រាជធានីភ្នំពេញ ៖ ព្រះអគ្គីបានឆាបឆេះពិដានបន្ទប់ជាន់ទី២នៃឱសថស្ថាននាគព័ន្ធកំបូល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ដែលសង្ស័យបណ្ដាលមកពីហេតុការណ៍ឆ្លងចរន្តអគ្គិសនី ហើយភ្លាមៗនោះ មានរថយន្តពន្លត់អគ្គិភ័យ៥គ្រឿងចេញទៅអន្តរាគមន៍ពន្លត់ ប៉ុន្តែពេលទៅដល់បាញ់ទឹកអស់១រថយន្តក៏រលត់ទៅវិញ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅចំណុច«ឱសថស្ថាននាគព័ន្ធកំបូល» ផ្ទះលេខ៣០ ផ្លូវថ្មី៩M ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ឱសថស្ថានខាងលើជាប្រភេទសំណង់ផ្ទះល្វែងជញ្ជាំងឥដ្ឋ ប្រក់សង្ក័សីទំហំទទឹង៤ម៉ែត្រ បណ្ដោយ១២ម៉ែត្រ កម្ពស់២ជាន់ ដែលមានម្ចាស់ឈ្មោះ ពៅ ប៉ូនីន ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើនោះ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យមានការឆេះពិដានបន្ទប់ជាន់ទី២នៃឱសថស្ថាន នោះ និងមានផ្សែងហុយចេញក្រៅ តាមបង្អួច ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីឲ្យជួយអន្តរាគមន៍នាំយករថយន្តពន្លត់អគ្គិភ័យចេញទៅបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះនោះ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយទទួលបានដំណឹងនេះភ្លាម អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូលក៏បានចេញអន្តរាគមន៍ភ្លាមៗ ដោយឡែករថយន្តពន្លត់អគ្គិភ័យបានទៅដល់ជាបន្តបន្ទាប់ចំនួន៥គ្រឿង ។ ប៉ុន្តែខណៈនោះបាញ់ទឹកពន្លត់អស់១រថយន្តចំណុះ៨ម៉ែត្រគូប ក៏រលត់ទៅវិញទាំងស្រុង ហើយបន្ទប់ខាងលើរួមជាមួយសម្ភារៈនានាបានរងការខូចខាត តែពុំបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ៕






ចែករំលែកព័តមាននេះ