ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្លែងការណ៍​ពិសេស ស្តី​ពី​សកម្មភាព​ឈ្លានពាន​របស់​ថៃ នៅ​ភូមិ​ព្រៃ​ចាន់ ថ្ងៃ​ទី​១០តុលា​នេះ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ជម្រាប​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ជម្រាប​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១០​និង​៣០​នាទី កងកម្លាំង​សមត្ថកិច្ច​ថៃ ប្រដាប់​ដោយ​ដំបង និង​ខែល ព្រមទាំង​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត បាន​ធ្វើ​សកម្មភាព​រាវ​មីន និង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយដី ដែល​ពួក​គេ​បាន​ព័ទ្ធ​របង​លួស កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ជា​អំពើ​ឈ្លានពាន​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាង​កំរោល និង​យ៉ាង​គ​ឃ្លី​ន​បំផុត តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ថៃ មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ។

សូម​បញ្ជាក់​ថា សកម្មភាព​រាវ​មីន​នេះ ត្រូវ​បាន​កងពលតូច​ថ្មើរជើង នៃ​យោធភូមិ​ភាគ​ទី​៥​កម្ពុជា ស្នើ​ឱ្យ​ផ្អាក ដើម្បី​រង់ចាំ​ការ​បង្កើត​នីតិវិធី​ប្រតិបត្តិ SOP រវាង​ភាគី​ទាំង​ពីរ ប៉ុន្តែ​ភាគី​ថៃ នៅ​តែ​បំពាន​។ សកម្មភាព​រំលោភ​បំពាន នេះ​ទៀត​សោត ត្រូវ​បាន​កត់ត្រា​ដោយ​ក្រុម​អ្នក​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) ដែល​មាន​វត្ត​មាននៅ​ទីនោះ ។

សកម្មភាព​របស់​កងកម្លាំង​សមត្ថកិច្ច​ថៃ គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ ៖
ទី​១. រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ភាគី​ទាំង​ពីរ បាន​ឯកភាព​លើ​បទ​ឈប់​បាញ់​ភ្លាម​ៗ​ដោយ ឥត​លក្ខខណ្ឌ (​ចំណុច​ទី​១ នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ធ្វើ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥) ដែល​មាន​ន័យ​ថា ភាគី​ទាំង​សងខាង​ត្រូវ​រក្សា​ទីតាំង​ដែល​ខ្លួន​ឈរជើង នៅ​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​។

ទី​២. រំលោភ​លើ​ស្មារតី​នៃ​កិច្ចប្រជុំ GBC និង RBC ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ត្រូវ​រក្សា​កម្លាំង​ទ័ព នៅ​ទីតាំង​ដើម​ដែល​ខ្លួន​កាន់កាប់ គិត​ត្រឹម​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ដោយ​មិន​ត្រូវ​មាន​ចល័ត​កងកម្លាំង ដោយ​រួម​ទាំង​ការ​ល្បាត​ផង សំដៅ​ទៅ​កាន់​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត (​ចំណុច​ទី​២ នៃ GBC)​។ ភាគី​ទាំង​ពីរ មិន​ត្រូវ​ប្រើប្រាស់​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​ស៊ី​វិល និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ស៊ី​វិល (​ចំណុច​ទី​៥ នៃ GBC)​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា មិន​ពង្រីក​វិសាលភាព​និង​ទំហំ​នៃ​វិវាទ រួម​បញ្ចូល​ទាំង សកម្មភាព​បង្កហេតុ​របស់​ទាហាន ឬ​ប្រជាជន​ដែល​អាច​នាំ​ឱ្យ​មាន​ភាព​តានតឹង ដូច​ជា សម្ដី​អុជអាល និង​សកម្មភាព របស់​ទាហាន ដែល​ទន្ទ្រាន​ចូល​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត នៅ​ក្រោយ​ពេល ដែល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន នៅ​វេលា​ម៉ោង ១២​កណ្តាលអធ្រាត្រ (​ម៉ោង​ក្នុងស្រុក​) ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ។

ទី​៣. រំលោភ​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ត្រង់​ចំណុច​ទី​២ មាត្រា​៤ នៃ MoU ឆ្នាំ​២០០០ ចែង​ថា «​នៅ​ពេល​បញ្ចប់​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​តំបន់ (Sector) នីមួយ​ៗ អនុស្សរណៈ នៃ​ការ​យោគយល់​គ្ន មួយ​នឹង​ត្រូវ​ចុះហត្ថលេខា ដោយ​សហ​ប្រធាន នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​។ ផែនទី​ដែល​បង្ហាញ​ពី​តំបន់ (Sector) ដែល​បាន​បញ្ចប់​ការងារ​វាស់វែង​និង​ខណ្ឌសីមា​ព្រំដែន ត្រូវ​ចុះហត្ថលេខា​និង​ភ្ជាប់​ជាមួយនឹង​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​នេះ​» ។

ទី​៤. រំលោភ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ សិទ្ធិ​ក្នុង​ការ​ទទួល​បាន​លំនៅ​ឋាន និង​ជីវភាព​សមរម្យ (​មាត្រា ២៥ សេចក្តីថ្លែងការណ៍​ជាស​កល​ស្ដី​ពី​សិទ្ធិ​មនុស្ស និង​មាត្រា ១១ (១) កតិកា​ស​ញ្ញ អន្តរជាតិ​ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​) និង​សិទ្ធិ​លើ​កម្មសិទ្ធិ (​មាត្រា ១៧ សេចក្តីថ្លែងការណ៍​ជាស​កល ស្ដី​ពី​សិទ្ធិ​មនុស្ស​) ដែល​ហាម​ការ​បណ្ដេញ​ជន​ស៊ី​វិល​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ ក្នុង​បរិបទ​នៃ​ជម្លោះ​ប្រដាប់​អាវុធ អន្តរជាតិ (​មាត្រា ៤៩ នៃ​អនុសញ្ញា​ទី​៤ ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៤៩ និង​វិធាន ១២៩ (​ក​) នៃ​ច្បាប់​ទំនៀមទម្លាប់ មនុស្សធម៌​អន្តរជាតិ​) ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​អំពើ​រំលោភ​បំពាន​របស់ អាជ្ញាធរ​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​កម្ពុជា និង​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដែល​មិន​អាច​ទទួលយក​បាន ជា​ពិសេស​ការ​អនុវត្ត​ច្បាប់​ថៃ​មក​លើ​ដែន​អធិបតេយ្យ​ជាតិ​កម្ពុជា ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថៃ​បញ្ឈប់​ទ​ង្វើ​រំលោភ​បំពាន និង​អំពើ​ហិង្សា ទាំង​អស់នេះ​ជា​បន្ទាន់ និង​ទាមទារ​ឱ្យ​ភាគី​ថៃ​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ស្មារតី​នៃ​កិច្ចប្រជុំ GBC និង RBC អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ឆ្នាំ​២០០០ និង​គោលការណ៍​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ច្បាប់ មនុស្សធម៌​អន្តរជាតិ​ជា​ធរមាន ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន របស់​ភាគី​ថៃ​និង​ចាត់វិធានការ​ចាំបាច់​បំផុត​ដើម្បី​បង្ខំ​ឱ្យ​ប្រទេស​នេះ បញ្ឈប់​សកម្មភាព​ឈ្លានពាន​យ៉ាង​គ​ឃ្លី​ន បែប​នេះ​តទៅ​ទៀត មក​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី​ម្ដងទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​មហា​បរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់ខ្ជាប់​គោល​ជំហរ​ច្បាស់លាស់ ក្នុង​ការ​គោរព​និង​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ឈរ​លើ​មូលដ្ឋាន នៃ​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ