លោក ត្រាំ ព្រមាន NATO ហើយចង់ពន្យារពេលទៅចិន ដោយសាររឿងមិនជួយបើកច្រកហ័រមូស
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ ណាតូ (NATO) អំពីអនាគតដ៏អាក្រក់មួយ ប្រសិនបើសម្ព័ន្ធមិត្តមួយនេះ មិនជួយបើកច្រកសមុទ្រហ័រមូស (Hormuz) ហើយលោកក៏បាននិយាយថា លោកអាចនឹងពន្យារពេលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ផងដែរ។ នេះបើតាមប្រភពពី Reuters, BBC និង Chosun ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ឆ្លើយឆ្លងនៅក្នុងកិច្ចសម្ភាសជាមួយកាសែត Financial Times កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោក ត្រាំ បានប្រាប់កាសែតចក្រភពអង់គ្លេសនេះថា «បើមិនមានការឆ្លើយតប ឬជាការឆ្លើយតបអវិជ្ជមាន ខ្ញុំគិតថាវានឹងអាក្រក់ខ្លាំងណាស់សម្រាប់អនាគតរបស់អង្គការ NATO»។ លោកបានបន្ថែមថា «យើងមិនចាំបាច់ជួយពួកគេជាមួយអ៊ុយក្រែននោះទេ។ អ៊ុយក្រែនមានចម្ងាយរាប់ពាន់ម៉ាយពីយើង ប៉ុន្តែយើងបានជួយពួកគេ។ ឥឡូវនេះ យើងនឹងឃើញថា តើពួកគេជួយយើងឬអត់។ ពីព្រោះខ្ញុំបាននិយាយយូរមកហើយថា យើងនឹងនៅទីនោះសម្រាប់ពួកគេ ប៉ុន្តែពួកគេនឹងមិននៅទីនោះសម្រាប់យើងទេ»។
នៅក្នុងកិច្ចសម្ភាសនោះ លោក ត្រាំ ក៏បានលើកឡើងដែរថា «ខ្ញុំគិតថា ប្រទេសចិនគួរតែជួយដែរ ព្រោះប្រទេសចិនទទួលបានប្រេង ៩០% របស់ខ្លួនពីច្រកសមុទ្រនេះ»។ លោកក៏បានបន្ថែមថា លោកចង់ដឹងអំពីជំហររបស់ទីក្រុងប៉េកាំង មុនពេលដំណើរទស្សនកិច្ចទៅកាន់ទីនោះដែលបានគ្រោងទុក ហើយលោកមិនបដិសេធពីដំណើរទស្សនកិច្ចនេះអាចពន្យារពេលផងដែរ។ ប្រធានាធិបតីអាមេរិកបានលើកឡើងថា ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីផ្លូវដឹកជញ្ជូនច្រកសមុទ្រហ័រមូស គួរតែជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះ។
គួររំលឹកថា លោក ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានអំពាវនាវដល់ប្រទេសនានាឱ្យបញ្ជូនបណ្តានាវាចម្បាំងរបស់ពួកគេ ដើម្បីជួយបើកច្រកហ័រមូស សម្រាប់ការដឹកជញ្ជូន ខណៈដែលកងកម្លាំងអ៊ីរ៉ង់បន្តវាយប្រហារបណ្តាកប៉ាល់ដឹកជញ្ជូន ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នៅពេលនោះ លោក ត្រាំ ក៏បានប្រកាសថា លោកសង្ឃឹមថា ប្រទេសនានារួមមានទាំង ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស នឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ។
នៅពេលសួរឱ្យបញ្ជាក់ពីជំនួយដែលលោកចង់បានពីប្រទេសនោះ លោក ត្រាំ បានប្រាប់ Financial Times ថា អាចរាប់បញ្ចូលទាំងឧបករណ៍រុករកមីន និងឧបករណ៍យោធាផ្សេងទៀត ដើម្បីទប់ទល់នឹងដ្រូន និងមីនកងទ័ពជើងទឹកអ៊ីរ៉ង់៕



ចែករំលែកព័តមាននេះ