ខេត្តកណ្តាល ៖ ទីបំផុត ប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់ចេញពីសសរស្ពានព្រែកតាមាក់ ត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំទឹកស្រកទៅវិញ ទើបបន្តការទាញយកសាឡង់នោះជាថ្មីឡើងវិញ ។ យប់ថ្ងៃទី១៤ កញ្ញា លោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំនិងត្រួតពិនិត្យការព្យាយាមទាញសាឡង់ចេញពីសសរស្ពានមានប្រសាសន៍ថា ប្រតិបត្ដិការអូសទាញសាឡង់ដឹកខ្សាច់ ដែលគឿងជាប់ថាសសសរស្ពានទី៣ ស្ពានព្រែកមាក់ នោះត្រូវផ្អាកជាបណ្ដោះអាសន្ន ក្រោយប្រើគ្រប់មធ្យោបាយនៅតែមិនបានទទួលជោគជ័យ ។ សូមរំលឹកថា៖ សាឡង់ដឹកខ្សាច់បុកសសរស្ពានព្រែកតាមាក់ នៅមិនទាន់អាចយកចេញបាន
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ចំពោះថ្ងៃដែលត្រូវចាប់ផ្តើមប្រតិបត្តិការឡើងវិញនោះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះថាក្រុមការងារបច្ចេកទេស និងអ្នកជំនាញ ដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរង់ចាំស្ថានភាពទឹកស្រកសិន ទើបអាចបំពេញការងារបន្ដទៀតបាន ព្រោះពេលនេះទឹកហូរខ្លាំង ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលប្រចាំការដឹកនាំបញ្ជាផ្ទាល់ តាំងពីថ្ងៃដំបូងមានប្រសាសន៍ថា ការសម្រេចផ្អាកសកម្មភាពនេះ ធ្វើឡើងតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។ លោកបានឲ្យដឹងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំច្បាស់ហើយ ហាមដាច់ខាតមិនឲ្យក្រុមការងារប្រើប្រាស់នូវវិធីសាស្ដ្រចុះកាត់សាឡង់ដឹកខ្សាច់នេះជាពីរនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ក្រុមប្រតិបត្តិការជាយថាហេតុ ។
បើតាមលោក ស៊ុន ចាន់ថុល ហេតុផលមួយទៀត ដែលនាំឲ្យក្រុមការងារបច្ចេកទេសសម្រេចផ្អាកសកម្មភាពនេះក៏ដោយសារមានការបញ្ជាក់ពីក្រុមហ៊ុនសៀងហៃ ដែលជាអ្នកទទួលស្ថាបនាស្ពានព្រែកតាមាក់ បានចុះមកពិនិត្យផ្ទាល់នៅទីតាំងកើតហេតុ ហើយបានអះអាងថា មិនមានការប៉ះពាល់ណាមួយដល់សសរស្ពានឬតួស្ពានទាំងមូលដោយសារសាឡង់បុកនោះឡើយ ។
លោកទេសរដ្ឋមន្ដ្រីបានលើកឡើងដែរថា សម្រាប់ប្រតិបត្ដិការ៧ថ្ងៃមកនេះ ក្រុមការងារជំនាញ បានប្រើប្រាស់ស្ទើរគ្រប់វិធីសាស្ដ្រ ទាំងប្រើនាវាទាញ និងរុញនៅតែមិនចេញ ។ លោកថា ការដែលទាញមិនចេញដោយសារតែសាឡង់មានទម្ងន់ធ្ងន់ បើទោះបីបូមខ្សាច់ចេញអស់ក៏ពិតមែន ព្រោះសាឡង់មានប្រវែងជាង៤៣ម៉ែត្រ ទទឹង៨ម៉ែត្រ បូករួមចរន្ដទឹកហូរខ្លាំងគឺជាឧបសគ្គធំ សម្រាប់ប្រតិបត្តិការទាំងមូល ។ ហេតុ ការណ៍សាឡង់ដឹកខ្សាច់បុកសសរស្ពានព្រែកតាមាក់ កើតឡើងកាលពីរសៀលថ្ងៃទី៧ កញ្ញា បណ្តាលឲ្យកៀបជាប់នៅនឹងថាសសសរស្ពានទី៣ ។ រហូតមកដល់ថ្ងៃទី១៤ កញ្ញានេះ មានរយៈពេល៧ថ្ងៃហើយ ដែលអ្នកជំនាញនៅមិនទាន់អាចយកសាឡង់នេះចេញបាននៅឡើយ ។
ទោះបីជាបែបណា កាលពីថ្ងៃទី១២ កញ្ញា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានប្រកាសបិទចរាចរណ៍នាវា ជលយាន ជលយានយន្តគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល ។
ការប្រកាសបានបន្តទៀតថា ដោយមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំងនៅសសរស្ពានព្រែកតា
មាក់ ហើយក្រុមការងារខាងបច្ចេកទេសកំពុងធ្វើការជួយសង្គ្រោះ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កណ្តាល សូមធ្វើការបិទសារាចរណ៍នាវា ជលយាន ជលយានយន្តគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ស្ថិតក្នុងស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាលជាបណ្តោះអាសន្នចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៣ កញ្ញា ២០១៩ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ