ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ហ៊ុន ម៉ានី​ ​នាំ​យក​​ថវិកា​​សម្តេច​​តេជោ​ និង​​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ប្រគល់​​ជូន​​អត្ត​​ពលិក​​ជន​​ពិការ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ ថវិកា​ឧបត្ថម្ភ​ដែល​ជា​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ផ្ទាល់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ចំនួន​១២០.៥០០​ដុល្លារ​អាមេរិក​​ត្រូវ​បាន​លោកហ៊ុន ម៉ានី​ ដែល​ជា​បុត្រា​របស់​សម្តេច​ទាំង​ទ្វេ​ នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​កីឡាករ​-​កីឡា​ការិនី​ជន​ពិការ​ និង​គ្រូ​បង្វឹក​-គ្រូ​ជំនួយ​ ដែល​ទទួល​បាន​ជ័យ​លាភី​ពី​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​៧

រាជធានី​ភ្នំ​ពេញ​ ៖ ថវិកា​ឧបត្ថម្ភ​ដែល​ជា​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ផ្ទាល់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ចំនួន​១២០.៥០០​ដុល្លារ​អាមេរិក​​ត្រូវ​បាន​លោកហ៊ុន ម៉ានី​ ដែល​ជា​បុត្រា​របស់​សម្តេច​ទាំង​ទ្វេ​ នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​កីឡាករ​-​កីឡា​ការិនី​ជន​ពិការ​ និង​គ្រូ​បង្វឹក​-គ្រូ​ជំនួយ​ ដែល​ទទួល​បាន​ជ័យ​លាភី​ពី​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​៧​ នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ កាល​ពី​រសៀល​ថ្ងៃទី​២៤​ មីនា​ នៅ​មជ្ឈ​មណ្ឌល​ជន​ពិការ​កម្ពុជា​ ស្ថិត​នៅ​ក្នុង​សង្កាត់​​ភ្នំ​ពេញ​ថ្មី​ ។​

លោក​យី វាសនា​ អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា​​ឱ្យ​ដឹង​ថា​ ព្រឹត្តិ​ការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​៧​ នៅ​ទីក្រុង​ណៃ​ពីដោ​ ប្រទេស​មីយ៉ាន់​ម៉ា​ ដែល​កម្ពុជា​បាន​ចូល​រួម​ គឺ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​១១​ ដល់​ ២១​ ខែ​មករា​ ឆ្នាំ​២០១៤​ មក​ម៉្លេះ ។​ ក្នុង​នោះ​គណៈ​កម្មា​ធិការ​ជាតិ​ប៉ារ៉ាឡាំ​ពិក​កម្ពុជា​បាន​ដឹក​នាំ​ប្រតិភូ​ កីឡាករ​-​កីឡា​ការិនី​ គ្រូ​បង្វឹក​ សរុប​មាន​ចំនួន​៣៣​រូប​ទៅ​ចូលរួម​ប្រកួត​លើ​ប្រភេទ​វិញ្ញាសា​អត្ត​ពល​កម្ម (រត់​ចម្ងាយ​,​ ប្រណាំង​រទេះ)​ ហែល​ទឹក និង​បាល់​ទះ​អង្គុយ​ ។​ ជា​លទ​្ធ​ផល​ កីឡាករ​-​កីឡា​ការិនី​ជន​ពិការ​កម្ពុជា​ ទទួលបាន​ជ័យ​លាភី​ល្អគួរ​ឱ្យ​កត់​សម្គាល់​ ក្នុង​នោះ​រួម​មាន​ ផ្នែក​អត្ត​ពល​កម្ម​ទទួល​បាន​មេដាយ​មាស​៣​គ្រឿង,​ ប្រាក់​១១​គ្រឿង​, សំរឹទ្ធ​៥​គ្រឿង ។​

ផ្នែក​ហែល​ទឹក​ទទួល​បាន​មេដាយ​មាស​១​គ្រឿង​ និង​ផ្នែក​បាល់​ទះ​អង្គុយ​ទទួលបាន​មេដាយ​សំរឹទ​្ធ​១២​គ្រឿង ។​ សរុប​មេដាយ​ទទួល​បាន​ទាំងអស់​ចំនួន​៣២​គ្រឿង​ ក្នុង​នោះ​មាស​៤​គ្រឿង,​ ប្រាក់​១១​គ្រឿង​ និង​សំរឹទ្ធ​១៧​គ្រឿង ។​ លោក​បន្ត​ថា​ ឆ្លើយ​តប​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កីឡាករ​-​កីឡា​ការិនី​ គ្រូ​បង្វឹក​ គ្រូ​ជំនួយ​ រាជ​រដ្ឋាភិ​បាល​កម្ពុជាដែល​មាន​សម្តេច​តេជោ ហ៊ុន សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​ បាន​យក​ចិត្ត​ទុក​ដាក់​ និង​លើក​ទឹក​ចិត្ត​ ដោយ​បាន​ធ្វើ​វិសោធន​កម្ម​លើ​អនុក្រឹត្យ​ផ្តល់​ប្រាក់​រង្វាន់​ជ័យ​លាភី​ និង​ដាក់​ឱ្យ​ប្រើប្រាស់​អនុក្រឹត្យ​ថ្មី​លេខ​៥៣២​ អនក្រ.បក ចុះ​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​ផ្តល់​ប្រាក់​រង្វាន់​ច្រើន​ជាង​មុន​ចំពោះ​ជ័យ​លាភី​ និងប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូ​បង្វឹក​ក្នុង​ការប្រកួត​កីឡា​លក្ខណៈ​អន្តរ​ជាតិ​នោះ បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​សម្រាប់​ប្រទេស​ជាតិ ។​

លោក​ហ៊ុន ម៉ានី​ មាន​ប្រសាសន៍​ថា​ ថ្ងៃ​នេះ​លោក​មាន​កិត្តិ​យស​ខ្លាំងណាស់​ដែល​បាន​នាំ​យក​ថវិកា និង​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាកសួរ​​សុខ​ទុក្ខ​ និង​ការ​កោត​សរសើរ​ពី​សំណាក់​សម្តេច​ទាំង​ពីរ​ជូន​ដល់​កីឡាក​រ​-​កីឡា​ការិនី​ជន​ពិការ​ រួម​ទាំង​គ្រូ​​បង្វឹក និង​គ្រូ​ជំនួយ​ ដែល​បាន​ខិត​ខំ​​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​នាំ​យក​នូវ​មេដាយ​ជ័យ​លាភី​មក​ជូន​ជាតិ​មាតុ​ភូមិ​​យើង ។​ េម​ដាយ​ដែល​ទទួល​បាន​ពី​ការប្រកួត​កីឡាអាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​៧​ គឺ​ជា​ជោគ​ជ័យ​មួយ​ដែល​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​គាំទ្រ​របស់​គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំ​ពិក​កម្ពុជា​ ក្នុងការស្វែង​រក​កេរ្តិ៍​ឈ្មោះ​ជូន​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​ក្នុង​ថ្នាក់​តំបន់​ និង​លើ​ឆាក​អន្តរ​ជាតិ ។​ លោក​បន្ត​ទៀត​ថា​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​នៅ​តែ​ចាត់​ទុក​កីឡាករ-​កីឡា​ការិនី​ជន​ពិការ​ជា​កោសិកា​មួយ​ដ៏​សំខាន់​ និង​មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ​ ។​ ការ​ប្តេជ្ញា​មោះ​មុត​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អត្ត​ពលិក​ជន​ពិការ​យើង​សម្រេច​បាន​ជោគ​ជ័យ​ និង​មេដាយ​យ៉ាង​ច្រើន ។​

​សម្រាប់​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​អត្ត​ពលិក​ជន​ពិការ​នៅ​ពេល​នេះ គឺ​មេ​ដាយ​មាស​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៥.០០០​ដុល្លារ​, មេ​ដាយ​ប្រាក់​៣.០០០​ដុល្លារ​ និង​េម​ដាយ​សំរឹទ្ធ​២.០០០​ដុល្លារ​ក្នុង​មួយ​គ្រឿងៗ​ ។​ សូម​បញ្ជាក់​ថា មក​ទល់​បច្ចុប្បន្ន​នេះ​ មេដាយ​ដែល​អត្ត​ពលិក​ជន​ពិការ​ដណ្តើម​បាន​ពី​ព្រឹតិ្ត​ិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​តាំង​ពីលើក​ទី​១ រហូត​ដល់​លើក​ទី​៧ ​នេះ​ សរុប​មាន​ចំនួន​១២០​គ្រឿង​ហើយ​ក្នុង​នោះ​មេដាយ​មាស​២០​គ្រឿង​ មេដាយ​ប្រាក់​៥៤​គ្រឿង​ និង​មេដាយ​សំរឹទ្ធ​៤៦​គ្រឿង​ ៕​