ទីក្រុងម៉ូស្គូ៖ បន្ទាប់ពីលោកហ្សេឡិនស្គីភ្ជាប់លក្ខខណ្ឌរង្វាន់ណូបែល និងមីស៊ីលម៉ាកថូម៉ាហក ប្រទេសរុស្ស៊ីបានបញ្ចេញប្រតិកម្មនឹងសំណើនេះ។ រុស្ស៊ីថាអ៊ុយក្រែនធ្វើបែបនេះជាគំនិតទុច្ចរិត។ ការថ្លែងដូច្នេះបន្ទាប់ពីលោកហ្សេឡិនស្គីថ្លែងថាបើសិនលោកត្រាំយល់ព្រមបញ្ជូនមីស៊ីលថូម៉ាហកទៅឱ្យអ៊ុយក្រែន ពេលនោះលោកនឹងជួយនិយាយបញ្ចុះបញ្ចូល (ឡប់ប៊ី -lobby) (គណៈកម្មការរង្វាន់ណូបែល) ដើម្បីផ្ដល់រង្វាន់នេះជូនលោក។
តបទៅនឹងពាក្យសម្ដីនេះ ជំនួយការរបស់វិមានក្រឹមឡាំង លោកយូរី អ៊ូសាកូស (Yuri Ushakov) ចាត់ទុកថានេះជាគំនិតអគតិដូចសត្វតិរច្ឆាន។ ចំពោះសំណួរថាតើរុស្ស៊ីគាំទ្រឱ្យលោកត្រាំទទួលបានរង្វាន់ណូបែលសន្តិភាពដែរឬទេ លោកអ៊ូសាកូសឆ្លើយតបថា «ដោយយោងទៅលើស្ថានការណ៍បច្ចុប្បន្ន យើងនឹងគាំទ្រដូច្នេះប្រសិនបើមានសំណូមពរ»។
លោកអ៊ូសាកូសថ្លែងថាចំណុចដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺការនិយាយបែបឆ្កួតៗរបស់ហ្សេឡីនស្គីដែលចង់បានមីស៊ីលថូម៉ាហកដើម្បីជាថ្នូរនឹងការនិយាយបញ្ចុះបញ្ចូលឱ្យផ្ដល់រង្វាន់ណូបែល។ និយាយម៉្យាងទៀតថាការទទួលបានរង្វាន់សន្តិភាពជាថ្នូរនឹងការផ្ដល់អាវុធ។ នេះជាគំនិតទុច្ចរិតសុទ្ធសាធ។ លោកហ្សេឡិនស្គីថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីមុននេះថាមីស៊ីលថូម៉ាហកដែលមានវង់ប្រតិបត្តិការ១៥០០គីឡូម៉ែត្រនោះបើបាញ់ចេញពីអ៊ុយក្រែនអាចដល់តំបន់ស៊ីបេរី។
ដូច្នេះ វាអាចជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន និងបង្ខំឱ្យរុស្ស៊ីចូលតុចរចា។ លោកបានស្នើសុំមីស៊ីលនេះតាំងពីជំនាន់លោកបៃដិន ប៉ុន្តែបៃដិនមិនព្រមឱ្យ។ លោកត្រាំនិយាយកាលពីថ្ងៃចន្ទថាលោកបានសម្រេចចិត្តជាបណ្ដើរៗហើយនៅក្នុងគម្រោងបញ្ជូន ឬមិនបញ្ជូនមីស៊ីលនេះទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែលោកចង់បានការបញ្ជាក់ពីអ៊ុយក្រែនថាតើនៅពេលពួកគេបានមីស៊ីលនេះហើយ ពួកគេយកទៅធ្វើអ្វី។ រង្វាន់ណូបែលសន្តិភាពពិភពលោកនឹងប្រគល់នៅរាត្រីថ្ងៃសុក្រនេះហើយ។ បេក្ខជនដែលប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រមានចំនួនដប់រូប។ ប៉ុន្តែគ្មានឈ្មោះលោកនេះបើតាមការផ្សាយរបស់ញូស្វីក (Newsweek) , ប៉ូលីទីកូ (Politico) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ