ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃហើយ​ចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹង​ប្រែងសម្រេចឲ្យបទឈប់បាញ់ដោយ គ្មានបង្អែរ​បង្អង់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួង​ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សា​អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួង​ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សា​អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

សេចក្តីប្រកាសព័ត៌មានចេញផ្សាយ នៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីឃុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ។

ឯកឧត្តម តេង ស៊ីយុន ក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង​គោក ។ ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការ​ឈប់បាញ់ជា​បន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ា តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី​បានសង្កត់ធ្ងន់លើសារសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញ​លេញនូវក្របខណ្ឌទ្វេភាគី និងយន្តការ ដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧប​ករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាន​នូវដំណោះស្រាយយុត្តិធម៌យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ជាពិសេស ចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងភាពជាអ្នកដឹកនាំ និង​កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ឯកឧត្តម ដើម្បីស្តារសន្តិភាពរវាងប្រទេសទាំងពីរ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាង​ពេញលេញចំពោះបទឈប់បាញ់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ជានិច្ចផងដែរ គោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ។ គោលការណ៍នេះ នៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្រ្តចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ។

ឯកឧត្តម តេង ស៊ីជុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្រប សម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយ​ជម្លោះដោយសន្តិវិធី ។ ឯកឧត្តម តេង ស៊ីជុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូល រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយ​គ្មានបង្អែរបង្អង់និងការវិលត្រឡប់​ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុ​ញ្ញាតឱ្យប្រជាជន​នៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព ។

សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយម​នុស្សធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ