៥ឆ្នាំមុន សារព័ត៌មានចិនធ្វើឱ្យមនុស្សរាប់លាននាក់ភ្ញាក់ផ្អើលតាមរយៈរឿងរ៉ាវបុរសម្នាក់ត្រូវជាប់គុកអស់១១ឆ្នាំ ពីបទសម្លាប់ប្រពន្ធ ។ ថ្ងៃមួយប្រពន្ធដែលអ្នកណាក៏ថាស្លាប់បាត់ទៅហើយនោះ ស្រាប់តែត្រឡប់ទៅផ្ទះវិញក្រឡឺម ទើបបុរសជាប្តីត្រូវដោះលែងឱ្យមានសេរីភាពវិញ ។
ហេតុការណ៍កើតឡើងក្នុងឆ្នាំ១៩៩៤ ។ លោកសុី សៀងលីន និងនាងសាង ជាប្រពន្ធរស់នៅក្នុងខេត្តហឺប៉ី ប្រទេសចិន ។ ដំបូងអ្នកទាំងពីរស្រឡាញ់គ្នាល្អូកល្អិនមានសេចក្តីសុខណាស់ រហូតដល់មានកូនស្រីស្រស់ច្រឡឹកម្នាក់ ។ ប៉ុន្តែលុះដល់កូនស្រីអាយុបាន៧ឆ្នាំ លោកសុី ចាប់ផ្តើមសម្គាល់ឃើញប្រពន្ធខ្លួនប្រែប្រួលខុសធម្មតា ឧស្សាហ៍ដើរ បាត់ៗពីផ្ទះ និងតោះតើយជាមួយចរិតមួម៉ៅខុសរឿងស្ទើររាល់ពេលត្រឡប់មក ផ្ទះ ។ ដំណាក់កាលនោះហើយដែលប្តីប្រពន្ធមួយគូនេះចាប់ផ្តើមតឹងសរសៃកដាក់គ្នាញឹកញាប់ ។
បរិយាកាសអាប់អួពីមួយថ្ងៃទៅមួួយថ្ងៃ គួបផ្សំនឹងការលំបាកខាងសេដ្ឋកិច្ចជាប្រចាំផង រឹតតែធ្វើឱ្យគ្រួសារលោកសុី ដែលក្រីក្រស្រាប់ កាន់តែធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺនថែមទៀត រហូតដល់យប់មួយពួកគេឈ្លោះគ្នាបែកផ្សែង ឈ្លោះតាំងពីក្បាលព្រលប់រហូតដល់អធ្រាត្រទើប ឈប់ ។ លុះព្រឹកឡើង អ្នកស្រុកលែងឃើញវត្តមាននាងសាងដូចសព្វដង ។
លោកសុី និយាយថា ក្រោយឈ្លោះគ្នាមួយសន្ទុះប្រពន្ធចុះចេញពីផ្ទះទាំងយប់ពុំដឹងទៅណាទេ ។ ដោយហេតុនាងសាង មិនធ្លាប់ចោលផ្ទះយូរ ឥឡូវស្រាប់តែបាត់ខ្លួនទាំងយប់ ហើយបាត់យូរទៀត អ្នកស្រុកចាប់ផ្តើមសន្និដ្ឋាន ប្លែកៗ ។ អ្នកខ្លះសង្ស័យស្ត្រីរូបនេះរត់តាមសហាយចោលប្តី ចោលកូន ។ អ្នកខ្លះទៀតសង្ស័យនាងចេញពីផ្ទះទាំងយប់ដើរម្នាក់ឯងត្រូវជនទុច្ចរិតចាប់យកទៅលក់ ។ លុះពេលវេលាកន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មួយខែកន្លងផុត នៅតែអត់ឃើញនាងត្រឡប់មកវិញ អ្នកស្រុកក៏ប្តឹងប៉ូលិសមូលដ្ឋាន ។ ពេលប៉ូលិសចុះស្រាវជ្រាវដល់កន្លែងកើតហេតុ អ្នកស្រុករាយការណ៍ថា មុនពេលនាងសាង បាត់ខ្លួន ប្តីប្រពន្ធលោកសុីទាស់គ្នាបែកផ្សែង តាំងពីក្បាលព្រលប់រហូតដល់ពាក់កណ្តាលអធ្រាត្រ រួចហើយក៏គ្មានអ្នកណាឃើញនាងសាង ចាប់ពីពេលនោះមក ។ មិននឹកស្មានថា សេចក្តីរាយការណ៍របស់អ្នកស្រុកធ្វើឱ្យប៉ូលិសសង្ស័យនាងសាង ត្រូវប្តីសម្លាប់, គឺពេលជជែកគ្នាក្រពុលមុខនោះ ប្តីទប់អារម្មណ៍មិនបានក៏ជ្រុលដៃសម្លាប់ប្រពន្ធ ។
បីខែក្រោយនៅតែគ្មានដំណឹងអ្វីពីប្រពន្ធរបស់ខ្លួនដដែល សុី សៀងលីន គិតថា នាងប្រហែលទៅរកទ្រនំថ្មី លែងវិលវិញរហូត ហើយ ។ គេខំកាត់ចិត្តប្រឹងប្រែងធ្វើការរកសុីចិញ្ចឹមកូនម្នាក់ឯង ។ ធ្វើម៉េចបើខ្លួនក្រ ពុំអាចផ្តល់សុភមង្គលខាងសេដ្ឋកិច្ចដល់នាងបាន នាងដាច់ចិត្តរកទ្រនំថ្មីក៏ទៅចុះ ។ ប៉ុន្តែខណៈលោកសុី កំពុងព្យាយាមកាត់ចិត្ត កាត់ថ្លើម ស្រាប់តែថ្ងៃមួយប្អូនប្រុសរបស់ខ្លួនមកប្រាប់ថា គេឃើញសពស្ត្រីម្នាក់នៅមាត់ជ្រោះ តែមិនអាចសម្គាល់ភិនភាគបានទេ ព្រោះរលេះរលួយសល់តែឆ្អឹង, តាមមើលប្រហែលស្លាប់ច្រើនខែហើយ ។ ប៉ូលិសសន្និដ្ឋានថា សពនោះជាសពនាងសាង ដែលបាត់ពីផ្ទះកាលប៉ុន្មានខែមុន ហើយជនដៃដល់គ្មានអ្នកណាក្រៅពីប្តីរបស់ខ្លួនឡើយ ។ ចំណែកលោកសុី វិញ នៅពេលឮគេសង្ស័យសពស្ត្រីសល់តែឆ្អឹងនោះជាសពប្រពន្ធរបស់ខ្លួន គេបានត្រឹមតែសើចនិយាយថា នេះជាការស្មាន ឡប់ៗរបស់អ្នកទំនេរពេកដើរតែនិយាយផ្តេសផ្តាស ។ លោកសុី មិនជឿដាច់ខាតថាជាសពប្រពន្ធខ្លួន ។ ប៉ុន្តែជាការស្មានមិនដល់ ស្រាប់តែប៉ុន្មានថ្ងៃក្រោយប៉ូលិសចាប់ដល់ផ្ទះ ។
ថ្វីបើបដិសេធដាច់អហង្ការ និងស្រែករកយុត្តិធម៌យ៉ាងណាក៏ដោយ សុី សៀងលីន ពុំអាចរកអ្នកណាជួយបានទេ ។ គេរងទារុណកម្មធ្ងន់រហូតដល់ទ្រាំឈឺចាប់លែងរួច យល់ព្រមចុះហត្ថលេខាលើចម្លើយដែលគេសរសេរហើយស្រាប់ថាខ្លួនបានជ្រុលដៃសម្លាប់ប្រពន្ធ ពេលទាស់គ្នាខ្លាំងក្នុងយប់នោះមែន ។ តុលាការយោងលើចម្លើយសារភាពនោះ កាត់ទោសដាក់ពន្ធនាគារលោកសុី ១៥ឆ្នាំ ។ ពេលនោះគ្មានអ្នកណាអាណិតបុរសម្នាក់នេះទេ មានតែត្រេកអរដែលគេជាប់គុក ។
គ្រួសារសុី សៀងលីន ក្រឡាប់ចាក់ទាំងស្រុងចាប់ពីពេលនោះមក ។ ម្តាយចាស់ជរារបស់លោកសុី ឈឺចាប់ពេកធ្លាក់ខ្លួនឈឺធ្ងន់ ដេកស្តូកមួយកន្លែងរហូតដល់ស្លាប់ក្នុងរយៈពេលយ៉ាង ខ្លី ។ ចំណែកកូនស្រីលោកសុី ដែលត្រូវបាត់ទាំងម្តាយបាត់ទាំងឪពុក លែងមានឱកាសបានរៀនសូត្រ ។ ពេលអាយុ១៣ឆ្នាំ នាងតាមឪពុកមាទៅធ្វើសំបុត្រក្លែងក្លាយបង្គ្រប់អាយុ ដើម្បីចេញទៅសុីឈ្នួលគេចិញ្ចឹមជីវិតបាន ។
ប្រការដែលគ្មានអ្នកណានឹកស្មានដល់បានកើតឡើង គឺបន្ទាប់ពីសុី សៀងលីន ជាប់គុកបាន១១ឆ្នាំ ស្រាប់តែប្រពន្ធឈ្មោះសាង ត្រឡប់មកវិញក្រឡឺម ។ តាមពិតស្ត្រីឈ្មោះសាង ក្បត់ចិត្តប្តីតាំងពីយូរ ដោយលួចស្រឡាញ់បុរសធូរធារម្នាក់ ។ នាងធុញទ្រាន់ជីវិតតោកយ៉ាកជាមួយលោកសុី ក៏លួចទាក់ទងប្រុសផ្សេងដែលធូរធារជាង ដោយនិយាយកុហកប្រុសនោះពីស្រុកកំណើតពិតប្រាកដរបស់ខ្លួន ក៏ដូចជាលាក់ជីវិតខ្លួនមានប្តីមានកូន ។ យប់ដែលឈ្លោះគ្នាបែកផ្សែងជាមួយលោកសុី នាងចុះចេញពីផ្ទះរត់ទៅរកប្រុសថ្មីនោះ ហើយរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ ។
មុនពេលនាងសាង បង្ហាញខ្លួន មានស្ត្រីម្នាក់ប្រាប់ប៉ូលិសថា ធ្លាប់ឃើញនាងសាងម្តង, តាមពិតនាងសាងនៅរស់អត់ស្លាប់ទេ ប៉ុន្តែសម្តីស្ត្រីនោះកុំថាឡើយប៉ូលិស សូម្បីអ្នកស្រុកក៏គ្មានអ្នកណាជឿដែរ ។
ការបង្ហាញខ្លួនរបស់ស្ត្រីឈ្មោះសាង ធ្វើឱ្យមានការភ្ញាក់ផ្អើកពេញភូមិស្រុក ខណៈសុី សៀងលីន ត្រូវបានដោះលែងពីពន្ធនាគារភ្លាមដែរ ព្រមទាំងបានទទួលសំណងក្រាស់ក្រែលគួរសម។ សុី សៀងលីន និយាយថា ខ្លួនមិនខឹងប្រពន្ធទេ ព្រោះបើនាងមិនមកទាន់ពេលវេលា ជីវិតខ្លួនពុំដឹងទៅជាយ៉ាងណាទៀត ហើយឈ្មោះអាក្រក់ជាឃាតករសម្លាប់ប្រពន្ធខ្លួនឯង នឹងតោងជាប់ប្រាណរហូតដល់ថ្ងៃស្លាប់ ៕
ចែករំលែកព័តមាននេះ