លោកចន រ៉ូប៊ើត ម្ចាស់ក្រុមហ៊ុន«AO.Com» ជាក្រុមហ៊ុនប្រព័ន្ធអនទ្បាញរបស់អង់គ្លេសដ៏ធំ ក្រោយពីបញ្ចូលក្រុមហ៊ុនក្នុងផ្សារភាគហ៊ុនមកបានប្រកាសថា លោកនឹងប្រគល់ទ្រព្យសរុប៥០០លានផោន ដល់ផ្នែកសប្បុរសធម៌ជំនួសការផ្តល់ដល់កូនទាំង៥នាក់របស់លោក ។
សារព័ត៌មានបរទេសផ្សាយថា លោកចន មានទ្រព្យសរុប៥០០លានផោន ។ លោកបានប្រកាសថា នឹងដើរតាមគន្លងឪពុករបស់លោកដោយបរិច្ចាគប្រាក់ទាំងអស់ដល់មូលនិធិសប្បុរសធម៌ ។ លោកមិនផ្តល់ទ្រព្យដល់កូនទាំង៥នាក់របស់លោកសូម្បីតែបន្តិចទ្បើយ ដោយយកគម្រូតាមឪពុករបស់លោក ដែលគាត់មានគោលគំនិតដ៏ល្អថា គាត់បានប្រគល់វត្ថុ ល្អៗក្នុងជីវិតដល់កូនរួចហើយ ដូច្នេះទៅថ្ងៃមុខគឺជាជីវិតរបស់កូន ដោយគេត្រូវបង្កើតមូលដ្ឋានសម្រាប់រស់ដោយខ្លួនឯង ។
លោកចន រ៉ូប៊ើត ចង់ឱ្យកូនទាំង៥នាក់រស់នៅប្រកបដោយសេចក្តីសុខ និងមានលក្ខណៈធម្មតា នៅក្នុងអាជីពដែលពួកគេជ្រើសយក ។ លោកចន ថ្លែងថា ប្រពន្ធ និងរូបលោកនឹងមិនឱ្យកូនទទួលមរតករបស់លោកទ្បើយ ។ កូនស្រីម្នាក់របស់លោកចង់ក្លាយជាគ្រូបង្រៀន ខណៈលោកក៏ចង់ឱ្យនាងក្លាយជាគ្រូបង្រៀនច្រើនជាងការគ្រប់គ្រងប្រាក់របស់លោក ។
លោកចន ជាមហាសេដ្ឋីដែលមានចិត្តសប្បុរសធម៌ដូចមហាសេដ្ឋីជាច្រើនរូបនៅលើពិភពលោកដែរ ដោយសម្រេចចិត្តបរិច្ចាគប្រាក់ជាលក្ខណៈសប្បុរសធម៌ដូចជា លោកប៊ីលហ្គេត អ្នកបង្កើតក្រុមហ៊ុន Microsoft មានទ្រព្យសរុបជាង៤៦.០០០លានផោន ប៉ុន្តែមិនបានផ្តល់មរតកណាមួយដល់កូនរបស់ខ្លួនទ្បើយ ដើម្បីឱ្យពួកគេបានដឹងច្បាស់ថា តើខ្លួនអាចរស់នៅបានដោយរបៀបណា ដោយមិនពឹងផ្អែកលើកេរមរតករបស់ឪពុកម្តាយ ៕
ចែករំលែកព័តមាននេះ