ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំស្នើសុំឱ្យតុលាការចាប់អភិបាលក្រុងស៊ីកាហ្គោ និងអភិបាលរដ្ឋអ៊ីលីណយដាក់គុក។ អ្នកទាំង២ជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យដែលប្រឆាំងនឹងនយោបាយរបស់លោកត្រាំ។ លោកថ្លែងដូច្នេះនៅពេលរដ្ឋាភិ បាលត្រៀមដាក់ពង្រាយទាហាននៅតាមផ្លូវនៃតំបន់ត្រួតត្រារបស់ពួកគេ។
ការអំពាវនាវឱ្យចាប់អ្នកទាំង២ដាក់គុកដោយសារតែពួកគេរិះគន់នយោបាយអន្តោប្រវេសន៍របស់លោកត្រាំ។ ម៉្យាងទៀតការអំពាវនាវនេះក៏ស្របពេលដែលអ្នករិះគន់នយោបាយរបស់លោកត្រាំម្នាក់ទៀតដែលជាអតីតនាយកអែហ្វប៊ីអាយ លោកជេមខូមី (James Comey) ត្រៀមបង្ហាញខ្លួននៅតុលាការពាក់ព័ន្ធនឹងការចោទប្រកាន់ជាច្រើនករណី។
នេះមិនមែនជាលើកទីមួយទេដែលលោកត្រាំអំពាវនាវឱ្យចាប់អ្នកប្រឆាំងនឹងនយោបាយរបស់គាត់ដាក់គុក។ ចាប់តាំងពីគាត់ប្រឡូកនៅក្នុងនយោបាយកាលពីអំឡុងឆ្នាំ២០១៥រហូតមកដល់ពេលនេះ គាត់តែងតែអនុវត្តវិធីនេះជាហូរហែ។ ប៉ុន្តែនៅក្នុងចំណោមអ្នកដែលរងការចោទប្រកាន់ទាំងនោះមានតែលោកខូមីម្នាក់ប៉ុណ្ណោះដែលឡើងតុលាការទៅតាមបំណងប្រាថ្នារបស់លោក។
នៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) លោកត្រាំចោទថាចៅហ្វាយក្រុងស៊ីកាហ្គោ លោកប្រេនដឹន ចនសុន (Brandon Johnson) និងអភិបាលរដ្ឋអ៊ីលីណយ លោកជេប៊ី ព្រីតស្កឺ (JB Pritzker) មិនអាចការពារមន្ត្រីអន្តោប្រវេសន៍ដែលបំពេញភារកិច្ចនៅលើទឹកដីរបស់ពួកគេបានឡើយ។ លោកសរសេររៀបរាប់បន្តទៀតថាគួរចាប់ចៅហ្វាយក្រុងស៊ីកាហ្គោដាក់គុកពីបទអសមត្ថភាពក្នុងការការពារមន្ត្រីអន្តោប្រវេសន៍។ អភិបាលរដ្ឋអ៊ីលីណយក៏ត្រូវចាប់ដាក់គុកដូចគ្នា។
សម្រាប់ពេលនេះ ទាហានរាប់រយនាក់មកពី «ឆ្មាំសន្តិសុខជាតិនៃរដ្ឋតិចសាសន៍» កំពុងប្រមូលផ្ដុំគ្នានៅឯមូលដ្ឋានយោធាមួយកន្លែងក្បែរទីក្រុងស៊ីកាហ្គោក្រោមការជំទាស់ពីអភិបាលក្រុងនេះ, អភិបាលរដ្ឋអ៊ីលីណយ និងចៅហ្វាយក្រុង និងអភិបាលរដ្ឋដទៃទៀតដែលជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យ។ លោកត្រាំថ្លែងថាលោកនឹងបញ្ជូនទាហានទៅរដ្ឋ និងទីក្រុងដទៃទៀត៕
ចែករំលែកព័តមាននេះ