ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំព្រមានជាថ្មីថានឹងដំឡើងពន្ធគយ១០០%បន្ថែមទៀតទៅលើទំនិញរបស់ប្រទេសចិនដោយអនុវត្តចាប់ពីខែវិច្ឆិកាតទៅ។ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមថាអាមេរិកក៏នឹងគ្រប់គ្រងលើការនាំចេញសូហ្វវែ (software) ផងដែរ។ នៅក្នុងការបង្ហោះសារកាលពីថ្ងៃសុក្រ លោកត្រាំរិះគន់វិធានការរបស់ប្រទេសចិននៅសប្ដាហ៍នេះដែលចង់រឹតត្បិតការនាំចេញរ៉ែកម្រ។ លោកចោទប្រកាន់ថាប្រទេសចិនកំពុងបង្ហាញចរិតអមិត្តយ៉ាងខ្លាំងបំផុត និងចង់យកពិភពលោកធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន។
ចំពោះគម្រោងជួបគ្នារវាងលោកត្រាំ និងលោកស៊ីជីនពីងនោះ លោកត្រាំព្រមានថាមើលទៅលោកប្រហែលជាត្រូវលុបចោលគម្រោងនោះវិញហើយ។ លោកថាលោកមិនទាន់សម្រេចចិត្តដាច់ស្រេចថាត្រូវតែលុបចោល ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកមិនដឹងថាគម្រោងជួបគ្នានោះអាចទៅរួច ឬអត់។ ក្រោយមកលោកប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាលោកនឹងធ្វើដំណើរទៅប្រទេសចិន។
ក្រោយពេលលោកត្រាំចេញសេចក្ដីព្រមានដូចខាងលើនេះ តម្លៃភាគហ៊ុននៅផ្សារមូលប័ត្រចាប់ផ្ដើមធ្លាក់ចុះព្រឹបៗតែម្ដង។ ភាគហ៊ុនរបស់ S&P 500 ធ្លាក់ចុះ២,៧%។ សព្វថ្ងៃនេះ ប្រទេសចិនគ្រប់គ្រងច្រើនជាងគេនូវរ៉ែកម្រ និងវត្ថុធាតុដើមសំខាន់ៗដទៃទៀតដែលមានសារៈសំខាន់សម្រាប់ផលិតរថយន្ត ស្មាតហ្វូន និងទំនិញជាច្រើនមុខ។
កាលពីពេលប្រទេសចិនបិទការនាំចេញរ៉ែកម្រទៅលក់នៅអាមេរិក ក្រុមហ៊ុនអាមេរិកខ្លះជួបការលំបាកយ៉ាងខ្លាំងដល់ថ្នាក់បិទទ្វារ ឧទាហរណ៍ដូចជាក្រុមហ៊ុនផលិតរថយន្តហ្វតជាដើម។ ក្រៅពីរឹតត្បិតលើការនាំចេញរ៉ែកម្រ ប្រទេសចិនក៏ចាប់ផ្ដើមចាត់វិធានការក្ដៅទៅលើក្រុមហ៊ុនរបស់អាមេរិកផងដែរពាក់ព័ន្ធនឹងការរកស៊ីផ្ដាច់មុខ ឧទាហរណ៍ចិនស៊ើបអង្កេតក្រុមហ៊ុនអាមេរិកឈ្មោះខ្វលខូម (Qualcomm)។
ប្រទេសចិនក៏ត្រៀមចាត់វិធានការដទៃទៀតទៅលើអាមេរិកដូចជាគិតតម្លៃថ្មីសម្រាប់កប៉ាល់នានាដែលមានទំនាក់ទំនងជាមួយអាមេរិក ហើយដែលត្រូវចូលចតនៅកំពង់ផែចិន។ ក្នុងនោះមានដូចជាកប៉ាល់ដែលជារបស់ក្រុមហ៊ុនអាមេរិក ឬបើកប្រតិបត្តិការដោយក្រុមហ៊ុនអាមេរិក។ លោកត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាព្រឹត្តិការណ៍ចម្លែកៗកំពុងកើតឡើងនៅប្រទេសចិនហើយ។ ពួកគេប្រកាន់ចរិតអមិត្តយ៉ាងខ្លាំងបំផុត។
សព្វថ្ងៃនេះ ចិន និងអាមេរិកនៅមានជម្លោះពាណិជ្ជកម្មនឹងគ្នានៅឡើយទេ។ គ្រាន់តែថានៅសម័យអន្តរកាលនេះ ប្រទេសទាំង២យល់ព្រមបន្ធូរបន្ថយភាពតានតឹងមួយគ្រាៗតាមរយៈការពន្យារពេលអនុវត្តការដំឡើងពន្ធ។ ប៉ុន្តែពន្ធមូលដ្ឋាន១០%នៅតែបន្តយកជាធម្មតា។ ក្រុមការងារអាមេរិក និងចិនបានជួបគ្នាជាហូរហែដើម្បីពិភាក្សាអំពីការទិញ-លក់បណ្ដាញទីកតុក, ផលិតផលកសិកម្ម និងរ៉ែកម្រ។ គណៈប្រតិភូប្រទេសទាំង២ត្រៀមជួបគ្នាជាថ្មីនៅនៅកូរ៉េខាងត្បូង។ នេះបើយោងតាមការផ្សាយរបស់ប៊ីប៊ីស៊ី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ