មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាពេលថ្មីៗនេះថា ក្រដាសត្រចៀក គឺជាបំណែកស្តើងនៃជាលិកា ដែលបែងចែករវាងរន្ធត្រចៀកខាងក្រៅ និងត្រចៀកកណ្តាល វាមានតួនាទីយ៉ាងសំខាន់ដោយការបញ្ជូនរំញ័រសំឡេងក្នុងការស្តាប់ ។
ការរហែកក្រដាសត្រចៀក គឺជាការដាច់ធ្លុះបង្កើតជាប្រហោងលើជាលិកានៃក្រដាសត្រចៀក ដែលជាមូលហេតុនៃការបង្ករោគនៅត្រចៀកកណ្តាល ។
១.ការព្យាបាល ការរហែកក្រដាសត្រចៀក ៖
ជាទូទៅ ការដាច់រហែក ឬធ្លុះក្រដាសត្រចៀកអាចជាសះស្បើយដោយខ្លួនឯង ក្នុងរយៈពេលពីរទៅបីសប្តាហ៍ បើការធ្លាយមានទំហំតូច ។ ក្នុងអំឡុងពេលនោះ គ្រូពេទ្យអាចណែនាំ ការព្យាបាលដោយថ្នាំមួយចំនួនដូចជា៖
– ថ្នាំបំបាត់ការឈឺចាប់ ៖ Acetaminophen ឬ Ibuprofen អាចជួយមិនសូវមានការឈឺចាប់។
– ថ្នាំអង់ទីប៊ីយោទិក៖ ប្រសិនបើមានការឆ្លងមេរោគ ឬ បង្ករោគ ដោយគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យថ្នាំបន្តក់ត្រចៀក ឬថ្នាំលេប។
– ការការពារត្រចៀក៖ ជៀសវាងសំលេងខ្លាំងៗ និងរក្សាត្រចៀករបស់អ្នកឱ្យស្ងួតជានិច្ចពិសេសនៅពេលកំពុងព្យាបាល។
២. ការពារការរហែកក្រដាសត្រចៀក៖
ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីការពារការរហែកក្រដាសត្រចៀក៖
– ព្យាបាលការបង្កឬឆ្លងមេរោគ នៅត្រចៀកឲ្យបានត្រឹមត្រូវ ជាពិសេសមុនពេលធ្វើដំណើរ
– ជៀសវាងការប្រើសំឡី ឬវត្ថុផ្សេងទៀតនៅក្នុងរន្ធត្រចៀករបស់អ្នក។
– ធ្វើឱ្យសម្ពាធត្រចៀកស្មើគ្នា អំឡុងពេលធ្វើដំណើរតាមយន្តហោះ ឬពេលប្រែប្រួលសម្ពាធ ដោយការលេប ឬទំពារស្ករកៅស៊ូ។
– ប្រើប្រដាប់ការពារសម្លេងក្នុងត្រចៀក ឬ ពាក់ប្រដាប់គ្រប់ស្លឹកត្រចៀកពីក្រៅ ដើម្បីការពារអំឡុងពេលនៅក្នុងតំបន់មានសម្លេងខ្លាំងៗ។
ទោះជាយ៉ាងណាក៏ដោយប្រសិនបើការរហែកមានទំហំធំ នោះមិនអាចជាសះស្បើយដោយខ្លួនឯង និងមានការហូរទឹកឬ ខ្ទុះជាប់ជាប្រចាំ បូកផ្សំការស្តាប់ធ្លាក់ចុះ សូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ៕
ចែករំលែកព័តមាននេះ