រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច ប៉ុន្តែអត់មានកូនសោ ដើម្បីចាក់បញ្ឆេះជិះបាន ក៏អូសម៉ូតូនោះចេញពីក្រោមជណ្ដើរផ្ទះជួលមួយកន្លែងគេចខ្លួន ។ ប៉ុន្តែក្រោយមកខណៈកំពុងអូសបណ្ដើរម៉ូតូនៅតាមផ្លូវ ត្រូវបានម្ចាស់ម៉ូតូដែលជាជាងចាក់សាក់តាមរកឃើញក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលនិងឃាត់ខ្លួនបានប្រគល់ឲ្យនគរបាល ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនោះឈ្មោះតាំង អៀង អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ហើយនៅមុនពេលឃាត់ខ្លួនជននេះស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ដោយឡែកយុវជនដែលជាម្ចាស់ម៉ូតូឈ្មោះសុទ្ធ សុភ័ក្ត្រ អាយុ២៣ឆ្នាំ មុខរបរជាងចាក់សាក់ មានទីលំនៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងសព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងកើតហេតុខាងលើ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម៉ូតូដែលចោរលួចនោះម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខរតនគីរី1E-6037 ហើយនៅមុនពេលកើតហេតុ បុរសជាម្ចាស់ម៉ូតូខាងលើបានទុកម៉ូតូនោះនៅខាងក្រោមជណ្ដើរផ្ទះជួល ។ ប៉ុន្តែមិនហ៊ានធ្វេសប្រហែសនោះទេ យុវជននេះបានយកសោទៅចាក់កង់ និងជន្ទុលម៉ូតូ ព្រមទាំងចាក់សោ កត្រឹមត្រូវផងដែរ បន្ទាប់មកទើបចូលដេកនៅក្នុងបន្ទប់ជួលស្ថិតនៅទល់មុខនោះ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយមកស្រាប់តែជនសង្ស័យខាងលើចូលទៅធ្វើសកម្មភាពឆ្កឹះសោដែលចាក់កង់និងជន្ទុលម៉ូតូ ហើយធាក់បំបាក់សោ ក ម៉ូតូលួចយកបានសម្រេច ប៉ុន្តែដោយសារតែមិនមានឧបករណ៍សម្រាប់កាច់សោ ក ដើម្បីកាច់បំបែកគ្រាប់សោ ទើបមិនអាចបញ្ឆេះជិះបានឡើយ ។ បន្ទាប់មកជនសង្ស័យបានអូសម៉ូតូនោះគេចខ្លួន លុះក្រោយមកម្ចាស់ម៉ូតូក្រោកពីដេកបាត់មិនឃើញម៉ូតូរបស់ខ្លួន ក៏បានតាមរក រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ស្រាប់តែឃើញជនសង្ស័យកំពុងអូសម៉ូតូរបស់ខ្លួននៅតាមផ្លូវក្នុងបុរីសែនសុខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះជនរងគ្រោះក៏ស្រែកឆោឡោនិងឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង លុះក្រោយមកដោយសារតែទីតាំងកើតហេតុនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ទើបប្រគល់ជនសង្ស័យទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសួរនាំនិងចាត់ការបន្តតាមច្បាប់ ៕














ចែករំលែកព័តមាននេះ