អនុរដ្ឋមន្ត្រីការបរទេសចិន លោក XIE HANGSHENG ឱ្យដឹងកាលពីយប់ថ្ងៃទី២៤ មីនា ថា ប្រទេសចិនបានស្នើដល់ម៉ាឡេសុី ផ្តល់បណ្តាទិន្នន័យផ្កាយរណបដែលនាំឱ្យគេសន្និដ្ឋានថា យន្តហោះជើងហោះហើរ MH370 បានបញ្ចប់ការហោះហើរនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ។ ពេលជួបជាបន្ទាន់ជាមួយឯកអគ្គរាជទូតម៉ាឡេសុី ប្រចាំប្រទេសចិន លោកស្កាន់ដា សារូឌីន លោក XIE គូសបញ្ជាក់ថា យើងស្នើដល់អាជ្ញាធរម៉ាឡេសុី បង្ហាញបណ្តាសមាសភាពដែលអាចឱ្យខ្លួនធ្វើការសន្និដ្ឋានបែបនោះ ។ លោកក៏ស្នើផងដែរដល់ម៉ាឡេសុី ផ្តល់រាល់ព័ត៌មាន និងបណ្តាសមាសភាពនៃភស្តុតាងទាក់ទិនដល់ការវិភាគបណ្តាទិន្នន័យផ្កាយរណប ។
លោក XIE ស្នើដល់ម៉ាឡេសុី ឱ្យបន្តប្រតិបត្តិការតាមរុករកយន្តហោះដែលដឹកមនុស្ស២៣៩នាក់នោះ ។ អាជ្ញាធរសមុទ្រចិន ប្រកាសកាលពីយប់ថ្ងៃទី២៤ មីនា ថា នឹងបញ្ជូននាវាទាំងឡាយថែមទៀត ទៅកាន់ភាគខាងត្បូងមហាសមុទ្រឥណ្ឌា តាមរក និងស្រង់បំណែកយន្តហោះ ។ ចិនបានបញ្ជូនរួចហើយនូវនាវា៦គ្រឿង ទៅកាន់បណ្តាតំបន់រុករក ។ ពេលជួបជាមួយលោកអុីស្កាន់ដា សារូឌីន លោក XIE ធ្វើការកត់សម្គាល់ថា ចិនផ្តោតការចាប់អារម្មណ៍ខ្លាំងបំផុតចំពោះការប្រកាសរបស់ម៉ាឡេសុី ដែលថាយន្តហោះប៊ូអុីងនោះធ្លាក់ក្នុងមហាសមុទ្រឥណ្ឌា ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ថ្លែងកាលពីថ្ងៃទី២៥ មីនា នៅមុខសភាថា រដ្ឋាភិបាលលោកពុំមានចេតនាលាក់បាំងព័ត៌មានទាំងឡាយដល់បណ្តាសមាជិកគ្រួសារអ្នកដំណើរជិះក្នុងយន្តហោះប៊ូអុីង៧៧៧នោះឡើយ។ ចំណែកប្រទេសអូស្ត្រាលីនិយាយថា រហូតមកទល់ពេលនេះនៅពុំទាន់មានបំណែកណាមួយសង្ស័យជាបំណែកយន្តហោះបាត់ដានត្រូវស្រង់បាននៅឡើយ ។
លោក TONY ABBOTT នាយករដ្ឋមន្ត្រីអូស្ត្រាលី ថ្លែងនាថ្ងៃទី២៥ មីនា ថា រឿងយន្តហោះបាត់ដានម៉ាឡេសុី ចូលដល់ដំណាក់កាលតាមរកស្រង់បំណែក និងស៊ើបអង្កេត ។ ក្នុងសន្និសីទសារព័ត៌មានមួយលោកគូសបញ្ជាក់ថា នោះជាបេសកកម្មមហាលំបាកមួយ និងថាប្រទេសលោកនឹងបន្តផ្តល់ជំនួយជួួយទ្រទ្រង់ និងរួមសហការ ៕
ចែករំលែកព័តមាននេះ