ខេត្តកំពង់ស្ពឺ ៖ រថយន្តសណ្តោងទូកុងតឺន័រចំនួន០២គ្រឿងបានបុកគ្នាចំពីមុខយ៉ាងពេញទំហឹង ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ហើយជ្រុលទៅបុកចូលតូបអ្នកលក់ដូរអមផ្លូវជាតិលេខ៤ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក តៃកុងរត់គេចខ្លួនបាត់អស់ ។ ហេតុការណ៍រថយន្តកុងតឺន័របុកគ្នាលើផ្លូវជាតិលេខ៤បានកើតឡើង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨២ទៅលេខ៨៣ ស្ថិតនៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

បើតាមសេចក្ដីរាយការណ៍ពីកំលាំងនគរបាលមូលដ្ឋានថា បង្កឡើងដោយរថយន្ដ០២គ្រឿងបើកបរបញ្ច្រាសទិសដៅគ្នានៅលើកំណាត់ផ្លូវ ដែលកំពុងតែមានធ្លាក់ភ្លៀងខ្លាំងរអិលពេលមេឃកំពុងភ្លៀង ក្នុងនោះ បណ្ដាលឱ្យមានអ្នករងរបួសមួយចំនួនផងដែរ ។ ក្រោយពីទទួលបានព័ត៌មានខាងលើ លោកវសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឱ្យជំនាញចរាចរណ៍ស្រុកភ្នំស្រួចចុះទៅកាន់កន្លែងកើតហេតុឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត រួចជ្រុលទៅបុកកន្លែងលក់ភេសជ្ជៈលើចំណីថ្នល់ជាតិលេខ៤ ។

មុនដំបូងរថយន្ត០១គ្រឿង ម៉ាកហ្វុយសូ( FUSO) ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ3D-0305 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខកណ្តាល4A-0282 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចចេញពីកន្លែងកើតហេតុ)បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីទិសខាងលិចទៅទិសខាងកើត បានបុករថយន្ត០១គ្រឿង ម៉ាកSHACMAN ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ3G-7104 សណ្តោងសឺមីរ៉ឺម៉ក ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ4B-2193 បើកបរដោយឈ្មោះ មោគ ព្រឹកឆៃលី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង។

បន្ទាប់មក រថយន្តម៉ាកហ្វុយសូ(FUSO) បានជ្រុលទៅបុកកន្លែងលក់ភេសជ្ជៈ(បាំងឆ័ត្រ) របស់ឈ្មោះ ប៊ូ តុប ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈតូប(ឆត្រចំនួន០៣ តុ០១ ទូ០១ ភេសជ្ជៈមួយចំនួន)ផងដែរ ។ ហើយអ្នករងរបួសត្រូវដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យអស់ហើយ មិនទាន់ដឹងចំនួនប៉ុន្មាននាក់នោះទេ។

បច្ចុប្បន្ន មធ្យោបាយបង្កហេតុ រថយន្តទាំង០២គ្រឿងនគរបាលស្រុកភ្នំស្រួចបានអូសយកចេញពីកន្លែងកើតហេតុ និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ