សហរដ្ឋអាមេរិក ៖ លោក Joe Kent នាយកមជ្ឈមណ្ឌលជាតិប្រឆាំងនឹងភេរវកម្មរបស់សហរដ្ឋអាមេរិក (NCTC) ដែលជាទាហានមួកបៃតងចូលនិវត្តន៍ និងជាអ្នកគាំទ្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ តាំងពីយូរមកហើយនោះ បានថ្លែងថា លោកបានលាលែងពីតំណែងនាយក NCTC កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយសារសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ នេះបើតាមប្រភពពីសារព័ត៌មាន NBC បានចេញផ្សាយ។
លោក Joe Kent បានបញ្ជាក់ក្នុងសារមួយលើបណ្តាញទំនាក់ទំនងសង្គម X ថា «ខ្ញុំមិនអាចគាំទ្រដោយមនសិការល្អរបស់ខ្លួន ចំពោះសង្គ្រាមដែលកំពុងតែបន្តនៅអ៊ីរ៉ង់បាននោះទេ។ អ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងដល់ប្រទេសជាតិរបស់យើងទេ។ វាច្បាស់ណាស់ថា យើងបានចាប់ផ្តើមសង្គ្រាមនេះ ដោយសារសម្ពាធពីអ៊ីស្រាអែល និងក្រុមអ្នកតំណាងអាមេរិកដ៏មានឥទ្ធិពល»។
នាយក NCTC ដែលត្រួតពិនិត្យលើការស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលអាមេរិកលើការគំរាមកំហែងភេរវកម្មដដែលរូបនេះ បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់លោក ប្រធានាធិបតី ត្រាំ ដែលបានបង្ហោះលើបណ្តាញសង្គម X ថា លោកគាំទ្រតម្លៃការដឹកនាំអាណត្តិដំបូងរបស់លោក ត្រាំ ។
ប៉ុន្តែលោកបន្ថែមថា លោក ត្រាំ ទទួលឥទ្ធិពលដោយខុសឆ្គងពីអ៊ីស្រាអែល ហើយលោកក៏មិនអាចគាំទ្រការបញ្ជូនមនុស្សជំនាន់ក្រោយឱ្យទៅប្រយុទ្ធ និងស្លាប់ក្នុងសង្គ្រាមដែលមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាមេរិក ក៏ដូចជាភាពភាពមិនត្រឹមត្រូវនៃការលះបង់អាយុជីវិតរបស់ជនជាតិអាមេរិក។
យ៉ាងណាមិញ សេតវិមានបានបដិសេធការរិះគន់របស់លោក Kent ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានលើកឡើងនៅលើបណ្តាញសង្គមវិញថា លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់លាស់ លោកក៏មានភស្តុតាងដ៏រឹងមាំ និងគួរឱ្យជឿជាក់ថា អ៊ីរ៉ង់នឹងវាយប្រហារសហរដ្ឋអាមេរិកមុន។ ការសម្រេចចិត្តនេះ បានគិតគូរពីការពិតដែលថា អ៊ីរ៉ង់ឧបត្ថម្ភដល់អំពើភេរវកម្ម ការសម្លាប់ជនជាតិអាមេរិក កម្មវិធីមីស៊ីលផ្លោងដែលបម្រើជាខែលសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយបន្ទាប់ពីពិនិត្យឡើងវិញដោយប្រុងប្រយ័ត្ននូវព័ត៌មានទាំងអស់នៅចំពោះមុខ លោកប្រធានាធិបតី ត្រាំ បានសន្និដ្ឋានថា របបអ៊ិស្លាមនិយមភេរវករនៅអ៊ីរ៉ង់បានបង្កការគំរាមកំហែងភ្លាមៗ ហើយលោកបានចាត់វិធានការដោយផ្អែកលើការសន្និដ្ឋាននោះ។
សូមជម្រាបថា លោក Joe Kent បានបម្រើការនៅក្នុងកងកម្លាំងពិសេសកងទ័ពអាមេរិក ដោយបានអនុវត្តការដាក់ពង្រាយប្រយុទ្ធចំនួន១១ដង អំឡុងពេលអាជីពរយៈពេល ២០ ឆ្នាំ ហើយក្រោយមកបានផ្លាស់ទៅធ្វើការនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA។ ភរិយារបស់លោក គឺលោកស្រី Shannon Kent ដែលជាអ្នកជំនាញខាងកិច្ចការសម្ងាត់កងទ័ពជើងទឹកអាមេរិក បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកភេរវកម្មនៅស៊ីរីក្នុងឆ្នាំ ២០១៩៕
ចែករំលែកព័តមាននេះ