រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មកម្ពុជា-អាមេរិក បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។

កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្ថែមទៀត ។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាទទួលបានអត្រាពន្ធគយ បដិការត្រឹម ១៩% ពោល គឺបានចុះពីអត្រាពន្ធគយបដិការដំបូងដែលមានរហូតដល់ ៤៩% ។

លទ្ធផលនៃការ កាត់បន្ថយអត្រាពន្ធគយបដិការនេះ សម្រេចបានបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញដែលបានប្រព្រឹត្តទៅតាមរយៈ ប្រព័ន្ធវីដេអូចំនួន៧លើក និងជួបផ្ទាល់ចំនួន ៣ជុំ ។ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕
ចែករំលែកព័តមាននេះ