ខេត្តកណ្តាល ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹង នៅថ្ងៃទី១២ កញ្ញា នេះថា អាជ្ញាធរពាក់ព័ន្ធដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទាញយកសាឡង់ដឹកខ្សាច់បុកសសរស្ពានព្រែកតាមាក់ ដែលពេលនេះឈានចូលថ្ងៃទី៥ហើយ ដែលសាឡង់ដឹកខ្សាច់មួយគ្រឿង នេះ បានបើកទៅបុកសសរស្ពានព្រែកតាមាក់ (សសរទី៣) កាលពីរសៀលថ្ងៃទី៨ កញ្ញា មកម្ល៉េះ ។ សូមរំលឹកថា៖ មូលហេតុដែលសាឡង់ដឹកខ្សាច់បើកបុកជាប់សសរស្ពានព្រែកតាមាក់
សាឡង់ដឹកប្រេងនេះបណ្តាលគាបជាប់នៅនឹងសសរស្ពានតែម្តង បង្ករការភ្ញាក់ផ្អើលដល់មហាជន និងជា
ចម្ងល់ដែលអាជ្ញាធរឆ្លើយថា សាឡង់ដឹកខ្សាច់បើកបុកសរសរស្ពានព្រែកតាមាក់ ដោយសារសាឡង់បូមខ្សាច់ បើកចៀសកាប៉ាល់ទេសចរណ៍ តែប្រភពព័ត៌មានបានលួចបង្ហើបថា ដោយសារសាឡង់ដឹកខ្សាច់ បើកៗរលត់កាច់ចង្កូតអត់ទាន់ ។ ពេលហេតុការណ៍ផ្ទុះឡើងភ្លាមៗ អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានដឹកនាំកម្លាំងចម្រុះចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយយកសាឡង់ដឹកខ្សាច់នេះចេញពីសសរស្ពាន។
គួរបញ្ជាក់ថា ស្ពានព្រែកតាមាក់ ស្ថិតនៅចម្ងាយប្រមាណ៤០គ.ម ភាគខាងជើងរាជធានីភ្នំពេញ ដែលបានផ្ដល់ការតភ្ជាប់រវាងច្រាំងខាងកើត និងច្រាំងខាងលិចនៃទន្លេមេគង្គ។ស្ពាន ព្រែកតាមាក់មានប្រវែង សរុប១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថាទៀតថា សាឡង់ដែលបើកបុកសសរស្ពានព្រែកតាមាក់ មានម្ចាស់អាជីវកម្មឈ្មោះចាន់ ណា ភេទប្រុសអាយុ៦១ឆ្នាំ មានទីលំនៅផ្ទះលេខ17AE1E0 ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានចេញមុខមកទទួលខុសត្រូវហើយ ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ