ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឆ្លើយ​តប​ចំពោះ​សារព័ត៌មាន​អន្តរជាតិ​មួយចុះ​ផ្សាយ​ករណី​និស្សិត​កូរ៉េ​ម្នាក់​ស្លា.ប់​នៅ​កម្ពុជា

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឆ្លើយ​តប​ចំពោះ​សារព័ត៌មាន South China Morning Post បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា…

រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឆ្លើយ​តប​ចំពោះ​សារព័ត៌មាន South China Morning Post បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ ថា «​និស្សិត​កូរ៉េ​ខាងត្បូង​ត្រូវ​គេ​ចាប់ពង្រត់​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​ពេល​ឈប់​សម្រាក​នៅ​កម្ពុជា​» ពុំ​មែន​ជា​ការ​ពិត​ឡើយ​។ សមត្ថកិច្ច​កម្ពុជា ពុំ​ទទួល​បាន​ព័ត៌មាន ឬ​បណ្តឹង​ពី​ក្រុម​គ្រួសារ​នៃ​សព ឬ​ក៏​ពី​ស្ថានទូត ដូចដែល​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខាងលើ ដែល​ថា ក្រុម​គ្រួសារ​សព​អះអាង​ថា បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​តាម​រយៈ​ស្ថានទូត និង​នគរបាល​មូលដ្ឋាន​នោះ​ទេ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ សូម​ជម្រាប​ជូន​ដល់​សាធារណជន អ្នក​សារ ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ថា ករណី​និស្សិត​កូរ៉េ​ម្នាក់ ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ រួច​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ដោយ​ទារប្រាក់​ចំនួន ៥០​លាន​វ៉ុ​ន តាម​សារព័ត៌មាន South China Morning Post ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ នេះ គឺជា​ករណី​សមត្ថកិច្ច ប្រទះ​ឃើញ​សព​ដឹក​តាម​រថយន្ត មាន​ទិស​ដៅ​ចុះ​ពីលើ​ភ្នំ​បូកគោ មក​ទីរួមខេត្ត​កំពត នៅ​វេលា​យប់​ម៉ោង​០២​រំលង​អធ្រាត្រ ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ឈ្មោះ PARK MINHO ភេទ​ប្រុស សញ្ជាតិ​កូរ៉េ​ខាងត្បូង កើត​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០០៣ ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច និង​ការ​ធ្វើ​កោសល្យវិច័យ​ជាបឋម ស​.​ព​បាន​ស្លាប់​ដោយសារ រង​ទារុណកម្ម​ធ្ងន់ធ្ងរ ដោយ​មាន​ស្នាម​ជាំ​ឈាម​លើ​រាង​កាយ​ជា​ច្រើន​កន្លែង​។ ករណី​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ភ្លាម​ៗ ចំនួន​០២​នាក់ ដែល​ជា​អ្នក​បើករថយន្ត​ដឹក​ស​.​ព និង​អ្នក​រួម​ដំណើរ ហើយ​បាន​បន្ត​ស្រាវជ្រាវ​កំណត់​ទីតាំង​បាន​មួយ​កន្លែង ដែល​ស​.​ព​មាន​វត្តមាន​មុន​ពេល​ស្លាប់ និង​បាន​ឈាន ទៅ​បង្ក្រាប​ទីតាំង​នោះ ក្រោយ​មាន​សញ្ញាណ​ធ្វើ​សកម្មភាព​អន​ឡាញ​ខុសច្បាប់ ព្រមទាំង​បាន​ដកហូត​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ដែល​ជា​អ្នកគ្រប់គ្រង​អាគារ និង​កំណត់​បាន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ម្នាក់​ទៀត​ឈ្មោះ ហា​យ ភេទ​ប្រុស ជនជាតិ​ចិន អាយុ​ប្រហែល​៣០​ឆ្នាំ បច្ចុប្បន្ន​កំពុង​រត់គេច​ខ្លួន ។

សូម​បញ្ជាក់​ផង​ដែរ សមត្ថកិច្ច​កម្ពុជា ពុំ​ទទួល​បាន​ព័ត៌មាន ឬ​បណ្តឹង​ពី​ក្រុម​គ្រួសារ​សព ឬ​ពី​ស្ថានទូត ដូច​ការ​ចុះ​ផ្សាយ​របស់ South China Morning Post ដែល​ថា គ្រួសារ​ស​.​ព​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍ ជួយ​សង្គ្រោះ​តាម​រយៈ​ស្ថានទូត និង​នគរបាល​មូលដ្ឋាន​នោះ​ទេ ។

សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​សហការ​ជាមួយ​ស្ថានទូត​កូរ៉េ​ខាងត្បូង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រៀបចំ​បែបបទ​នីតិវិធី​ផ្សេង​ៗ និង​កំពុង​បន្ត​ស្រាវជ្រាវ​ជន​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដែល​បាន​រត់គេច​ខ្លួន និង​បក្ខពួក​មក​អនុវត្ត​ទោស​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ