ធនាគាររដ្ឋវៀតណាម (SBV)បានកាត់បន្ថយអត្រាការប្រាក់អតិបរមារបស់ខ្លួនសម្រាប់វិស័យអាទិភាពចំនួន៥មានជាអាទិ៍ វិស័យកសិកម្ម នាំចេញ ឧស្សាហកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងក្រុមហ៊ុនបច្ចេកវិទ្យា ។ អត្រាការប្រាក់ថ្មីសម្រាប់កម្ចីឥណទានរយៈពេលខ្លី ដែលកំណត់ត្រឹម៨% ក្នុងមួយឆ្នាំបានចូលជាធរមានកាលពីថ្ងៃទី១៨ មីនា ។លោក Lam Anh Tuan នាយកក្រុមហ៊ុនThinh Phat Food Co.Ltd.បានថ្លែងប្រាប់កាសែតក្នុងស្រុកថា សហគ្រាសជាច្រើនបានចាប់ផ្តើមទិញអង្ករស្តុកទុក កាលពីថ្ងៃទី២០ មីនា ។ ហេតុដូច្នេះការកាត់បន្ថយអត្រាប្រាក់កម្ចីបានជួយបង្កើនតម្លៃអង្ករ ដែលបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុន ។
អ្នកស្រីPham Thi Huan នាយកក្រុមហ៊ុនBa Huan Co Ltd នៅទីក្រុងហូជីមិញនិយាយថា អ្នកស្រីរំភើបរីករាយចំពោះការកាត់បន្ថយអត្រាប្រាក់កម្ចី ។ ការកាត់បន្ថយនេះនឹងលើកទឹកចិត្តសហគ្រាសជាច្រើនដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម តួយ៉ាងដូចជាក្រុមហ៊ុនរបស់អ្នកស្រីដែលវិនិយោគគ្រឿងចក្រទំនើបនិងបំពាក់បច្ចេកវិទ្យាថ្មីជាមួយសង្វាក់ផលិតកម្ម ។
អ្នកជំនាញខាងធនាគារនិយាយថា ការទម្លាក់អត្រាកាប្រាក់គឺជាបំណងរបស់ធនាគារកណ្តាលដើម្បីលើកទឹកចិត្តសហគ្រាសនានាក្នុងការយកកម្ចីបន្ថែមដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កើនសេដ្ឋកិច្ច ។ អត្រាប្រាក់កម្ចីសម្រាប់គាំទ្រឧស្សាហកម្ម និងការនាំចេញនៅវៀតណាមនៅតែខ្ពស់ បើធៀបនឹងអត្រាការប្រាក់នៅក្នុងប្រទេសផ្សេងទៀត ដែលធ្វើឲ្យវាលំបាកសម្រាប់សហគ្រាសក្នុងស្រុកមួយចំនួនក្នុងការប្រកួតប្រជែង ។ យ៉ាងណាក៏ដោយ សហគ្រាសនិងកសិករជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះនីតិវិធីដែលទាមទារដើម្បីធានាកម្ចីនេះ ៕
ចែករំលែកព័តមាននេះ