ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹកត្រៀមគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត អន្តរាគមន៍បន្ទាន់ ពេលមាន​គ្រោះទឹកជំនន់ និងរាំងស្ងួត​ឱ្យបានទាន់ពេលវេលា ​

6 ម៉ោង មុន

ខេត្តកណ្ដាល៖ ក្រសួងធនធានទឹក បានត្រៀមគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត ជាច្រើនរយគ្រឿង ដើម្បីអន្តរាគមន៍បន្ទាន់ ពេលមាន​គ្រោះទឹកជំនន់ និងរាំងស្ងួត​ឱ្យបានទាន់ពេលវេលា ​និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក…

ខេត្តកណ្ដាល៖ ក្រសួងធនធានទឹក បានត្រៀមគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត ជាច្រើនរយគ្រឿង ដើម្បីអន្តរាគមន៍បន្ទាន់ ពេលមាន​គ្រោះទឹកជំនន់ និងរាំងស្ងួត​ឱ្យបានទាន់ពេលវេលា ​និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានាព្រឹកថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ​ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមក្រសួង, នៅក្នុងមូលដ្ឋានជម្រកគ្រឿងចក្រនេះ មានអគារការិយាល័យ និងសំណង់ជម្រកគ្រឿងចក្ររបស់នាយកដ្ឋានចំនួនពីរគឺ នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានវិស្វកម្ម។ បច្ចុប្បន្ននេះ គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ ប៊ុលដូហ្ស័រ វ៉ូឡូ សាហ្ស័រ នីវើល័រ រថយន្តបែន រថយន្តជាង រថយន្តដឹកគ្រឿងចក្រ រថយន្តដឹកទឹក រថយន្តសណ្ដោង រថយន្តស្ទូច និងរ៉ឺម៉កសណ្ដោង ជាដើម របស់នាយកដ្ឋានវិស្វកម្មមានចំនួន ១៤១គ្រឿង ក្នុងនោះគ្រឿងចក្រដែលកំពុងប្រើប្រាស់មានចំនួន ១០០គ្រឿង គ្រឿងចក្រសម្រាប់អន្តរាគមន៍ចំនួន ១២គ្រឿង និងគ្រឿងចក្រមិនអាចប្រើបានមានចំនួន ២៩គ្រឿង។

ដោយឡែក នាយកដ្ឋានធារាសាស្ត្រកសិកម្ម មានម៉ាស៊ីនបូមទឹកចល័ត៦៥សេះសម្រាប់អន្តរាគមន៍ចំនួន ១៥គ្រឿង និងអេស្កាវ៉ាទ័រចំនួន ៣គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី​ ក៏បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជំនាញទាំងពីរ ឱ្យបន្តយកចិត្តទុកដាក់លើការងារសម្អាតបរិស្ថាន ការងាររៀបចំការិយាល័យ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញបន្តវេន ការថែរក្សា ការជួសជុល និងការថែទាំគ្រឿងចក្រ ម៉ាស៊ីនបូមទឹកចល័ត សម្ភារបរិក្ខារ និងគ្រឿងបន្លាស់នានា ទាំងថ្មីទាំងចាស់ ប្រកបដោយគុណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាពិសេសការគ្រប់គ្រងទិន្នន័យ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីត្រៀមជាស្រេចសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ ពេលមានគ្រោះធម្មជាតិដូចជា គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ