ប្រទេសឥណ្ឌូណេស៊ី ៖ សាច់ញាតិគ្រួសារនិងអាជ្ញាធររាយការណ៍ថា អតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោកBACHARUDDIN JUSUF HABIBIEដែលជាអ្នកនាំឲ្យមានការឆ្លងកាត់មួយរបស់ឥណ្ឌូណេស៊ី ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយការដូលរល៉នៃមេដឹកនាំផ្ដាច់ការលោកស៊ូហារតូ បានទទួលមរណភាពហើយកាលពីយប់ថ្ងៃទី១១កញ្ញាក្នុងជន្មាយុ៨៣ឆ្នាំ។
លោកHABIBIEបានទទួលមរណភាពក្នុងមន្ទីរពេទ្យយោធាមួយនៃទីក្រុងហ្សាការតា ក្រោយពីលោកមានបញ្ហាបេះដូង។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោកJOKO WIDODOបានទៅគោរពវិញ្ញាណក្ខ័ន្ធ អតីតប្រធានាធិបតីរូបនោះជាវិស្វករខាងយន្តហោះ ដោយលោកចាត់ទុកជាអ្នកវិទ្យាសាស្ត្រកំពូលនិងជាបិតានៃបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ី។
កើតក្នុងឆ្នាំ១៩៣៦ក្នុងទីក្រុងតូចមួយ នាភាគខាងត្បូងប្រជុំកោះសេឡែប លោកHABIBIEធ្លាប់សិក្សាខាងការផលិតយន្តហោះនៅប្រទេសអាល្លឺម៉ង់និងនៅហូឡង់ មុនពេលមកកាន់ឥណ្ឌូណេស៊ីវិញក្នុងទសវត្សឆ្នាំ១៩៧០។ លោកស៊ូហារតូបានស្នើឲ្យលោកជួយជម្រុញឧស្សាហូបនីយកម្មរបស់ប្រទេសដ៏ធំនៅអាស៊ីអាគ្នេយ៍នោះ។ រយៈពេលដ៏យូរលោកជាអ្នកដឹកនាំក្រុមហ៊ុនផលិតយន្តហោះរដ្ឋ INDUSTRI PESAWAT TERBANG NUSANTARA បន្ទាប់មកក្នុងរយៈ២០ឆ្នាំជារដ្ឋមន្ត្រីស្រាវជ្រាវនិងបច្ចេកវិទ្យា។
២ខែក្រោយពីលោកស៊ូហារតូតែងតាំងលោកជាអនុប្រធានាធិបតី លោកបានឡើងជាប្រធានាធិបតី ក្នុងឆ្នាំ១៩៩៨ពេលលោកស៊ូហារតូចាកចេញពីអំណាចបន្ទាប់ពីការបះបោរមួយ។ លោកHABIBIEអាចបង្កើតឲ្យមានការឆ្លងកាត់មួយ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសដោយរៀបចំការបោះឆ្នោតនាឆ្នាំបន្ទាប់។
លោកក៏រួមចំណែកដែរក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានស្ថេរភាពឡើងវិញ ក្រោយរងវិបត្តិហិរញ្ញវត្ថុអាស៊ីធ្ងន់ធ្ងរបំផុត ហើយប្រទេសចុះខ្សោយដោយសារអំពើពុករលួយ។ ការសម្រេចចិត្តគួរឲ្យភ្ញាក់ផ្អើលរបស់លោក ឲ្យមានការបោះប្រជាមតិនៅទីម័រខាងកើតស្ដីពីឯករាជ្យភាព បានបើកផ្លូវឲ្យអតីតដែនដីអាណានិគមព័រទុយហ្គាល់នោះ បំបែកខ្លួនផ្ដាច់ចេញពីឥណ្ឌូណេស៊ី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ