន​ធ្វើឲ្យ​ចំនួន​ភ្ញៀវទេសចរ​បារាំង​មក​ទស្សនា​កម្ពុជា​កើនឡើង​ជា​រៀងរាល់​ឆ្នាំ ហើយ​បារាំង​បាន​ក្លាយជា​​ទីផ្សារ​ធំ​ទាំង ១០​របស់​កម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ