រាជធានីភ្នំពេញ ៖ មកទល់ម៉ោងនេះ ការប្រកួតលើកចុងក្រោយរបស់កីឡាករ៣រូប គឺកីឡាករឯម ខ្លឹមខ្មៅ, កីឡាករឯម វត្ថា ដែលជាជើងខ្លាំងប្រចាំក្លិបឫទ្ធិពោធិសែនជ័យ និងកីឡាករម៉ន លីហួ មកពីក្លិបព្រែកឯងកីឡានោះ នៅតែមានអ្នកនិយាយ និងកោតសរសើរពីលទ្ធផលចុងក្រោយរបស់គេដែលទើបសម្រេចបាន ។
ជាមួយនឹងលទ្ធផលអាចផ្តួលដៃគូឱ្យដួលសន្លប់ព្រមគ្នា ដោយនឹកស្មានមិនដល់នោះមានមនុស្សមិនតិចឡើយលើកឡើងពីស្នាដៃរបស់ពួកគេដែលសម្រេចបានកាលពីថ្ងៃអាទិត្យកន្លងមកនោះ ។ ជាការពិត ការប្រកួតរបស់កីឡាករឯម ខ្លឹមខ្មៅ, កីឡាករឯម វត្ថា និងកីឡាករម៉ន លីហួ គឺបានបញ្ចប់ហើយតាំងពីថ្ងៃអាទិត្យ ទី២៣ មីនា បុ៉ន្តែបណ្តាលមកពីលទ្ធផលនោះហាក់កើតឡើងដោយភាពភ្ញាក់ផ្អើលពេក ទើបនៅតែមានការចាប់អារម្មណ៍នៅឡើយគិតមកដល់ត្រឹមពាក់កណ្តាលសប្តាហ៍នេះ ។ យោងតាមលទ្ធផលក្នុងការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនខុសគ្នានាថ្ងៃអាទិត្យនោះ គឺកីឡាករឯម ខ្លឹមខ្មៅ, កីឡាករឯម វត្ថា អាចផ្តួលកីឡាករដែលជាដៃគូឱ្យសន្លប់ដូចគ្នា ខណៈដែលដៃគូរបស់ពួកគេត្រូវគេដឹង និងស្គាល់យ៉ាងច្បាស់ថាមិនមែនធម្មតា ។
ក្រុមអ្នកស្នេហាកីឡាប្រដាល់នៅតែរំលឹកដដែលជាដដែលពីទិដ្ឋភាព និងលទ្ធផលនៃការប្រកួតនោះ ព្រោះតែភាពភ្ញាក់ផ្អើល ។ កីឡាករឯម ខ្លឹមខ្មៅ នៅលើសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ បានផ្តួលកីឡាករឡេះ តើក មកពីក្លិបពុទ្ធសេរីវង្សកីឡា ក្នុងវគ្គការពារតំណែង ។ មុនពេលប្រកួត កីឡាករឡេះ តើក បានបង្ហាញការតាំងចិត្តយ៉ាងខ្លាំងថា អាចសងសឹក ឯម ខ្លឹមខ្មៅ បាន ខណៈដែលការប្រកួតរបស់គេនៅខាងដើមទឹក ក៏ធ្វើឱ្យមានការជឿជាក់យ៉ាងខ្លាំង ហើយការប្រកួតកាលពីមុន គេចាញ់ ឯម ខ្លឹមខ្មៅ ដោយប្រផិតប្រផើយបុ៉ណ្ណោះ។ ក្រុមអ្នកទស្សនាស្ទើរមិនជឿសោះឡើយក្នុងពេលដែល ឡេះ តើក ត្រូវគេឃើញថាល្អស្នៀត និងមានឱកាសវាយលុកបានច្រើន ស្រាប់តែដួលសន្លប់ភ្លឹងនៅក្នុងទឹកទី៤ ក្នុងពេលដែលការប្រកួតកំពុងតែជក់ចិត្ត ។ បើទោះជាក្នុងការប្រកួតទាំងមូល កីឡាករឡេះ តើក ហាក់ចាញ់ប្រៀប និងភាគច្រើនត្រូវកីឡាករឯម ខ្លឹមខ្មៅ យកធ្វើជាបាវសាក់ បុ៉ន្តែនោះជាវគ្គចុងសន្លប់ដែលកើតឡើងពីការទ្រមខ្លួនក្រោយបណ្តោយឱ្យ ឯម ខ្លឹមខ្មៅ វាយចំចំណុចសំខាន់ៗកាលពីទឹកទី៣ បុ៉ណ្ណោះ ។
ឯម ខ្លឹមខ្មៅ ប្រាប់ថា ហេតុផលដែលគេអាចផ្តួលកីឡាករឡេះ តើក ឱ្យសន្លប់ក្នុងទឹកទី៤ កាលពីថ្ងៃអាទិត្យនោះ គឺដោយប្រើបច្ចេកទេសទាំងអស់ ។ ក្នុងនោះសូម្បីតែការប្រកួតទាំងមូល ក៏គេធ្លាប់ប្តូរស្នៀត និងបច្ចេកទេសដែរ ដោយសារតែ ឡេះ តើក ក៏ជាកីឡាករជើងខ្លាំងដែលមានស្នៀតប្រយុទ្ធខ្លាំងក្លា មិនអាចមើលស្រាលបាន ។ ជោគជ័យដែលលោកទទួលបាន គឺដោយសារតែហេតុផលវាយចេញបានរហ័ស ពិសេសក្នុងការចេញកែងបុ៉ណ្ណោះ បើសំអាងត្រឹមស្នៀតដទៃ ពិតជាពិបាកយកប្រៀបលើកីឡាករឡេះ តើក ។ ងាកទៅកាន់ការប្រកួតរបស់កីឡាករឯម វត្ថា តែនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ក្នុងថ្ងៃដូចគ្នានោះវិញ ក៏មានការភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីកីឡាកររូបនេះអាចផ្តួលកីឡាករជើងខ្លាំង សូយ យក្សតឿ មកពីក្លិបពោធិជ័យកីឡា ឱ្យសន្លប់បានល្អក្នុងទឹកទី២ ដោយនឹកស្មានមិនដល់ដូចគ្នា ។ រវាងគូនេះគ្មានអ្នកណាគិតទាល់តែសោះថា ឯម វត្ថា អាចស៊ីផុយដល់ម្លុឹង ពិសេសនៅពេលគិតដល់រឿងសន្លប់ គឺរឹតតែគ្មានអ្នកជ្រើសយក ។
ទាំងអ្នកគាំទ្រ និងសាមីខ្លួន គិតត្រឹមតែថា អាចឈ្នះដោយពិន្ទុ ឬឈ្នះដោយមិនស្រួលខ្លួនបុ៉ណ្ណោះ ។ អុីចឹងហើយ ទើបកីឡាករឯម វត្ថា ខ្លួនឯង ក៏សម្តែងអារម្មណ៍ភ្ញាក់ផ្អើលដូចគ្នា ក្នុងពេលដែលការប្រកួតជាក់ស្តែង ស្រាប់តែហុចផលអាចឱ្យគេផ្តួលកីឡាករសូយ យក្សតឿ ដែលល្បី និងខ្លាំងក្លាក្នុងពិភពកីឡាប្រដាល់ឱ្យដួលដេកលើរេញ ដែលមិនខុសពីដណ្តើមបានជ័យជម្នះយ៉ាងឡូយដាក់ខ្លួនក្នុងទឹកទី២ នោះ ។ ឯម វត្ថា ប្រាប់ថា នោះគឺជាសំណាងដែលលោកទទួលបាន បន្ទាប់ពីមានឱកាសវាយដោយកណ្តាប់ដៃ ហើយត្រូវចំកន្លែងសំខាន់ ។ បុ៉ន្តែលោកនៅតែយល់ថា ជ័យជម្នះនោះគឺជារឿងហេង ច្រើនជាងបច្ចេកទេសជាក់ស្តែង ។
ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យនោះ កីឡាករម៉ន លីហួ មកពីក្លិបព្រែកឯងកីឡា ដែលកំពុងស្ទុះឡើងកូដ ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីគេបានប្រើបច្ចេកទេសវាយធ្វើឱ្យកីឡាករល្បីឈ្មោះដូចគ្នា ចាន់ វិរៈ មកពីក្លិបបញ្ជាការដ្ឋានកងពលតូចលេខ៧០ សន្លប់ក្នុងទឹកទី៤ ។ លទ្ធផលគូនេះមានមនុស្សមិនតិចជាងពាក់កណ្តាលកោតសរសើរអ្នកឈ្នះ ។ ម៉ន លីហួ បានត្រឹមតែអះអាងថា នោះជាការប្រកួតដែលសម្រេចព្រោះសំណាង ដោយមិនហ៊ានអួតថា នោះគឺជាបច្ចេកទេសដែលខ្លួនសម្រេចបានឡើយ ដែលទំនងខ្លាចពេលប៉ះគ្នាជាមួយ ចាន់ វិរៈ លើកក្រោយមិនអាចធ្វើបានដូចលើកនេះនាំឱ្យខ្មាសគេ។ លទ្ធផលលើកនេះកំពុងរុញឱ្យ ម៉ន លីហួ បន្តរំកិលខ្លួនមកដល់គូបន្ទាប់ឯក ក្នុងពេលដែលគេទើបឡើងរេញមួយរយៈខ្លីសោះ ៕
ចែករំលែកព័តមាននេះ